ទេសភាពទំនប់ចិន មានជម្រៅទឹករាក់ល្មមលេងកម្សាន្ដ និងមានខ្សាច់លាយថ្មបាយក្រៀមក្រាលបាតទឹក។ ធិក កល្បាណ
ppp Fri, 19 August 2016
ធិក កល្យាណ
សៀមរាប: ជាមួយកម្ទេចថ្មបាយក្រៀមតូចៗ លាយឡំដីខ្សាច់សក្បុសក្រាលបាតទឹក ព្រៃភ្នំពណ៌បៃតងស្រស់ព័ទ្ធជុំវិញ ទឹកហូរថ្លាឈ្វេង ត្រជាក់ស្រេង ហូររលេញ គួរឲ្យចង់ហែលលេង។
ទិដ្ឋភាពទាំងអស់នេះ លោកអ្នកមិនអាចហាមអារម្មណ៍ខ្លួនឯងមិនចុះងូតក្នុងទំនប់ប្រឡាយទឹកមួយដែលអ្នកភូមិនៅទីនោះនិយមហៅថា «ទំនប់ចិន» ក្នុងខេត្តសៀមរាបនេះបានទេ។
ខ្យល់ភ្នំបក់រវិចៗ សំឡេងទឹកហូរឮសូររងំ អាចនឹងកំពុងសណ្តំអារម្មណ៍អ្នកទេសចរទាំងឡាយដែលខំចំណាយពេលធ្វើដំណើរតាមដងផ្លូវជាង ១ ម៉ោង ឲ្យជាប់ចិត្តទៅនឹងសម្រស់បែបធម្មជាតិរបស់ទំនប់ប្រឡាយនេះ ខណៈទំនប់ចិន មានទឹកពេញព្រៀប និងមានសភាពថ្លាឆ្លុះដល់បាតថ្ម ក្នុងរដូវវស្សានេះ ។
អ្នកស្រី បៀម ភ័ណ្ឌ អាយុ ៤០ ឆ្នាំ ជាប្រជាជនដែលរស់នៅក្នុងភូមិភ្នំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានមានប្រសាសន៍ថា «ទំនប់ចិន» នេះបានសាងសង់ឡើងដោយចិនក្នុងឆ្នាំ ២០១២ ហើយទើបតែសាងសង់រួចរាល់ជាស្ថាពរកាលពីឆ្នាំមុន និងមានចម្ងាយប្រមាណជាជាង ៩០ គីឡូម៉ែតពីទីរួមខេត្តសៀមរាប។
បើទោះជាទំនប់នេះបានលាក់ខ្លួនពួនអាត្មាក្បែរព្រៃភ្នំ តែផ្លូវសម្រាប់ធ្វើដំណើរទៅដល់ទីនោះហាក់ដូចជាមិនសូវពិបាកទេ ដោយមានផ្លូវដីក្រហមចាក់ចូលទៅដល់ទំនប់នេះតែម្តង។
ទំនប់នេះមិនត្រឹមតែជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវជាតិ ដែលចូលចិត្តរុករកកន្លែងលេងបែបត្រជាក់ត្រជុំនោះទេ វាថែមទាំងជាប្រភពទឹកដ៏សំខាន់សម្រាប់ចែកចាយទៅកាន់ប្រឡាយតូចៗ សម្រាប់ប្រជាជនក្នុងស្រុកស្រីស្នំនេះទៀតផង។ អ្វីដែលពិសេសទៀតនោះ ទំនប់ចិនក៏សម្បូរត្រីច្រើនគួរសមដែរ។
ភ្ញៀវទេសចរនាំគ្នាទៅងូតទឹកលេងកម្សាន្ដនៅទំនប់ចិន ដែលសម្បូរភ្ញៀវបំផុតនៅរដូវភ្ជុំ។ រូប សហការី
អ្នកស្រីរៀបរាប់ថា៖ «ទំនប់នេះទើបតែធ្វើហើយឆ្នាំមុន តែមានមនុស្សមកលេងច្រើនមែនទែន បើខែភ្ជុំបិណ្ឌវិញ អត់មានកន្លែងចតឡានទេ មិនដឹងមកពីណាខ្លះ រាប់ពាន់នាក់ ដោយសារតែខែវស្សាហ្នឹង ទឹកពេញ ហើយសប្បាយលេង ហើយទឹកហ្នឹងក៏មិនជ្រៅ កន្លែងខ្លះត្រឹមជង្គង់ កន្លែងខ្លះត្រឹមចង្កេះ និងកន្លែងខ្លះទៀតត្រឹមក ប៉ុណ្ណោះ។ តែសម្រាប់ថ្ងៃធម្មតាភាគច្រើនមានតែក្មេងៗក្នុងភូមិ និងភូមិក្បែរហ្នឹងទេ ដែលទៅលេង»។
អ្នកស្រីថា៖ «ទីនេះក៏សម្បូរត្រីណាស់ដែរ អ្នកភូមិម្នាក់ៗអាចរកបានត្រីប្រមាណជា ២ ទៅ ៣ គីឡូក្រាមក្នុងមួយថ្ងៃ»។
នៅតាមដងផ្លូវនៃទំនប់នេះ មានថ្មដុំៗតម្រៀបគ្នាតាមមាត់ទឹក កៀកបង្កើយនឹងដើមឈើដែលផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃ ជាកន្លែងសំចតដ៏ត្រជាក់សម្រាប់លោកអ្នកឈប់បរិភោគអាហារ មុនពេលចុះលេងទឹកកម្សាន្ត។
ទិដ្ឋភាពបង់សំណាញ់រកត្រីរបស់អ្នកភូមិ ព្រៃភ្នំដែលស្ថិតនៅចំពីមុខ ទំនប់ដែលមានបណ្តោយជាង ១ គីឡូម៉ែត្រនេះ នឹងញ៉ាំងឲ្យដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានន័យបំភ្លេចមិនបាន។ ចំពោះអ្នកទីក្រុង ទិដ្ឋភាពនេសាទ នេះពិតជាប្លែកភ្នែក។
ក្រៅពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌ នៅទំនប់នេះ មិនសូវមានអ្នកលក់ម្ហូបអ្វីច្រើនទេ។ ដូចនេះប្រសិនបើលោកអ្នកមានបំណងចង់ឃើញទិដ្ឋភាពទំនប់ប្រឡាយដែលមានទឹកហូរមិនឈប់នេះ លោកអ្នកគប្បីវេចខ្ចប់បាយម្ហូបមកពីផ្ទះ ឬក៏ឈប់ទិញម្ហូប និងមាន់អាំងដែលល្បីថាឆ្ងាញ់នៅក្នុងផ្សារស្រុកពួក ក៏កាន់តែប្រសើរ៕
No comments:
Post a Comment