![]() |
ប៉ូលិស បុគ្គលិកអគ្គិភ័យ ធ្វើការនៅកន្លែងផ្ទុះ ក្នុងសង្កាត់ម៉ាន់ហាតាន់់។ Afp |
ppp
Mon, 19 September 2016
AFP
ក្រុងញូវយ៉កៈ ការផ្ទុះដែលគិតទុកជាមុនមួយ បានធ្វើឲ្យកក្រើក សង្កាត់ទំនើបបំផុតមួយនៃក្រុងញូវយ៉កពីរាត្រីថ្ងៃអាទិត្យ ដោយបណ្តាលឲ្យរបួសមនុស្ស ២៩ នាក់ ម្នាក់របួសធ្ងន់ មួយសប្តាហ៍ បន្ទាប់ ពីរដ្ឋធានីហិរញ្ញវត្ថុអាមេរិកមួយ នេះប្រារព្ធខួបទី ១៥ នៃការវាយប្រហារភេរវកម្ម ១១ កញ្ញា។
ការផ្ទុះនេះ បានកើតឡើងនៅក្នុងប្លុក Chelsea នៃសង្កាត់ម៉ាន់ហាតាន់ ៨:៣០ នាទីយប់ លើវិថីទី ២៣ ខាងលិចចន្លោះរុក្ខវិថីទី ៦ និងទី៧ នៅក្នុង ម៉ោងមមាញឹកនៃចុងសប្តាហ៍នៅក្នុងតំបន់មួយ ដែលសម្បូរដោយបារ៍ ភោជនីយដ្ឋាន និងប្លុកអាផាតមិនប្រណីតៗ។
ការវាយប្រហារនេះ បានកើតឡើង ខណៈមនុស្ស ៨ នាក់ផ្សេងទៀត ត្រូវបានរងរបួស នៅពេលដែលបុរសម្នាក់ ដែលយោងដល់ព្រះអាឡា បានធ្វើការវាយប្រហារដោយចាក់នៅក្នុងផ្សារទំនើបមួយនៅ ក្នុងរដ្ឋមីនីសូតានៅ រាត្រីជាមួយគ្នានោះ មុនពេលត្រូវមន្ត្រីប៉ូលិសដែលផុតភារកិច្ចម្នាក់ បាញ់សម្លាប់។
លោក Blair Anderson ប្រមុខប៉ូលិសក្រុង St. Cloud ជាទីដែលការវាយប្រហារបានកើតឡើង បានប្រាប់ក្រុមអ្នកកាសែត ថា ជនសង្ស័យ បានសួរយ៉ាងហោចណាស់មនុស្សម្នាក់ថាតើ គេជាមូស្លីមឬទេ មុនពេលវាយប្រហារពួកគេ។
ប៉ុន្តែលោក បានសង្កត់ធ្ងន់ថា ចេតនារបស់ជនដៃដល់នៅតែមិនច្បាស់ និងបាននិយាយថា «ថាតើ វាជាការវាយប្រហារភេរវកម្មឬអត់ ខ្ញុំមិនអាចនិយាយបានទេពេលនេះ ព្រោះ យើងក៏មិនទាន់ដឹង»។
សម្រាប់ការវាយប្រហារនៅ ញូវយ៉កចៅហ្វាយក្រុងលោក Bill de Blasio បាននិយាយថា គេ ក៏មិនដឹងថា វាមានទំនាក់ទំនងនឹងភេរវកម្មដែរក្នុងដំណាក់កាលនេះថ្វីបើក្រុមប៉ូលិសបានស៊ើបអង្កេតវិថីទី ២៧ សម្រាប់គ្រឿងផ្ទុះទីពីរ ដែលបានរាយការណ៍ ដោយដុតដៃដុតជើងដើម្បី ធានាទំនុកចិត្តសុវត្ថិភាពជាថ្មីដល់ ក្រុមអ្នកក្រុង ៨,៤ លាននាក់របស់ក្រុងនេះ។
ការផ្ទុះនេះ កើតមានឡើងពីរថ្ងៃមុនក្រុមមេដឹកនាំពិភពលោកដឹកនាំដោយ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួបគ្នាក្នុងបុរីញូវយ៉កសម្រាប់មហាសន្និបាតអ. ស.ប. ជាពេលមួយដែលតំបន់ជាច្រើន នៃសង្កាត់ម៉ាន់ហាតាន់ ឈប់ស្ងៀមក្រោមវិធានការសន្តិសុខតឹងរ៉ឹង។
ក្នុងសន្និសីទកាសែតវេលារំលង អ្រធាត្រមួយលោក de Blasio បាននិយាយថា៖ «ពេលនេះ ពុំមានភ័ស្តុតាងណាមួយភ្ជាប់ឧបទ្ទវហេតុនេះទៅភេរវកម្មទេ។ ពុំមានការគំរាមកំហែងជាក់លាក់ និងអាចជឿបានពីអង្គការភេរវកម្ម ណាមួយ ប្រឆាំងក្រុងញូវយ៉កនៅ ក្នុងពេលនេះទេ»។
ក្រុមអ្នកយកព័ត៌មាន AFP បានឃើញវត្តមានប៉ូលិសជាទ្រង់ទ្រាយធំ នៅឯទីតាំងឧក្រិដ្ឋកម្ម ជាទីដែលពួកគេត្រូវបានចូលរួមដោយកម្លាំង FBI និងក្រុមប្រឆាំងភេរវកម្ម ខណៈឧទ្ធម្ភាគចក្រប៉ូលិសជាច្រើនគ្រឿង ក្រវែលពីលើក្បាល ហើយសំឡេងស៊ីរ៉ែន បានបន្លឺឡើង។
ស្នងការនាយកដ្ឋានអគ្គិភ័យ លោក Daniel Nigro បាននិយាយថា៖ «ក្នុងចំណោមមនុស្ស ២៩ នាក់ ដែលបានរងរបួស ២៤ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយកម្រិតដាច់ និងរលាត់ផ្សេងៗគ្នា ដោយសារកញ្ចក់ និងលោហៈ»៕
No comments:
Post a Comment