Manekseka Sangkum: Yeah, if it's not opposition-inspired 'incitement', what else could it be, eh?
>>>
ដោយ អ៊ុំ រង្សី
2016-09-22

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ស្ដីពីការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Ou Banung
RFA/Ou Banung
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ចាត់ទុកថា ការផ្ទុះបាតុកម្មដោយកសិករយកស្រូវចាក់បិទផ្លូវនៅខេត្តបាត់ដំបង ជាសញ្ញាបញ្ជាក់ថា ទិន្នផលកសិកម្មរបស់ប្រជាកសិករនៅឆ្នាំនេះទទួលបានផលគាប់ប្រសើរ។ ទន្ទឹមគ្នានេះ លោក វេង សាខុន ក៏យល់ថា បាតុកម្មនោះគឺរងការញុះញង់ផ្នែកនយោបាយ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចាត់ទុកថា ការផ្ទុះធ្វើបាតុកម្មយកស្រូវចាក់បិទផ្លូវនៅខេត្តបាត់ដំបង គឺធ្វើឡើងគ្រាន់តែដើម្បីកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលនេះ ធ្វើឡើងក្រោយបញ្ចប់កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ស្ដីពីការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅថ្ងៃទី២២ ខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កសិករផ្ទុះធ្វើបាតុកម្មយកស្រូវចាក់បិទផ្លូវនៅខេត្តបាត់ដំបង បង្ហាញថា ទិន្នផលកសិកម្មរបស់ប្រជាកសិករនៅឆ្នាំនេះទទួលផលល្អ និងលើសពីផែនការកំណត់។ ជាងនេះ ដោយកិច្ចខិតខំរបស់ក្រសួងកសិកម្ម បានជំរុញឲ្យទិន្នផលស្រូវរបស់កសិករនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ សម្រេចបានផលខ្ពស់លើសពីការរំពឹងទុក៖ «រឿងផ្ទុះធ្វើបាតុកម្មយកស្រូវទៅចាក់នៅកណ្ដាលផ្លូវនេះ គឺជាដំបងជាសញ្ញាបញ្ជាក់ថា ទិន្នផលកសិកម្មរបស់ប្រជាកសិករនៅឆ្នាំនេះ ទទួលបានផលគាប់ប្រសើរ នេះគឺជាលទ្ធផលដែលក្រសួងកសិកម្ម បានខិតខំប្រឹងប្រែង។ ដូច្នេះគ្រាន់តែទិន្នផល មិនមែនយើងគ្រាន់តែនិយាយនោះទេ គឺតែទិន្នផលនៅបាត់ដំបង និងបន្ទាយមានជ័យ ឆ្នាំនេះទិន្នផលកើនឡើងរហូតដល់ ៤តោន»។
បន្ថែមពីនេះទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍បន្តថា ការកើតមានបាតុកម្មតវ៉ាចាក់ស្រូវបិទផ្លូវនៅខេត្តបាត់ដំបង កន្លងទៅ មិនមែនជាឆន្ទៈពិតប្រាកដនោះទេ គឺមកពីការញុះញង់ និងរងសម្ពាធនយោបាយណាមួយ ព្រោះសកម្មភាពតវ៉ានេះកើតឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ចេញថវិកាប្រមាណ ២៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករបច្ចុប្បន្ន៖ «គ្រាន់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ចេញថវិកាប្រមាណ ២០លាន និងធនាគារអភិវឌ្ឍន៍ជនបទ ៧លានកាលពីថ្ងៃសុក្រ តែបាតុកម្មនេះកើតនៅថ្ងៃអាទិត្យ ចឹងពួកនេះគឺជាពួកជ្រុលនិយមបំបះបំបោរ ឆ្លៀតឱកាសកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាយើងបានដោះស្រាយចប់ហើយ»។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន មិនបានបញ្ជាក់ច្បាស់ថា តើបាតុកម្មតវ៉ាចាក់ស្រូវបិទផ្លូវនៅខេត្តបាត់ដំបង រងការញុះញង់ផ្នែកនយោបាយពីប្រភពណានោះឡើយ?
កសិករបិទផ្លូវជាតិលេខ៥ បាត់ដំបង ២០១៦ ៨៥៥
អាជ្ញាធរសម្រួលចរាចរណ៍ ខណៈកសិករតវ៉ាបិទផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Hum Chamroeun
ទាក់ទិននឹងបញ្ហានេះដែរ អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺមិនបានឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែងរបស់ប្រជាកសិករ និងគ្រាន់តែជាការគេចវេះពីការទទួលខុសត្រូវប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ការតវ៉ារហូតចាក់ស្រូវចោលរបស់កសិករ គឺសារបង្ហាញថា ពួកគាត់ចង់ទទូចឲ្យមានការយកចិត្តទុកដាក់លើបញ្ហាទីផ្សារលក់ទិន្នផលកសិកម្មប៉ុណ្ណោះ៖ «តាមអ្វីដែលខ្ញុំបានស្រាវជ្រាវ និងស៊ើបសួរទៅ គឺការធ្វើបាតុកម្មរបស់ប្រជាកសិករមិនមានការរងសម្ពាធនយោបាយណាមួយនោះឡើយ គឺបង្ហាញពីការឈឺចិត្តពេក ដែលគាត់ខំផលិតហើយ តែគ្មានទីផ្សារសមរម្យដើម្បីដោះស្រាយជីវភាព និងសងធនាគារ»។
ទាក់ទងនឹងការដែលមន្ត្រីរដ្ឋាភិបាលចោទថាមានអ្នកញុះញង់កសិករតវ៉ា នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២០ កញ្ញា ប្រធានវេទិកាអនាគត និងជាអ្នកវិភាគសេដ្ឋកិច្ច និងនយោបាយ លោក អ៊ូ វីរៈ បន្ថែមថា ល្មមដល់ពេលមន្ត្រីបក្សកាន់អំណាចយល់ពីទុក្ខលំបាករបស់ប្រជាកសិករហើយ។ ការចោទប្រកាន់ថា កសិករមានអ្នកញុះញង់ ទើបមានបាតុកម្មតវ៉ានោះ គឺកាន់តែធ្វើឲ្យកសិករឈឺចាប់ថែមទៀតទៅលើអ្វីដែលពួកគាត់កំពុងជួបការលំបាករួចហើយ គឺតម្លៃស្រូវចុះថោក។ លោកថា ការនិយាយថាកសិករចាក់ស្រូវបិទផ្លូវតវ៉ានោះ ជាការញុះញង់ផ្នែកនយោបាយនោះ គឺបក្សកាន់អំណាចឲ្យតម្លៃដល់បក្សប្រឆាំងខ្ពស់ពេក៖ «រឿងនេះគឺជារឿងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ពេលណាពាក់ព័ន្ធនឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ មានន័យថាគាត់កំពុងតែឈឺចាប់របស់ប្រជាពលរដ្ឋ ហេតុនេះការចោទកាន់តែធ្វើតឹងទ្រូងថែមទៀតទៅវិញ»។
កាលពីថ្ងៃទី១៨ កញ្ញា ប្រជាកសិករប្រមាណ ១ពាន់នាក់ បានយកគោយន្តដឹកស្រូវ និងស្រូវទៅចាក់បិទផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ និងរកទីផ្សារលក់ផលិតផលកសិផលរបស់ពួកគាត់។ កាលណោះ ការតវ៉ាបិទផ្លូវ បានបណ្ដាលឲ្យកកស្ទះចរាចរណ៍ប្រមាណ ១០គីឡូម៉ែត្រនៅលើផ្លូវជាតិលេខ៥ ដោយរថយន្តជាច្រើនគ្រឿងត្រូវឈប់មិនអាចបន្តដំណើរទៅមុខបាន។ ពួកគាត់បានយល់ព្រមបើកផ្លូវឲ្យរថយន្តធ្វើដំណើរឡើងវិញ បន្ទាប់ពីអភិបាលខេត្តបាត់ដំបង បានចុះទៅជួបដោះស្រាយជាមួយពួកគាត់។
កសិករដែលចូលរួមបាតុកម្ម ធ្លាប់អះអាងថា មូលហេតុបាតុកម្ម គឺមកពីតម្លៃស្រូវធ្លាក់ចុះថោក និងគ្មានទីផ្សារ ស្របពេលដែលពួកគាត់ចាប់ផ្ដើមប្រមូលផលកសិផល។ មិនតែប៉ុណ្ណោះ ដោយសារខ្វះអន្តរាគមន៍ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើឲ្យកសិករខ្លះក្លាយជាកូនបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មាន។
យ៉ាងណា នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានជំរុញឲ្យវិស័យឯកជនត្រូវតែដើរតួនាទីសំខាន់ក្នុងការជួយរកទីផ្សារ និងផ្តល់បច្ចេកទេសជូនប្រជាកសិករ ដើម្បីជួយជំរុញបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ លោកថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលមិនអាចកំណត់តម្លៃស្រូវជាក់លាក់នោះទេ ព្រោះកម្ពុជា ជាសង្គមប្រជាធិបតេយ្យ និងជាទីផ្សារសេរី៕
1 comment:
Re: នៅឆ្នាំនេះទទួលបានផលគាប់ប្រសើរ។
And everybody's supposed to take his words for it? It sucks big time...
Post a Comment