Wednesday, 3 August 2016

បក្ស​សង្គ្រោះ​ជាតិ​សាទរ​ចំពោះ​ទស្សនៈ​នយោបាយ​ថ្មី​របស់​ប្រមុខ​រដ្ឋាភិបាល


ដោយ​ សុ ជីវី
2016-08-02

អេង ឆៃអ៊ាង ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង (រូប​កណ្ដាល​កាន់​មេក្រូ) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth


គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ចំពោះ​ការ​បង្ហាញ​ទស្សនៈ​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ទំនង​សំដៅ​ដល់​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ជំហរ​របស់​លោក​ទៅ​លើ​វៀតណាម។

បើ​ទោះបី​ជា​មិន​បាន​បញ្ជាក់​ច្បាស់​ថា សំដៅ​ដល់​ទស្សនៈ​នយោបាយ​របស់​លោក ហ៊ុន សែន ទៅ​លើ​វៀតណាម​ក្ដី មន្ត្រី​គណបក្ស​ប្រឆាំង និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល លោក អេង ឆៃអ៊ាង លើក​ឡើង​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ថា ការ​បង្ហាញ​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ជា​រឿង​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ខុស​ពី​ពលរដ្ឋ​ទូទៅ​ដែរ និង​បន្ត​តាមដាន​រឿង​នេះ។



លោក អេង ឆៃអ៊ាង លើក​ឡើង​ទៀត​ថា ដើម្បី​អោយ​នយោបាយ​ការបរទេស​របស់​កម្ពុជា ខ្លាំង ចាំបាច់​ណាស់​ដែល​កម្ពុជា ត្រូវ​រួបរួម​គ្នា៖ «ទស្សនៈ​នេះ​គឺ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​​កំពុង​តែ​តាម​ឃ្លាំមើល។ បើ​សិន​ជា​ទស្សនៈ​នយោបាយ​នេះ ​ជា​ការ​ពិត គឺ​ប្រជាពលរដ្ឋ​ខ្មែរ​អបអរសាទរ​​រីករាយ។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចូលរួម​អបអរសាទរ​​​ដែរ តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ដើម្បី​អោយ​ខ្មែរ​ខ្លាំង​ទាំង​នៅ​លើ​នយោបាយ​ថ្នាក់ជាតិ ទាំង​ឆាក​អន្តរជាតិ ទាល់​តែ​ខ្មែរ​មាន​ការ​ឯកភាព​ជាតិ​ពិត​​ មាន​ការ​បង្រួបបង្រួម​ជាតិ​ពិត។ ដូច្នេះ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​​អោយ​គ្រប់​ភាគី​ទាំង​អស់​គឺ​ជជែក​គ្នា ពិភាក្សា​គ្នា​ធ្វើ​យ៉ាង​ណា​អោយ​ខ្មែរ​ឯកភាព​គ្នា​ទៅ ​ពេល​នោះ​យើង​មាន​ជំនឿ​ថា ខ្មែរ​មាន​នយោបាយ​ការបរទេស​ខ្លាំង នយោបាយ​ក្នុង​ប្រទេស​ក៏ខ្លាំង»។

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា អះអាង​ថា វៀតណាម មិន​មែន​ជា​ចៅហ្វាយ​របស់​លោក​នោះ​ឡើយ។ លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​វៀតណាម បាន​ចូល​សរសេរ​បញ្ចេញ​មតិ (Comment) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា លោក ហ៊ុន សែន ក្បត់​វៀតណាម។

លោក ហ៊ុន សែន ​ឆ្លើយ​តប​ថា លោក​ជា​មេ​ដឹកនាំ​ដែល​មាន​ឯករាជ្យ អធិបតេយ្យភាព មាន​ទំនាក់ទំនង​ជាមួយ​មេ​ដឹកនាំ​វៀតណាម ដោយ​ស្មើ​ភាព និង​ស្មើ​សិទ្ធិ។ លោក ហ៊ុន សែន ក៏​ផ្ដែផ្ដាំ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ឈ្មោះ ហ្វាម ឌឹក ហៀង (Pham Duc Hien) អោយ​បញ្ជូន​សារ​នេះ​ទៅ​កាន់​មេ​ដឹកនាំ​វៀតណាម ឲ្យ​បាន​ដឹង​ផង បើ​គេ​នោះ​ជា​ជនជាតិ​វៀតណាម ត្រឹមត្រូវ​មែន៕

No comments: