Friday, 23 September 2016
ឧទ្ធរណ៍តម្កល់ទោសព្យួរ ១ ឆ្នាំដល់សកម្មជនអារ៉ែង
លោកវ៉ែន វ៉ន (ខាងស្តាំ) តំណាងសហគមន៍អារ៉ែងពេលបញ្ជូនទៅសវនការ។ រូបថត សហការី
ppp
Thu, 22 September 2016
គឹម សារុំ
ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសសាលដីកាតម្កល់ទោសព្យួរ ១ ឆ្នាំដល់សកម្មជនអារ៉ែងលោក វ៉ែន វ៉ន នៅដដែលក្នុងបទចោទប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទលុបបំបាត់វត្ថុតាងបន្ទាប់ពីបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ៩ ខែកញ្ញាថ្មីកន្លងមកនេះ។
ការប្រកាសសាលដីកានេះចៅក្រមនៃសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍មិនបានលើកពីមូលហេតុមកបញ្ជាក់ទេខណៈអវត្តមានលោក វ៉ែនវ៉ន។ ប៉ុន្តែអ្នកស្រីចៅក្រម គឹម ដានី គ្រាន់តែប្រកាសសាលដីកាយ៉ាងខ្លីថា៖ «ជនជាប់ចោទឈ្មោះ វ៉ែន វ៉ន តុលាការសម្រេចតម្កល់សាលដីកានៅដដែល»។
ពាក់ព័ន្ធនឹងការប្រកាសសាលដីកានេះដែរលោក ចាន់ សុជាតិ មេធាវីរបស់អង្គការអប់រំច្បាប់សម្រាប់សហគមន៍បានប្រាប់តាមទូរស័ព្ទពីម្សិលមិញថាកូនក្តីលោកត្រូវសាលាឧទ្ធរណ៍ប្រកាសតម្កល់ទោសព្យួរ ១ ឆ្នាំដដែល។ ចំពោះបណ្តឹងរបស់កូនក្តីលោកនេះគឺប្តឹងឲ្យតុលាការទម្លាក់ចោលបទចោទ។
លោកបានបន្តថាបណ្តឹងលើកូនក្តីលោកនេះគឺខាងរដ្ឋបាលព្រៃឈើខេត្តកោះកុងជាអ្នកប្តឹងប៉ុន្តែកាលពីបើកសវនាការនៅសាលាឧទ្ធរណ៍ខាងមន្រ្តីរដ្ឋបាលព្រៃឈើមិនបានមកឆ្លើយតទល់ជាមួយកូនក្តីលោកទេ។
ទាក់ទងនឹងសំណួរដែលថាតើត្រូវប្តឹងសារទុក្ខទៅតុលាការកំពូលឬយ៉ាងណានោះលោក ចាន់ សុជាតិ បញ្ជាក់ថា៖ «ខ្ញុំមិនទាន់ពិភាក្សាជាមួយកូនក្តីខ្ញុំថាត្រូវប្តឹងបន្តឬយ៉ាងណាទេតែបើគាត់ចង់ប្តឹងបន្តគឺអាស្រ័យលើគាត់»។
លោក វ៉ែន វ៉ន តំណាងសហគមន៍តំបន់អារ៉ែងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុងកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនត្រូវសាលាដំបូងខេត្តកោះកុងចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នបន្ទាប់ពីបានកោះឲ្យចូលខ្លួនឲ្យចូលបំភ្លឺលើបទចោទចំនួនពីរករណី។ បន្ទាប់មកបានបើកសវនាការ និងប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ១ ឆ្នាំតែព្យួរ (នៅក្រៅឃុំ)។
លោក វ៉ែន វ៉ន ជាតំណាងឲ្យជនជាតិជងនៅតំបន់អារ៉ែងដែលចេញមុខការពារបរិស្ថានព្រៃឈើប្រឆាំងការកាប់បំផ្លាញ និងប្រឆាំងនឹងគម្រោងបង្កើតទំបន់វារីអគ្គិសនីនៅតំបន់ជ្រលងភ្នំអារ៉ែងរបស់រដ្ឋាភិបាល។
លោក វ៉ែន វ៉ន បានដឹកនាំសហគមន៍ជាមួយលោកអាឡិចជាស្ថាបនិកអង្គការ «ចលនាមាតាធម្មជាតិ»ដើម្បីការពារតំបន់អារ៉ែងប្រឆាំងនឹងគម្រោងសាងសង់តំនប់វារីអគ្គិសនី៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment