ដោយ ហង្ស សាវយុត
2016-09-19

ជាងជួសជុលកំពែងអង្គរធំនៅខ្លោងទ្វារដៃឆ្នាំង ខេត្តសៀមរាប កំពុងបោសសម្អាតក្បាច់ថ្មបាយក្រៀមចុងក្រោយ នៅមុនពេលពេលបិទការដ្ឋាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth
មន្ត្រីអាជ្ញាធរអប្សរា បានប្រកាសបិទការដ្ឋានជួសជុលកំពែងប្រាសាទអង្គរធំនៅខ្លោងទ្វារដៃឆ្នាំងប៉ែកខាងជើងឆៀងខាងលិច កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា។ ការប្រកាសបិទការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិរក្សរបស់អាជ្ញាធរអប្សរា បានប្រើអ្នកជំនាញ ព្រមទាំងកម្មករជាង ៧០នាក់ ធ្វើការជួសជុលកំពែងដែលបាក់បែកនេះរយៈពេល ៤ឆ្នាំមកហើយ។
អ្នកជំនាញរបស់អាជ្ញាធរអប្សរារំពឹងថា កំពែងប្រាសាទបុរាណអង្គរធំប្រវែង ៨៣ម៉ែត្រ នៅខ្លោងទ្វារដៃឆ្នាំង ដែលគេបានជួសជុលយ៉ាងហ្មត់ចត់បំផុតនោះ អាចនឹងនៅគង់វង្សបានពាន់ឆ្នាំតទៅមុខទៀត ទុកជាកេរដំណែលឲ្យកូនខ្មែរជំនាន់ក្រោយ។
ការថ្លែងបែបនេះ ធ្វើឡើងនៅឯការដ្ឋានជួសជុលកំពែងប្រាសាទអង្គរធំមួយកន្លែង ដែលគេប្រកាសបិទកាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា។
ប្រធានការដ្ឋានជួសជុលកំពែងអង្គរធំ និងកស្សិណអង្គរវត្ត គឺលោក ម៉ៅ សុខនី។ លោកមានប្រសាសន៍ថា ក្រុមការងាររបស់លោកបានជួសជុលកំពែងអង្គរធំនៅខ្លោងទ្វារដៃឆ្នាំងប្រវែង ៨៣ម៉ែត្របានចប់សព្វគ្រប់ហើយ។ លោកបញ្ជាក់ថា កំពែងអង្គរបានរងការបាក់បែក និងខូចខាតជាច្រើនកន្លែង ដោយសារព្យុះកេតហ្សាណា (Ketsana) បំផ្លាញ ព្រមទាំងទឹកហូរច្រោះផងកាលពីឆ្នាំ២០១១ កន្លងទៅ៖ «យើងធ្វើតាមលក្ខណៈបុរាណទៅវិញ ដោយសារតែយើងមិនចង់ប្រើអ្វីដែលជាបច្ចេកទេសទំនើប»។
ក្រុមអ្នកជំនាញរបស់អាជ្ញាធរអប្សរាឲ្យដឹងថា រយៈពេល ៤ឆ្នាំមកហើយ គេបានប្រឹងប្រែងជួសជុលកំពែងប្រាសាទអង្គរធំនៅខ្លោងទ្វារដៃឆ្នាំង ដែលបាក់បែកចំនួន ៤កន្លែងប្រវែង ៨៣ម៉ែត្រនោះ។ ការជួសជុល គឺបានប្រើពេលយ៉ាងច្រើន និងប្រយ័ត្នបំផុត តាំងពីការប្រើបាយអតាមរូបមន្តបុរាណមកបិទភ្ជាប់ ព្រមទាំងជញ្ជូនថ្មបាយក្រៀមពីតំបន់ឆ្ងាយមកតម្រៀបធ្វើជាជញ្ជាំងឡើងវិញ ព្រមទាំងដាំស្មៅនៅតាមជើងជញ្ជាំង ដើម្បីកុំឲ្យដីហូរច្រោះផង។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល ឲ្យដឹងថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមក គឺគម្រោងអភិរក្សរបស់អាជ្ញាធរអប្សរាបានប្រឹងប្រែងជួសជុលកំពែងប្រាសាទអង្គរធំខ្លោងទ្វារដៃឆ្នាំងដែលបាក់បែក ឲ្យល្អឡើងវិញបានចំនួន ៤កន្លែង ដូចជានៅផ្នែកខាងកើតមាន ២ទីតាំង នៅខាងទន្លេអុំ ១ទីតាំង និងនៅប៉ែកឦសាន ១ទីតាំងទៀត។ លោក ឡុង កុសល បញ្ជាក់ថា បើទោះបីជាអ្នកជំនាញរបស់អាជ្ញាធរអប្សរា បានបិទការដ្ឋានជួសជុលកំពែងអង្គរធំចំនួន ៤កន្លែងហើយក៏ដោយ ក៏នៅម្ដុំខ្លោងទ្វារដៃឆ្នាំង គឺនៅតែមានគម្រោងជួសជុលកំពែងបុរាណបន្ត។ ក្រៅពីនោះ ក៏មានការជួសជុលប្រាសាទផ្សេងៗជាច្រើនទៀតដែរ៖ «ហើយនៅទីលានជល់ដំរី យើងមានការជួសជុលឡើងវិញ រចនាសម្ព័ន្ធផ្កាឈូក។ ក្រៅពីនៅតំបន់អង្គរធំ និងអង្គរវត្ត គឺនៅប្រាសាទបន្ទាយស្រី គឺយើងជួសជុលកំពែងដែរ»។
ទោះបីជាយ៉ាងណា មន្ត្រីអាជ្ញាធរអប្សរាមិនអាចបញ្ជាក់ថា តើគម្រោងជួសជុលទាំងនោះត្រូវប្រើថវិកាអស់ប៉ុន្មាននោះទេ? ដោយគេគ្រាន់តែបញ្ជាក់ថា ការជួសជុលទាំងនោះត្រូវចំណាយថវិកាច្រើន ពីព្រោះឧបករណ៍ដែលបម្រើការជួសជុល វាទាមទារឲ្យមានគុណភាព ព្រមទាំងបច្ចេកទេសសមស្របទៅនឹងវត្ថុបុរាណដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយផង៕
No comments:
Post a Comment