Friday, 23 September 2016

អ្នក​វិភាគ៖ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​រៀងៗ​ខ្លួន


ដោយ ទីន ហ្សាការីយ៉ា
2016-09-22


សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya



អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​តែ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​រៀងៗ​ខ្លួន ដូច្នេះ​គណបក្ស​ទាំង​ពីរ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ងាក​មក​រក​តុ​ចរចា ដូច​ខ្លួន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ប្រវត្តិសាស្ត្រ​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​នយោបាយ​ខ្មែរ​គ្មាន​ផ្លូវ​អ្វី​ក្រៅ​ពី​ការ​ជជែក​គ្នា​នោះ​ទេ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ម្ដងៗ។

តើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​រៀងៗ​ខ្លួន​ដូច​ម្ដេច​ខ្លះ?

ស្ថានភាព​នយោបាយ​ចុង​ក្រោយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ការវិវឌ្ឍន៍​ទៅ​កាន់​តែ​អាក្រក់ ពិសេស​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។

​ការវិវឌ្ឍន៍​ស្ថានភាព​កាន់​តែ​អាក្រក់​នេះ គឺ​នៅ​ក្រោយ​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​លែងលះ​គ្នា​វិញ​នៅ​ក្នុង​សភា ពោល​គឺ​គណបក្ស​ប្រឆាំង​បាន​បោះបង់​សភា បន្ទាប់​ពី​បក្ស​កាន់​អំណាច​បាន​ធ្វើ​ទុក្ខបុកម្នេញ បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ដែល​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​សន្យា​ជាមួយ​គ្នា​ក្រោយ​ពី​រៀបការ​នឹង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ថា នឹង​ចាប់​ដៃ​គ្នា​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​សំខាន់ៗ​រួម​គ្នា។



ក៏​ប៉ុន្តែ​កិច្ច​សន្យា​នេះ មិន​បាន​យូរ​អង្វែង​ឡើយ បក្ស​ទាំង​ពីរ​បាន​រួម​រស់​នឹង​គ្នា​បាន​ប្រមាណ​ជាង ១​ឆ្នាំ​តែប៉ុណ្ណោះ គឺ​ភាគី​ទាំង​ពីរ​បាន​បង្ក​សង្គ្រាម យក​ឈ្នះ​ចាញ់​មក​លេង​ជាមួយ​គ្នា​ជា​ថ្មី​ម្ដង​ទៀត គិត​ចាប់​ពី​ចុង​ឆ្នាំ​២០១៥ មក។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​តែងតែ​ប្រកាស​ព្រមាន​បង្ក្រាប បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ធ្វើ​បាតុកម្ម។ ពេល​ខ្លះ​រដ្ឋាភិបាល​បាន​ប្រើ​កងកម្លាំង​មាន​ទាំង​ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូវ​ទឹក​ទៅ​បង្ហាញ​សាច់ដុំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។ ការ​បង្ហាញ​សាច់ដុំ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា បាន​ប្រកាស​ទទួល​ស្គាល់​ទៀត​ផង​ថា លោក​ជា​អ្នក​បញ្ជា។

ទោះបីជា​បែប​នេះ​ក្ដី ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​រៀងៗ​ខ្លួន ដែល​នៅ​ទី​បំផុត​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា ខ្លួន​នឹង​ចូល​ប្រជុំ​សភា​ឡើង​វិញ រី​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​ដូចជា​ចង់​ឲ្យ​បក្ស​ប្រឆាំង​វិល​ចូល​សភា​វិញ​ដែរ ព្រោះ​លោក​លើក​ឡើង​ថា ទីកន្លែង​ធ្វើ​ការ​សម្រាប់​បក្ស​ប្រឆាំង គឺ​សភា មិន​មែន​តាម​ចិញ្ចើម​ផ្លូវ​នោះ​ឡើយ ហើយ​បើសិនជា​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ដើម្បី​ជា​ថ្នូរ​នឹង​ការចរចា​នោះ លោក​នឹង​ប្រើប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ទោះបីជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ព្រមាន​បែប​នេះ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន ក៏​បើក​ភ្លើង​ខៀវ​ឲ្យ​បក្ស​ប្រឆាំង​វិល​ចូល​សភា​វិញ​ដែរ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​តែ​រង​សម្ពាធ​ទាំង​ខាង​ក្នុង​ផង និង​ពី​ខាង​ក្រៅ​ផង។

លោក មាស នី រៀបរាប់​ថា សម្ពាធ​ខាង​ក្នុង​នោះ រដ្ឋាភិបាល​ភ័យខ្លាច​ការ​ធ្វើ​បាតុកម្ម ពិសេស​រដ្ឋាភិបាល​បាន​ឃើញ​កម្លាំង​ផ្លាស់ប្ដូរ​ក្រោយ​ពី​មាន​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី និង​បាតុកម្ម​បិទ​ផ្លូវ​នៅ​ខែត្រ​បាត់ដំបង ទាមទារ​ដំឡើង​ថ្លៃ​ស្រូវ​ជាដើម។ រី​ឯ​សម្ពាធ​ខាង​ក្រៅ​វិញ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ប្រកាស​ថា នឹង​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំរឿង​ជា​អាទិភាព​ដើម្បី​ចាត់​ការ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្នុង​នោះ​ក៏​មាន​សំណុំរឿង​របស់​កម្ពុជា​ដែរ។ បញ្ហា​នេះ ចង់​មិន​ចង់​រដ្ឋាភិបាល​ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបថ ទោះ​បី​ជា​លោក ហ៊ុន សែន ប្រកាស​មិន​ឲ្យ​បរទេស​ជ្រៀតជ្រែក​បញ្ហា​កម្ពុជា​ក្ដី៖ «បើ​សិន​ជា​ចរចា​ជា​ឆ្កែ​សុទ្ធ​អី​ហ្នឹង ខ្ញុំ​គិត​ថា ខ្ញុំ​មិន​យក​ជា​ធំ​ទេ ព្រោះ​នេះ​ជា​ភាសា​កំណើត​សម្ដេច​នាយក​ផង ខ្ញុំ​មិន​ដឹង​ទេ តែ​ពេល​ខ្លះ​គាត់​ថា គាត់​ធ្វើ​ផ្សេង​ក៏​បាន​ដែរ»។

​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ពី​ឯកសារ​លម្អិត​ស្ដីពី​គោលនយោបាយ​ថ្មី ស្ដីពី​ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំរឿង​ជា​អាទិភាព​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ តំណាង​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers)  ដែល​ជា​ដើមបណ្ដឹង ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៤ ស្ដីពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ សាទរ​នឹង​សេចក្ដី​ប្រកាស​នេះ ហើយ​ថា វា​ជា​ភ្លើង​ខៀវ​ក្នុង​ការ​សើរើ​បណ្ដឹង​របស់​លោក​មក​ជំនុំជម្រះ ហើយ​វា​ក៏​ជា​អវសាន​នៃ​អ្នក​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​នៅ​កម្ពុជា ដែរ។

ចំពោះ​គណបក្ស​ប្រឆាំង​វិញ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​ដែរ ពិសេស​រដ្ឋាភិបាល​បាន​ប្រើប្រាស់​កម្លាំង​ដើម្បី​ទប់ស្កាត់​កា​រហែ​ញត្តិ​ផ្សេងៗ និង​ត្រៀម​បង្ក្រាប​បាតុកម្ម ។ល។ ក្រៅ​ពី​នេះ​ទៀត សមាជិក​សភា ព្រឹទ្ធ​សភា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​នាក់​ផ្សេង​ទៀត កំពុង​ជាប់​ពន្ធនាគារ ដែល​បញ្ហា​ទាំង​អស់​នេះ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ដែល​បក្ស​ប្រឆាំង​ត្រូវ​បង្ខំចិត្ត​វិល​ចូល​សភា​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្រកាស​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ថា សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​សភា​វិញ បន្ទាប់​ពី​ពហិការ​ចំនួន ៤​ខែ​រួច​មក។ ការ​សម្រេច​ចិត្ត​វិល​ចូល​សភា​វិញ​នេះ លោក សុន ឆ័យ លើក​ហេតុផល​ថា ទាំង​អង្គការ​សហប្រជាជាតិ ទាំង​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ៣៦​ប្រទេស ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ៖ «ការ​ខាត​ពេល​វេលា​របស់​គណបក្ស​ទាំង​ពីរ និង​កាតព្វកិច្ច​របស់​គណបក្ស​ទាំង​ពីរ​ហ្នឹង វា​ហាក់​ដូច​ដល់​ពេល​ហើយ បើសិនជា​អ្នក​កើត​បូស​វិញ​គឺ​ដល់​ពេល​ផ្ទះ​ហើយ»។

​ប្រទេស​ចំនួន​៣៦ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ប្រកាស​នេះ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ជា​ពិសេស​ទៅ​លើ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សេចក្ដី​ប្រកាស​របស់​បណ្ដា​ប្រទេស​ទាំង​៣៦ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា​ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិមនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម​ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា។

ការ​វិល​ត្រឡប់​ចូល​សភា​ជា​ថ្មី​ទៀត​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​នឹង​ប្រុងប្រយ័ត្ន​ជាង​មុន ព្រោះ​ថា មេ​បក្ស​ទាំង​ពីរ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ និង​សកម្មជន​របស់​ខ្លួន​កំពុង​ជាប់​ឃុំ។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​ថា លោក​កំពុង​រៀបចំ​ឯកសារ​កោះ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋ​សភា។ ក្នុង​នោះ​រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មក​បំភ្លឺ​សា​ជា​ថ្មី​ទៀត។ ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំង​នោះ លោក សុន ឆ័យ លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង គួរ​តែ​សុំ​លាលែង​ចេញ​ពី​តំណែង ព្រោះ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​វិស័យ​សុខាភិបាល​នេះ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត សាម អ៊ីន សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្សប្រឆាំង​ក្នុង​ការ​ចូល​សភា ដើម្បី​ធ្វើការ​ជជែក​គ្នា​បន្ត​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម រួម​មាន​បញ្ហា​ទីផ្សារ​កសិផល​សម្រាប់​កសិករ​បញ្ហា​ជម្លោះ​ដីធ្លី និង​ផ្សេងៗ​ទៀត៖ «ការ​ប្រើប្រាស់​យន្តការ​សភា​កន្លង​មក​នេះ ប្រើប្រាស់​មិន​ត្រូវ​ទេ ការ​ប្រើ​យន្តការ​សភា​ត្រឹមត្រូវ​នោះ គឺ​ត្រូវ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​មួយៗ មក​សួរ​ជជែក​ដេញដោល និង​ឲ្យ​មតិយោបល់​ទៅ​វិញ»។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ដើម្បី​បង្កើន​ការ​ទំនុក​ចិត្ត​រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​គ្នា​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥។

សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​សភា​នោះ​មាន ៧​ចំណុច ក្នុង​គោលបំណង​លើក​កម្ពស់​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​គណបក្ស​ទាំង​ពីរ​បាន​ប្ដេជ្ញា​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​គោរព​គោលការណ៍​ទាំង ៧​ចំណុច​នេះ រួមមាន​ចៀសវាង​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​តាម​គ្រប់​រូប​ភាព ដូចជា ប្រើ​ពាក្យ​ចាប់​ដាក់គុក សង្គ្រាម​នឹង​កើត​ឡើង។ ស្មោះត្រង់​ជាមួយ​គ្នា​ដើម្បី​យក​វប្បធម៌​សន្ទនា ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម ដែល​ភាគី​ទាំងពីរ​អាច​មាន​ទស្សនៈ​មិន​ទាន់​ស្របគ្នា គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

​នៅ​ក្នុង​ស្ថានភាព​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ទាំងពីរ​ត្រូវ​តែ​គោរព​វប្បធម៌​សន្ទនា និង​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា​រវាង​គណបក្ស​ទាំង​ពីរ ព្រោះ​ថា គណបក្ស​ទាំង​ពីរ​ដែល​មាន​ជម្រើស​ល្អ​រៀងៗ​ខ្លួន​នោះ គឺ​គណបក្ស​ទាំងពីរ​មិន​អាច​យក​ពលរដ្ឋ​ទៅ​ប្ដូរ​ឈាម​គ្នា​នោះ​ទេ ពោល​គឺ​រដ្ឋាភិបាល​មិន​អាច​ប្រើ​កងកម្លាំង​ដើម្បី​បាញ់​បង្ក្រាប​បាតុករ ដូចដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​នោះ​ទេ ហើយ​បក្ស​ប្រឆាំង​វិញ​ក៏​មិន​អាច​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ត​ទៅ​ទៀត​ដែរ។

បញ្ហា​សំខាន់​នៅ​ពេល​នេះ​សម្រាប់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ទីផ្សារ​កសិផល​បញ្ហា​ព្រំដែន​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​ស្ដារ​លើកស្ទួយ​សិទ្ធិមនុស្ស​ឡើង​វិញ ដូច​ដែល​រដ្ឋាភិបាល​បាន​ចុះ​សច្ចាប័ន​ទទួល​ស្គាល់​សន្ធិសញ្ញា​នានា ពិសេស​សន្ធិសញ្ញា​អន្តរជាតិ​ដែល​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ជាដើម៕

1 comment:

Anonymous said...

Hun Sen declares ceasefire.

This is one of Samkok's tactics. With his newly acquired title Ah kouk Chker Soth Hun Sen, Hun Sen just took a break waiting for his master Yuon telling him what to do next.

Hun Sen has rather wanted to see Cambodia disappear than see himself losing his battle with his own people.

Ah Kouk Chker Soth Hun Sen is a devil monster !!

To make the CNRP stronger and win this 2018 election, Kem Sokha must stop fucking around like a stray dog, Sam Rainsy must stop taking advice from his wife Saumura and also stop touting Ah Sdach Chkuot Sihanouk's legacy.

Saumura is close to Monique and Sihamoni.

Monique/ Sihamoni = Hun Sen's puppet
Hun Sen = Yuon's puppet

Therefore, Sam Rainsy taking advice from Saumura is tantamount to taking advice from Yuon.