Tuesday, 13 September 2016

ជនរងគ្រោះ​ដោយ​ករណី​ឆបោក​ប្រាក់​១​លាន​ដុល្លារ​នឹង​បន្ត​ប្ដឹង​នៅ​តុលាការ​អាមេរិក


ដោយ ម៉ៅ សុធានី
2016-09-12
rfa

ស៊ីវ ស៊ីចាន់ អេង លីគង់ ៦២០
លោកស្រី អេង លីគង់ និង​លោក ស៊ីវ ស៊ីចាន់ ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុមហ៊ុន​ទិញ​អង្ករ​ពី​កម្ពុជា។
Provided Photo



ជនរងគ្រោះ​ក្នុង​ករណី​បណ្ដឹង​ពី​បទ​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​អាមេរិក បន្ត​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​សហរដ្ឋអាមេរិក ទោះ​បី​ចុង​ចោទ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ក៏ដោយ។

​វេជ្ជបណ្ឌិត​ទន្តពេទ្យ អ្នកស្រី អេង លីគង់ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១២ កញ្ញា ថា ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម ៤​នាក់ គឺ​លោក វីលៀម នូហ្យេ (William Nojay) អាយុ ៥៩​ឆ្នាំ បាន​ធ្វើ​អត្តឃាត​កាល​ពី​ចុង​សប្ដាហ៍​មុន។

អ្នកស្រី​បន្ត​ថា ការ​បាញ់​សម្លាប់​ខ្លួន​ឯង​នេះ ស​បញ្ជាក់​ថា ជនជាប់ចោទ​បារម្ភ​ពី​ទោស​ព្រហ្មទណ្ឌ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត៖ «ខ្ញុំ​គិត​ថា ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ខ្ញុំ​ដែល​គាត់​ពិតជា​ទទួល​ដឹង​ឮ​ថា ខ្លួន​គាត់​នឹង​មានទោស​ព្រហ្មទណ្ឌ។ ទោះបីជា​ម្នាក់​ស្លាប់​ក៏ដោយ បើ​ខ្ញុំ​អត់​ប្ដឹង​បន្ត ខ្ញុំ​ឈប់​ពាក់​កណ្ដាល​ទី ខ្ញុំ​ម៉េច​ដឹង​ថា អ្វី​ដែល​គាត់​ប្ដឹង​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ហ្នឹង អត់​ដឹង​យ៉ាង​ម៉េច។ ប្រាក់​ដែល​បាត់​នោះ​មួយ​លាន​ដុល្លារ។ ពី​មុន​ខ្ញុំ​ចង់បាន​ប្រាក់​សង​ជា​ជំងឺ​ចិត្ត ប៉ុន្តែ​ឥឡូវ​នេះ​ចង់​បាន​យុត្តិធម៌​សម្រាប់​ខ្លួន​ខ្ញុំ»។

​លោក វីលៀម នូហ្យេ គឺ​ជា​អតីត​មេធាវី ជា​សហគ្រិន និង​ជា​សមាជិកសភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ញូវយ៉ក (New York)។ លោក វីលៀម នូហ្យេ និង​ជនជាប់ចោទ ៣​នាក់​ទៀត រួម​មាន​លោក ស៊ីវ ស៊ីចាន់ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោក រីឆឺរ៍ សាន ពាណិជ្ជករ​ខ្មែរ-​អាមេរិកាំង នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) និង​ពាណិជ្ជករ​មួយ​រូប​ទៀត​ពី​រដ្ឋ​តិចសាស់ (Texas) គឺ​លោក ថូម៉ាស វីលែម (Thomas Willems)។ អ្នក​ទាំង ៤​នាក់​នោះ បាន​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ អាក្រា (AKRA) ដើម្បី​រក​ទីផ្សារ​លក់ និង​បង្កើន​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា មក​សហរដ្ឋអាមេរិក។ តុលាការ​ក្រុង​ភ្នំពេញ នឹង​បើកសវនាការ​ក្នុង​រឿង​ក្តី​នេះ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ខាង​មុខ៕

No comments: