Monday, 29 August 2016

បុណ្យ​គម្រប់​១០០​ថ្ងៃ​ឃាតកម្ម​លើ​លោក កែម ឡី គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​តុលា


ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦​


លោកបណ្ឌិត កែម ឡី កាលពីកន្លងទៅ​


សមាជិកគណៈកម្មការបុណ្យលោកបណ្ឌិត កែម ឡី បានថ្លែងនៅថ្ងៃនេះថា គណៈកម្មការបុណ្យគ្រោងនឹងរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ សម្រាប់លោកបណ្ឌិត កែម ឡី នៅពាក់កណ្ដាលខែតុលាខាងមុខ។

លោក សៅ កុសល សមាជិកម្នាក់នៃគណៈកម្មការបុណ្យ បានថ្លែងប្រាប់វីអូឌីតាមទូរស័ព្ទថា ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ គ្រោងនឹងរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៧ ខែតុលាខាងមុខ នៅឯវត្តចាស់ ជាទីដែលសពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ធ្វើបុណ្យអស់រយៈពេល ២សប្ដាហ៍ និងនៅភូមិកំណើតរបស់លោក ជាទីបញ្ចុះសពលោក។

លោក សៅ កុសល ថ្លែងថា៖ «យើងគ្រោងរៀបចំពិធីបុណ្យពីរថ្ងៃនៅឯវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ហើយនៅព្រឹកថ្ងៃទី១៦ ខែតុលា យើងគ្រោងដង្ហែរូបសំណាក់លោកបណ្ឌិត កែម ឡី ធ្វើពីស្ពាន់ ឆ្ពោះទៅទីបញ្ចុះសពនៅឯស្រុកកំណើតរបស់លោក»។

លោកបានប្រាប់ថា សម្រង់សម្ដីសំខាន់ៗរបស់លោកបណ្ឌិត កែម ឡី នឹងត្រូវបានប្រមូលទុក ដើម្បីរំលឹកឡើងវិញ នៅអំឡុងពិធីបុណ្យនោះ ដែលត្រូវបានគេរំពឹងថា នឹងមានមហាជនច្រើនចូលរួមនាពេលនោះ។



បើតាមលោក សៅ កុសល គណៈកម្មការបុណ្យនឹងធ្វើសេចក្ដីសម្រេចរួមមួយនៅថ្ងៃទី៣១ ខែសីហានេះ មុននឹងបញ្ជូនពាក្យស្នើសុំទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីរៀបចំពិធីបុណ្យ និងការដង្ហែរូបសំណាក់កម្ពស់ ១.៧៥ម៉ែត្រនោះ។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក នៅក្នុងម៉ាតមួយកន្លែង ស្ថិតនៅម្ដុំស្តុបបូកគោ។

សពលោកបណ្ឌិត កែម ឡី ត្រូវបានមហាជនរាប់ម៉ឺននាក់ ដង្ហែចេញពីវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា យកទៅបញ្ចុះនៅឯស្រុកកំណើតរបស់លោក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងមក។

ទោះបីជាខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្នុងថ្ងៃបាញ់ប្រហារនោះក៏ដោយ ប៉ុន្តែ លទ្ធផលនៃការស៊ើបអង្កេតការបាញ់ប្រហារអ្នកវិភាគរូបនេះ មិនត្រូវបានសមត្ថកិច្ចបង្ហាញដល់សាធារណជននៅឡើយរហូតមកដល់ពេលនេះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

No comments: