Wednesday, 14 September 2016

សភា​អាមេរិក​អនុម័ត​សេចក្តី​សម្រេច​៧២៨ ក្នុង​ពេល​រដ្ឋាភិបាល​កម្ពុជា​គំរាម​ប្រើ​កម្លាំង​ទ័ព​លើ​ក្រុម​ប្រឆាំង


14 កញ្ញា 2016
សុខ ខេមរា
voa

វិមាន​​សភា​​របស់​សហរដ្ឋ​អាមេរិក
វិមាន​​សភា​​របស់​សហរដ្ឋ​អាមេរិក


ការអនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២​ ក្នុងកិច្ច​ប្រជុំ​សភា​ពេញអង្គ ​ដែលមាន​ការបើក​ឲ្យមាន​កិច្ច​ពិភាក្សា​ ដែល​ទទួល​បាន​ការគាំទ្រ​ពី​សមាជិក​សភា ជា​ឯកឆ័ន្ទ​នៅ​ពេល​បោះឆ្នោត។


វ៉ាស៊ីនតោន —

សភា​អាមេរិក​ប្តេជ្ញា​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ក្រោយ​អនុម័ត​សេចក្តី​សម្រេច​លេខ ៧២៨ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​ និង​និតិរដ្ឋ ហើយនឹង​បញ្ឈប់​ការធ្វើទុក្ខ​បុកម្នេញ​នយោបាយ​លើ​ក្រុម​ប្រឆាំង។

សភា​ស.រ.អា បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដែល​សមាជិក​សភា​ទាំងពីរ​គណបក្ស បាន​ប្រឹងប្រែង​ជា​យូរ​ឆ្នាំ​ក្នុងការ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​ទុក្ខបុក​ម្នេញ​ក្រុម​ប្រឆាំង គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ គោរព​ច្បាប់ ហើយនឹង​ធ្វើឲ្យ​មាន​ការបោះឆ្នោត ដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ។

ការអនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២​ ក្នុងកិច្ច​ប្រជុំ​សភា​ពេញអង្គ ​ដែលមាន​ការបើក​ឲ្យមាន​កិច្ច​ពិភាក្សា​ ដែល​ទទួល​បាន​ការគាំទ្រ​ពី​សមាជិក​សភា ជា​ឯកឆ័ន្ទ​នៅ​ពេល​បោះឆ្នោត។



សេចក្តី​ព្រាង​សេចក្តី​សម្រេច (H Res) លេខ​ ៧២៨ ​បាន​ថ្កោល​ទោស​រាល់​គ្រប់​ទំរង់​នៃ​អំពើ​ហិង្សា​នយោ​បាយ​ បញ្ជូន​សារ​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​បញ្ឈប់ ​អំពើរ​រំលោភ​សិទ្ធិ​មនុស្ស ​គោរព​សិទ្ធិ​សេរីភាព សិទ្ធិ​បញ្ចេញ​មតិ ​សិទ្ធិ​បាតុកម្ម ​សិទ្ធិ​ជួប​ប្រជុំ។ បន្ថែម​ពី​លើ​នេះ​ សេចក្តី​សម្រេច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែទំរង់​ដំណើរ​ការបោះ​ឆ្នោត​ឲ្យ​ដំណើរការ​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ឆ្នាំ​២០១៧ ​និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដោយ​អនុញាតិ​ឲ្យ​មេដឹក​នាំ​បក្ស​ប្រឆាំង​បាន​ចូលរួម​ផងដែរ ហើយនឹង​បញ្ឈប់​ការចោទ​ប្រកាន់​ក្រុម​ជំទាស់។

សមាជិក​សភា​តំណាងរាស្រ្ត Alan Lowenthal ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ កាលីហ្វ័រញ៉ា​បាន​ថ្លែង​អំណរគុណ​ដល់​សមាជិក​សភា​ទាំងឡាយ​ដែល​គាំទ្រ​សេចក្តី សម្រេច​ក្រោយពេល​បញ្ចប់​ការអនុម័ត​ ដោយ​បាន​លើក​ឡើង​ថា ​ការអនុម័ត​សេចក្តី សម្រេច​នេះ​គឺត្រូវ​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ថា ស.រ អា គាំទ្រ​ការគោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​បញ្ហា​ធ្វើ​ទុក្ខបុក​ម្នេញ ផ្នែក​នយោបាយ​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ។

«ហេតុដូច្នេះ​ហើយ​បាន​ជា​រឿង​នេះ​សំខាន់​ណាស់​សម្រាប់​យើង​ក្នុងការ​អនុម័ត​សេចក្តី សម្រេច​នេះ ​ដើម្បី​បង្ហាញ​ថា​ ស.រ.អា​នៅ​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា។ យើង​នឹង​ផ្ញើរ​សារ ជា​សញ្ញា​សំខាន់​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា អំពើ​ហិង្សា​នយោបាយ​ទំរង់​ណា​ក៏ដោយ មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ ហើយ​ពលរដ្ឋ​កម្ពុជា ត្រូវតែ​មាន​សេរីភាព​ក្នុងការ​ជ្រើសរើស​ មេដឹកនាំ​របស់​ពួកគេ។ មាន​តែ​ដំណើរការ​តាម​លក្ខខណ្ឌ​ដូច្នេះ​ទេ ទើប​អាច​ពិចារណា បាន​ថា ជា​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​ដោយ​សហគមន៍​អន្តរជាតិ‍»។

ថ្លែង​ប្រាប់ VOAតាម​ទូរស័ព្ទ​បន្ថែម លោក​សមាជិក​សភា​ Alan Lowenthal ​បាន​បញ្ជាក់ ថា វិធាន​ការណ៍​តឹងរឹង​នានា អាច​នឹង​មាន​ចំពោះ​ប្រទេស​កម្ពុជា​ទៀត ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​ជាដើម​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ម្តង​ម្នាក់​មុន​នឹង​ការអនុម័ត​សេចក្តី​សម្រេច​នោះ ​ក្រុម​សមាជិក​សភា បាន​លើក​ឡើង​ពី​ការធ្វើ​ទុក្ខបុក្ខម្នេញ​ក្រុម​ប្រឆាំង ក្រុមសង្គម​ស៊ីវិល​ ការរំលោភ​បំពាន​ដីធ្លី ការប្រើប្រាស់​តុលាការ​ចាត់ការ​ក្រុម​ប្រឆាំង​ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នោះ។ ក្នុង​នោះ​បាន​រៀបរាប់​ពី​ការ​និរទេស​ខ្លួន​របស់​លោក​សម រង្ស៉ី ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​ការចោទ​ប្រកាន់​និង​ការកាត់ទោសលោក ​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ចាប់​សមាជិក​ព្រឹទ្ធសភា​ សមាជិក​សភា​ មន្ត្រី​នៃ​គណបក្ស​ជំទាស់ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល ​ការបាញ់​សម្លាប់​លោក ​កែម ឡី​ ដែល​ជា​អ្នកវិភាគ​ល្បីល្បាញ​ ហើយ​នឹង​សកម្មជន​ដីធ្លី​ដាក់គុក​ជាដើម។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Ed Royce ប្រធាន​គណៈកម្មាការ​ការបរទេស​សភា​ស.រ.អា បាន​ថ្លែង​ថា គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ព្យាយាម​បំបាត់​សម្លេង​ក្រុម​ប្រឆាំង​ដើម្បី​ប្រមូល​ផ្តុំ​អំណាច​ ដោយ​មិន​គិត​ពី​ជម្រើស​របស់​ពលរដ្ឋ។

«លោក​ប្រធាន​សភា! ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរ​ជា​យូរ​ឆ្នាំ​ គួរតែ​ទទួល​បាន​ឱកាស​ក្នុង ការ​បោះឆ្នោត​ជ្រើសរើស​ រដ្ឋាភិបាល​ដែល​ជា​ជម្រើស​របស់​ពួកគេ។​ ការ​ព្យាយាម​ដក ហូត​សិទ្ធិ ​ដោយ​ព្យាយាម​យាយី​ ដល់​ក្រុម​អ្នកនយោបាយ​ប្រឆាំង លោក​ ហ៊ុន សែន បដិសេធ​ពលរដ្ឋ ​ចំពោះ​ឱកាស​ទាំងនេះ។​ ការអនុម័ត​សេចក្តី​សម្រេច​នេះ ​គឺ​ថា​សភា ស.រ.អា បញ្ជូន​សារ​ទៅ​ដល់​លោក ​ហ៊ុន សែន​ ថា ស.រ.អា កំពុង​មើល ​ហើយ​មិន​ទទួល យក​អំពើ​ឃោរឃៅ​របស់​គាត់​ទេ​ ហើយ​យើង​នឹង​បញ្ជូន​សញ្ញា​ជា​ការគាំទ្រ​ ខ្ញុំ​ជឿ​ថា ទៅ​ដល់​គ្រប់​ពលរដ្ឋ​កម្ពុជា ​ដែល​ចង់​រស់នៅ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​គោរព​សិទ្ធិ​ពលរដ្ឋ​កម្ពុជា‍»។

ក្រុម​មន្ត្រី​គណបក្ស​កាន់អំណាច​បាន​និយាយ​ការពារ​គោលជំហរ​រដ្ឋាភិបាល​ថា ចំណាត់ការ​តុលាការ​ចំពោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺជា​ការអនុវត្ត​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុសច្បាប់។

គណបក្ស​ទាំងពីរ​ពុំបាន​ចរចា​គ្នាជាច្រើន​ខែ​មក​ហើយ ដោយសារ​ភាគី​ទាំងពីរ​មិន​អាច​សម្រប​សម្រួល​គ្នា​បាន​ឬ​សម្បាទាន​នៃ​ការចរចា​មិន​អាច​ឈាន​រក​ចំណុច​ត្រូវ​រ៉ូវ​គ្នា។ គណបក្ស​ជំទាស់​ដែល​បាន​ទទួល​អាសនៈ​៥៥ ​ក្នុង​រដ្ឋសភា​គឺជា​ គណបក្ស​តែ​មួយ​គត់ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ទទួល​បាន​អាសនៈ ៦៨​ ក្នុង​ចំណោម​ ១២៣ ​នោះ។ កំណើន​អាសនៈ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការបក​ស្រាយ ពី​គណបក្ស​ជំទាស់​ថា ជា​ការ​ព្រួយបារម្ភ​របស់​គណបក្ស​កាន់​អំណាច ​ហើយ​ជាការ ទទួល​បាន​មក​វិញ គឺ​ការធ្វើ​ទុក្ខបុកម្នេញ​នយោបាយ។

គណបក្ស​ជំទាស់​ដែល​រង​ការចោទ​ប្រកាន់​នោះ ​បាន​ដាក់​គម្រោង​ការណ៍​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ភាពអយុត្តិធម៌។ តែ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​គំរាម​ប្រើ​កម្លាំង ប្រដាប់​អាវុធ​កំទេច​បាតុកម្ម​ដែល​លោក​ហ៊ុន សែន​ថា ជា​ការបង្ក​អស្ថិរភាព​នយោបាយ អសន្តិសុខ​សង្គម ​និង​សន្តិភាព។

លោក ​Phil Robertson ​នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human​ Rights​ Watch បាន​ថ្លែង​ថា នេះ​ជា​គោល​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ដើម្បី​កំចាត់ គណបក្ស​ប្រឆាំង​និង​សកម្មជន​នានា​ ដែល​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស ព្យាយាម​ចល័ត​កម្លាំង​ប្រដាប់​អាវុធ។

«ខ្ញុំគិត​ថា​វា​ដល់​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ត្រូវទទួល​ស្គាល់​ថា ជា​ល្បែង​ក្នុងការ​ព្យាយាម​កំចាត់​គណបក្ស​ប្រឆាំង​តាម​រយៈការ​ប្រើប្រាស់​ការគំរាម​កំហែង ការ​គ្រប់គ្រង​កម្លាំង​សន្តិសុខ​ ការ​គ្រប់គ្រង​តុលាការ​ គឺ​ត្រូវ​សហគមន៍​អន្តរជាតិ​មើល ឃើញ​អស់​ហើយ​ គឺ​ថា​នោះ​ជា​ការធ្លាក់​ចូល​ទៅ​ក្នុង​អំណាច​ផ្តាច់ការ​ក្នុង​ប្រទេស កម្ពុជា‍»។

លោក​ថា​ តុលាការ​បាន​បង្កើត​ការចោទ​ប្រកាន់​តាម​បែប​ប្រឌិត​លើ​លោក​កឹម សុខា និង​ក្រុម​ប្រឆាំង​ ដែល​លោក​ថា គួរ​បញ្ឈប់ និង​ទម្លាក់​ចោល ​ហើយ​អនុញាតិ​ឲ្យ​ពលរដ្ឋ​ មាន​សេរីភាព ក្នុងការ​បញ្ចេញ​មតិ ​បញ្ឈប់​ការរារាំង​ការតវ៉ា។

លោក​ អំ សំអាត ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ​បាន​ថ្លែង​ថា​ដំណើរការ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ​ហើយនឹង​សិទ្ធិ​បញ្ចេញ​មតិ ​ដែល​ត្រូវ​បង្ក្រាប​រឿយៗ​នោះ នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​បើ​ការ​ជាប់គាំង​នយោបាយ​ចេះ​តែ​បន្ត ​ដោយ​គ្មាន​ដំណោះស្រាយ។

«រឿង​នេះ​ ខ្ញុំ​គិត​ថា​អនាគត​ទៅ ​សិទ្ធិ​សេរីភាព ​បញ្ចេញ​មតិ ​និង​ការជួប​ប្រជុំ ​ប្រមូលផ្តុំ​នេះ នឹង​ត្រូវ​រឹតត្បិត ឬ​ក៏​ត្រូវ​បាត់បង់​ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា អំពី​សេរីភាព ក្នុងការ​បញ្ចេញ​មតិ​ ក្នុងការ​ជួបជុំ ​ការប្រមូលផ្តុំ ​និង​ច្បាប់​បាតុកម្ម ​ដោយ​សន្តិវិធី ក៏ដូចជា​បទដ្ឋាន​អន្តរជាតិ​ ស្តីអំពី​សិទ្ធិ​មនុស្ស​ទាំងឡាយ ​ដែល​រដ្ឋធម្មនុញ្ញ ​បាន​ចែង ផងដែរ‍»។

លោក​ Prom Saonora​ ប្រធាន​កត្តិយស ​និង​ជាអ្នក​ធ្វើការ​តស៊ូមតិ​ជាមួយ​សភា អាមេរិកាំង​នៃ​ក្រុមអង្គការ​សម្ព័ន្ធ​មិត្តខ្មែរ​ អាមេរិកាំង ​the Cambodia-America​ Alliance (CAA), ​ក្នុងចំណោម​ពលរដ្ឋខ្មែរ​អាមេរិកាំង​ជាច្រើន​នាក់​ក្នុងរដ្ឋ ​វីជីនៀ​ បានថ្លែង​ថា លោក ​មាន​មោទនភាព​ចំពោះការ​ដែលសភា​បានអនុម័ត​សេចក្តី​ព្រាង​សេចក្តី​សម្រេច នេះ។ លោកថា​លោកនឹង​ធ្វើការតស៊ូ​មតិតទៅ​ទៀត​ដើម្បីឲ្យ​ព្រឹទ្ធសភា​អនុម័ត ​ទៅជា ច្បាប់ ​ដើម្បីឲ្យ​រដ្ឋាភិបាល​សរអាអ​នុវត្តតាម។ លោក​បន្ថែម​ថា សហគមន៍​អន្តរជាតិ រួមទាំង​ស.រ.អា បាន​សំដែង​ការព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​កម្ពុជា​ ចង់​ឃើញ​ស្ថានការណ៍ នឹងនរ ​ហើយការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី ​យុត្តិធម៌​ទាំងមុន​ការ​បោះឆ្នោត ​ក្នុងពេល​បោះឆ្នោត ​និង​ក្រោយ​ពេល​បោះ​ឆ្នោត​ហើយ​លោក​នឹង​តស៊ូ​មតិ​ជាមួយ​ប្រទេស​មហា​អំណាច​ធំៗ​ផ្សេងៗ​ទៀត​ដើម្បី​ឈាន​ដល់​គោល​ដៅ​នេះ៕

1 comment:

Anonymous said...

No ultimate sacrifice, no glory.
The problems in Cambodia, if it is just Ah Kouk Hun Sen, I am not worrying. But Yuon is on top of Ah Kouk Hun Sen's airhead.

To be fair, Khmer people have kept very quite in recent months while Yuon and Ah Kouk Hun Sen kept prosecuting and killing Khmer people, including Dr. Kem Ley.

Yuon and its puppet have pushed us so hard to the point that we have no choice but to fight back by making a huge peaceful demonstration to impede the Vietnamization of Cambodia.

If some of us die now, Cambodia might survive.

If we let Yuon and Hun Sen take full control and kill us later, Cambodia will not survive. It will be too late.