ដោយ ប្រាជ្ញ ចេវ
2016-10-23

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង (ឆ្វេង) ចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីសង្គមស៊ីវិលមួយចំនួនលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា របស់រដ្ឋាភិបាលក្នុងរយៈពេល ២៥ឆ្នាំនេះ មិនទាន់បានល្អគ្រប់គ្រាន់នៅឡើយ បើទោះកម្ពុជា នៅពេលនេះគ្មានសង្គ្រាមក្តី។ ប៉ុន្តែភាគីរដ្ឋាភិបាលលើកឡើងថា កម្ពុជា ពេលនេះខុសគ្នាដូចមេឃនិងដី បើធៀបនឹងសម័យខ្មែរក្រហម ក្រោយបញ្ចប់សង្គ្រាម រដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រស្ទើរទាំងស្រុង ដែលបានចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
សង្គមស៊ីវិលនៅតែទាមទារឲ្យភាគីរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឲ្យបានពេញលេញ ដើម្បីធានានូវការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ក្រុមអ្នកតាមដានសង្គមកម្ពុជា យល់ថា ការបញ្ចប់សង្គ្រាម តែមិនមែនមានន័យថា រដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះបានពេញលេញទេ។
ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង និយាយថា ការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា របស់រដ្ឋាភិបាល បានត្រឹមតែសម្បកក្រៅទេ ដែលធាតុពិត រដ្ឋាភិបាលកំពុងរឹតត្បិតសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់របស់ពលរដ្ឋ ខណៈពលរដ្ឋទាមទារឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធី។ ប៉ុន្តែលោកថា ប្រសិនបើរដ្ឋាភិបាលធ្វើការបង្ក្រាប អាចនឹងរុញច្រានឲ្យពួកគេងើបឡើងតវ៉ាដោយហិង្សា៖ «បើសិនគ្មានការបង្ក្រាបពីរដ្ឋាភិបាលកម្ពុជា ការផ្លាស់ប្ដូរនោះជាការផ្លាស់ដោយសន្តិភាព ប៉ុន្តែបើមានការបង្ក្រាបពីរដ្ឋាភិបាល ការផ្លាស់ប្ដូរនោះជាការផ្លាស់ប្ដូរហិង្សា ប៉ុន្តែអត់អាចជៀសផុតពីការផ្លាស់ប្ដូរបានទេ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលកើតឡើងពីបណ្ដាប្រទេសចំនួន១៨ ដែលរួមទាំងកម្ពុជា ក្នុងគោលបំណងធានា “អធិបតេយ្យភាព ឯករាជភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា” និង “ការធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌”។
គិតមកដល់ឆ្នាំ២០១៦ នេះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស មានអាយុ ២៥ឆ្នាំ បើធៀបទៅនឹងមនុស្ស គឺពេញវ័យពេញរូបពេញរាង។ ដោយឡែកអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន យល់ថា អ្នកនយោបាយខ្មែរនៅក្មេងខ្ចីនៅឡើយ ដែលទំនាស់នយោបាយនៅតែកើតមាន រហូតធ្វើឲ្យអ្នកនយោបាយយកកងប្រដាប់អាវុធទៅបំភិតបំភ័យក្រុមដែលមានមតិផ្ទុយពីខ្លួន។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា សង្កេតឃើញថា ការអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺការអនុវត្តការឈប់បាញ់គ្នាបាន ប៉ុន្តែការអនុវត្តនៃការដំណើរការនយោបាយ ការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ អនុវត្តមិនទាន់បាននៅឡើយទេ។ លោកបន្តថា ការអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស មិនបានពេញលេញ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ សិទ្ធិអ្នកនយោបាយ គម្លាតខុសគ្នាឆ្ងាយរវាងអ្នកមាន និងអ្នកក្រ ការបំបិទសំឡេងអ្នកតស៊ូ៖ «មានការរំលោភបំពានមិនឲ្យពួកគេចូលរួមពេញលេញនៅក្នុងដំណើរការនយោបាយ ហើយមានការកើនឡើងនៃសំឡេងប្រជាពលរដ្ឋឋិតការភិតភ័យដដែល»។
ដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែតុលា ថា អង្គការជាង ៥០ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញថា រដ្ឋាភិបាលកម្ពុជា មិនទាន់អនុវត្តគោលការណ៍នៃសន្ធិសញ្ញាសន្តិភាពមួយនេះបានគ្រប់ជ្រុងជ្រោយនោះទេ។ សេចក្តីថ្លែងការណ៍ដដែល ស្នើសុំរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញមន្ត្រីសិទ្ធិមនុស្ស ធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិល និងច្បាប់សហជីព និងត្រូវធានាថា ប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធមានឯករាជភាព។
ប៉ុន្មានថ្ងៃក្រោយពីសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍នេះ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រាប់ទៅវិញថា ២៥ឆ្នាំក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជា ពិតជារីករាយនឹងអ្វីដែលមាននាពេលបច្ចុប្បន្ន ដែលខុសគ្នាដូចមេឃ និងដី បើប្រៀបធៀបនឹងសម័យខ្មែរក្រហម។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថែមទាំងអះអាងថា លោក ហ៊ុន សែន ជាស្ថាបនិកតែមួយគត់ដែលកំពុងធានាបន្តមរតក ជាពិសេសការធានាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍ដដែលបន្តថា លោក ហ៊ុន សែន បានប្រយុទ្ធប្រឆាំងនឹងសង្គ្រាមមួយទៀត គឺកាត់បន្ថយភាពក្រីក្រ។ ជាលទ្ធផល ភាពក្រីក្របានថយចុះ ១០០% នៅឆ្នាំ១៩៧៩ មកត្រឹម ១០% នាពេលបច្ចុប្បន្ន និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ៧% រៀងរាល់ឆ្នាំ។
បណ្ឌិត ផាក ខ្យុង សេអូ (Park Kyung-seo) សាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្សនៃសាកលវិទ្យាល័យ ដុងហ្គុគ (Dongguk University) នៅប្រទេសកូរ៉េ ថ្លែងឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៩ ខែតុលា ថា ការអនុវត្តរបស់រដ្ឋាភិបាលមិនទាន់បាន ១០០ភាគរយនៅឡើយ ដែលគួរបន្តដើរទៅមុខទៀតដើម្បីបង្កើនការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋជាមួយតម្លាភាព និងទំនួលខុសត្រូវ។ លោកយល់ថា ប្រសិនរដ្ឋាភិបាលធានាបាននូវការគោរពសិទ្ធិសេរីភាពទាំងនេះ ពលរដ្ឋអាចរស់នៅបានដោយសុខស្រួល និងអាចពង្រឹងសក្ដានុពលរបស់ពួកគេថែមទៀត ដើម្បីចូលរួមអភិវឌ្ឍជាតិ៖ «ខ្ញុំមើលឃើញថា កម្ពុជា ត្រូវខំធ្វើការថែមទៀត។ សិទ្ធិសេរីភាពរបស់ពលរដ្ឋមិនទាន់ត្រូវបានធានាទេ បើមើលតាមអ្វីដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជា ទាំង៤ ព្រមទាំងតំណាងស្ថាប័ន និងរដ្ឋាភិបាលនៃប្រទេសចំនួន ១៨ផ្សេងទៀតកាលពីឆ្នាំ១៩៩១ បានចែងនូវការព្រមព្រៀងសំខាន់ចំនួន៣ គឺកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយ អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និងសេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជា ឡើងវិញ។
កិច្ចព្រមព្រៀងនេះបញ្ជាក់ថា ក្នុងករណីដែលមានការរំលោភ ឬគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះ សហប្រធានទាំងពីរនៃកិច្ចព្រមព្រៀងនេះ គឺប្រទេសបារាំង និងឥណ្ឌូនេស៊ី ត្រូវធ្វើការពិគ្រោះគ្នាដ៏សមស្របជាបន្ទាន់ រាប់ទាំងជាមួយបណ្ដាសមាជិកសន្និសីទក្រុងប៉ារីស ដើម្បីចាត់វិធានការសមស្របធានាដល់ការគោរពការសន្យាទាំងនេះ។
ទាក់ទងពិធីរំឭកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ២០១៦ ក្រសួងការបរទេស បានកោះហៅអង្គទូតនានាដែលពាក់ព័ន្ធនឹងសន្ធិសញ្ញានេះ មកពន្យល់ពីការអនុវត្តរបស់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា។
ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់ថា ឆន្ទៈរបស់កម្ពុជា គឺឆ្ពោះទៅជាប្រទេសទំនើបមួយ ដូច្នេះជំហរនេះត្រូវតែធ្វើឲ្យបាន ទោះមានកំហុសខ្លះៗក៏ដោយ។ លោកស្នើឲ្យយោគយល់ ប៉ុន្តែមិនឲ្យវិនិច្ឆ័យនោះទេ៖ «យើងត្រូវតែសម្រេចឲ្យបានបើទោះជាមានកំហុសខ្លះៗដែលជៀសមិនរួចក៏ដោយ ពោលគឺអនុវត្តវិធីថ្មីៗក្នុងការធ្វើសន្តិភាព បើមិនដូច្នេះទេ លទ្ធិប្រជាធិបតេយ្យដែលផ្អែកលើនីតិរដ្ឋ គឺគ្រាន់តែក្តីស្រមៃប៉ុណ្ណោះ»។
សង្គមស៊ីវិល និងមតិអន្តរជាតិ អំពាវនាវឲ្យប្រទេសហត្ថលេខីទាំង ១៨ប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បន្តឃ្លាំមើល និងបន្តផ្ដល់ជំនួយ និងអន្តរាគមន៍ ប្រសិនបើមានការស្នើសុំដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យកាន់តែមានប្រសិទ្ធភាព៕
1 comment:
NOTHING IS FREE IN THIS WORLD
The international community has helped Cambodia so much already.
Khmer people need to help themselves too.
If Khmer people felt that the 1991 Paris Peace Accord has not been executed by Yuon Vietnam and its puppet Cambodia, they have to show their discontent by mounting a massive peaceful demonstration demanding the signatory countries to review such accord.
Cambodia problem is complex because the evil Yuon controls Cambodia.
Therefore, a sizeable number of death must be arisen from the peaceful demonstration first before the international community could intervene and help Cambodia.
For example, the demonstration to make the government find Dr. Kem Ley's killers is the right thing to do
The demonstration to make the government implement the 1991 Paris Peace Accord is the right thing to do.
If Ah Kouk Chker Soth Hun violently suppressed the peaceful demonstrators and killed a lot of people, then the international community has the morale obligation to intervene and rescue Cambodia one more time.
The demonstration for the above absolute just cause will save Cambodia. This present Khmer people need to pay some price for the survival of Cambodia and for the welfare of future Khmer people.
Bun Thoeun
Post a Comment