Saturday, 17 September 2016
IMF បើកប្រាក់សង្គ្រោះឲ្យអ៊ុយក្រែន ១ ពាន់លានដុល្លារ
ppp Fri, 16 September 2016
AFP
ក្រុងវ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ បានចាប់ផ្តើមកម្មវិធីថវិកាសង្គ្រោះរបស់ខ្លួនឡើងវិញសម្រាប់ប្រទេស អ៊ុយក្រែន ដែលត្រូវបានហែកហួរដោយសង្គ្រាម ដោយបានបញ្ចេញថវិកាសង្គ្រោះចំនួន ១ ពាន់លានដុល្លារពីកញ្ចប់សង្គ្រោះ ដែលត្រូវបានពន្យារពេលមួយផ្នែកដោយសារក្តីបារម្ភពីអំពើពុករលួយ។
រដ្ឋាភិបាលក្រុងកៀវ បាននិងកំពុងរង់ចាំការផ្តល់ឥណទានឡើងវិញនេះ គិតចាប់តាំងពីខែសីហា ឆ្នាំមុនមកក្នុងកម្មវិធីតម្លៃ ១៧,៥ ពាន់លានដុល្លារ ក្នុងគោលបំណងជួយរក្សាស្ថិរភាពនៅប្រទេសអ៊ុយក្រែន បន្ទាប់ពីការបញ្ចេញលោក Viktor Yanukovych ប្រធានាធិបតី ដែលគាំទ្រប្រទេស រុស្ស៊ី ចេញពីតំណែងកាលពីឆ្នាំ ២០១៤។
សារមួយដែលត្រូវបានបង្ហោះក្នុងគណនី Twitter ផ្លូវការរបស់លោក Petro Poroshenko ប្រធានាធិបតីអ៊ុយក្រែននាពេលបច្ចុប្បន្ន បានសាទរចំពោះដំណឹងនេះ។
សារនោះបានបន្តឲ្យដឹងថា៖ «ការសម្រេចរបស់មូលនិធិ IMF បង្ហាញថា ពិភពលោកទទួលស្គាល់ថា ប្រទេសអ៊ុយក្រែន មានកំណែទម្រង់ និងថា ការផ្លាស់ប្តូរផ្នែកបរិមាណបានកើតមាន ដែលបង្ហាញថា ប្រទេសនេះកំពុងដើរឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ»។
ប្រទេសអ៊ុយក្រែន បានរងផលប៉ះពាល់ពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង បន្ទាប់ពីមានសង្គ្រាមរយៈពេលពីរឆ្នាំ ដោយ កំណើន ផ.ស.ស របស់ប្រទេសនេះបានធ្លាក់ចុះ ៩,៩ ភាគរយនៅឆ្នាំ២០១៥។
មូលនិធិ IMF បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចកាលពីថ្ងៃពុធរបស់ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF នាំឲ្យការបើកប្រាក់សរុបពីមូលនិធិនេះកើនឡើងដល់ប្រមាណ ៧,៦២ពាន់លានដុល្លារ៕ AFP/BP
Subscribe to:
Post Comments (Atom)
No comments:
Post a Comment