Sunday, 23 October 2016

ពលរដ្ឋ​ឃុំ​ស្រែគរ​ថា​ឈ្មួញ​ដឹក​ឈើ​ពី​តំបន់​ផ្សេង​ចូល​បរិវេណ​ផ្ទៃ​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី


ដោយ ម៉ែន សុធីរ
2016-10-23

សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Brach Chev
សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Brach Chev
 RFA/Brach Chev



ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា រថយន្ត​យីឌុប​ជាង ៣០​គ្រឿង​ត្រៀម​ដឹក​ឈើ​មុខ​កាត់​ធំៗ​ចេញ​ពី​បរិវេណ​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កាល​ពី​ថ្ងៃ​ទី​២២ តុលា ទំនង​យក​ទៅ​ក្រៅ​ប្រទេស។ អ្នក​ភូមិ​ថា ឈើ​ទាំងនោះ​ក្រុម​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ពី​តំបន់​ឆ្ងាយៗ​នៃ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង មក​អារ​ច្រៀក​ក្នុង​បរិវេណ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​ធ្វើ​ទៅ​ជា​ឈើ​ស្រប​ច្បាប់ រួច​ដឹក​ចេញ​ក្រៅ។



ពលរដ្ឋ​អះអាង​ថា ឈើ​ដែល​មាន​មុខ​កាត់​ធំៗ និង​មួយ​ចំនួន​តូច​ជា​ឈើ​ប្រណិត ឋិត​នៅ​តំបន់​ព្រៃ​ចាស់​ក្នុង​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន កំពុង​ត្រូវ​បាន​គេ​កាប់​រំលំ​គគ្រឹកគគ្រេង រួច​ដឹក​ជញ្ជូន​ចូល​ក្នុង​បរិវេណ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​អារ​ច្រៀក ងាយ​ស្រួល​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ​ចេញ​ក្រៅ ទំនង​យក​ទៅ​ប្រទេស​វៀតណាម និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ មើល​ឃើញ​ថា កម្មករ​សម្រុក​កាប់​ឈើ​មាន​មុខ​កាត់​ធំៗ ដូចជា ស្រឡៅ ផ្ចឹក ឈើទាល និង​សុក្រំ ជាដើម ដែល​ឋិត​នៅ​តំបន់​ព្រៃ​ចាស់​ស្រុក​សៀមប៉ាង និង​តំបន់​ព្រៃ​ស្រោង​មួយ​ចំនួន​ទៀត រួច​ដឹក​ជញ្ជូន​ចូល​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​រថយន្ត​យីឌុប​រាប់​សិប​គ្រឿង​ត្រៀម​ដឹក​ចេញ​ក្រៅ។ លោក​ថា ការ​ដឹក​ជញ្ជូន​ឈើ​ក្រៅ​ផ្ទៃ​អាង កើត​មាន​ឡើង​ច្រើន​ឆ្នាំ​កន្លង​មក ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ចេញ​មុខ​ទប់ស្កាត់​ជា​ដុំ​កំភួន​ឡើយ៖ «ប្រហែល​ជា ៣០​យីឌុប ឃើញ​ឡាន​គេ​ឈប់។ អស់​អា​លីង​ហើយ​ឈើ​អាណត្តិ​នេះ ឈើ​នៅ​ស្រែគរ គ្មាន​សេសសល់​ទេ»។

ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​១៨ តុលា រថយន្ត​យីឌុប​ជាង ១០​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បំណង​យក​ទៅ​ខេត្ត​ស្វាយរៀង ដោយ​មាន​លិខិត​អនុញ្ញាត​ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ធ្លាប់​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ពុំ​មាន​ឈើ​ក្នុង​តំបន់​បាត​អាង​នោះ​ទេ គឺ​ត្រូវ​ក្រុមហ៊ុន​បាត​អាង​សម្រុក​កាប់​លក់​អស់​តាំង​ពី​ឆ្នាំ​២០១៥។ បញ្ហា​នេះ បង្ខំ​ឲ្យ​ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ប្រើប្រាស់​ឈើ​ក្រៅ​ផ្ទៃ​អាង ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លើស​ពី​នេះ ផែនការ​ដក​ហូត​ឈើ ឬ​ប្រើប្រាស់​ក្នុង​តំបន់​ផ្ទៃ​អាង​របស់​ក្រុមហ៊ុន ក៏​ពុំ​មាន​លក្ខណៈ​ច្បាស់លាស់។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ តុលា។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ឧកញ៉ា លឹម ប៊ុនណា ហៅ​ខ្នារ ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​មិន​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​ទេ។ តែ​យ៉ាង​ណា​លោក​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ និង​ចុះ​ពិនិត្យ​ជាក់ស្តែង​ករណី​នេះ​ដែរ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​មាន​កាតព្វកិច្ច​តាមដាន និង​អនុវត្ត​ភារកិច្ច​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​ការពារ​ធនធាន​ធម្មជាតិ ហើយ​អាច​រាយការណ៍​ផ្ទាល់​មក​រដ្ឋបាល​ខេត្ត៖ «ទាក់ទង​ព័ត៌មាន​ឮ​ថា​ប្រមូល​ឈើ​ក្រៅ​តំបន់​បាត​អាង មិន​ទាន់​ព័ត៌មាន​ហ្នឹង​ជាក់លាក់​នៅ​ឡើយ​ទេ។ យើង​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ យើង​បាន​ឲ្យ​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ បើ​ឃើញ​មាន​ករណី​ហ្នឹង​មែន យើង​ត្រូវ​តែ​ទប់ស្កាត់»។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ប្រសិន​បើ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង​នៅ​មូលដ្ឋាន​របស់​ខ្លួន ពលរដ្ឋ​អាច​ប្រើ​សិទ្ធិ​របស់​ខ្លួន​ផ្ដិត​មេដៃ​ប្ដឹង​ករណី​នេះ​មក​ស្ថាប័ន​អយ្យការ ​ដើម្បី​ចាត់​វិធានការ​ច្បាប់។ លោក​ថា បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​កំពុង​ក្លាយ​ជា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ប្រសិន​បើ​មន្ត្រី​ពាក់ព័ន្ធ​រួម​គំនិត​ជាមួយ​ក្រុមហ៊ុន​នាំ​ឈើ​ចេញ​ក្រៅ​ផ្ទុយ​ពី​ច្បាប់៖ «អ្នក​ដឹកនាំ​រដ្ឋ​លោក​ព្រមាន។ លោក​បញ្ជា​អត់​មាន​ប្រសិទ្ធភាព​ចឹង ស្ថាប័ន​ទី​៣ ត្រូវ​តែ​អនុវត្ត​ហើយ​យោង​តាម​ការ​អនុវត្ត​របស់​ស្ថាប័ន​ទី​៣ តុលាការ​ហ្នឹង គឺ​ពលរដ្ឋ​ទាំងអស់​នៅ​ខេត្ត​ស្ទឹងត្រែង រួម​ទាំង​សង្គម​ស៊ីវិល ត្រូវ​តែ​ផ្ដិត​មេដៃ​ប្ដឹង។ ពី​បទ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នៅ​តំបន់​នោះ»។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង យល់​ថា រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ របស់​ក្រុមហ៊ុន​សម្អាត​បាត​អាង និង​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នោះ បើ​រក​ឃើញ​ថា ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​ឈើ​ក្រៅ​ផ្ទៃ​អាង​ខុស​ច្បាប់ ដើម្បី​ស្រោចស្រង់​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ។ លោក​ថា បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​នេះ​ទេ មាន​ន័យ​ថា រដ្ឋាភិបាល​ក៏​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​ដែរ៖ «នេះ​ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន​ពី​វិនាសកម្ម​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា។ ដែល​អ្នក​ស្រែក​នៅ​តែ​ស្រែក អ្នក​កាប់​នៅ​តែ​កាប់ អ្នក​រក​ស៊ី​នៅ​តែ​រក​ស៊ី។ ប្រសិន​គេ​ចាប់​ទៅ បង់​តែ​លុយ​ទៅ វា​រួច​ខ្លួន​ទៅ​ហើយ»។

កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

No comments: