Saturday, 22 October 2016

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ


ដោយ ម៉ែន សុធីរ
2016-10-22

ក្រុម​យុវជន ខែត្រ​ស្ទឹងត្រែង ដើរ​រើស​សំរាម​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។
ក្រុម​យុវជន ខែត្រ​ស្ទឹងត្រែង ដើរ​រើស​សំរាម​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។
 RFA/Men Sothyr



អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល អាជីវករ និង​ពលរដ្ឋ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​កែប្រែ​ឥរិយាបថ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តាម​ទី​សាធារណៈ អគារ​រដ្ឋបាល​សាធារណៈ ផ្ទះ​ធ្វើ​អាជីវកម្ម លំនៅឋាន និង​ទីផ្សារ​ជាដើម។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​សហការ​ជាមួយ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា  និង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​យុវជន និស្សិត និង​សិស្សានុសិស្ស​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​តុលា ដើរ​រើស​សំរាម​តាម​ផ្លូវ​សាធារណៈ ប្រយោជន៍​លើ​ស្ទួយ​បរិស្ថាន​នៅ​ក្រុង​ស្ទឹងត្រែង ដើម្បី​បញ្ជាប់​ស្មារតី​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ថែរក្សា​អនាម័យ ជាពិសេស​ការ​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ត្រឹមត្រូវ។

ការ​ទុកដាក់​សំរាម និង​ការ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​កត្តា​សំខាន់ ដែល​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង និង​មន្ត្រី​ទេសចរណ៍​ខែត្រ​នេះ​បាន​លើក​ឡើង​ក្នុង​ទិវា​ទេសចរណ៍​ពិភពលោក​នៅ​ទី​១៨ ខែ​តុលា ដែល​ប្រារព្ធ​នៅ​ខែត្រ​ស្ទឹងត្រែង ឆ្នាំ​នេះ។



អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បញ្ជាក់​ថា គោលបំណង​នៃ​យុទ្ធនាការ​នេះ​ដើម្បី​បំផុស​ស្មារតី​ពលរដ្ឋ​ឲ្យ​យល់​ពី​ការ​ថែរក្សា​អនាម័យ​ដោយ​ផ្ដើម​ពី​យើង​ទាំង​អស់​គ្នា។ ទន្ទឹម​នឹង​នេះ យុទ្ធនាការ​នេះ ក្រុម​យុវជន ឬ​សិស្សានុសិស្ស​គឺ​ជា​ក្រុម​ស្នូល​យ៉ាង​សំខាន់ និង​ជា​គំរូ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​បំផុស​ចលនា​ពលរដ្ឋ​ចូលរួម​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​ចំណែក​រក្សា​បរិស្ថាន​ស្អាត​គ្រប់​តំបន់។

អភិបាល​រង​ក្រុង​ស្ទឹងត្រែង និង​ជា​អនុ​ប្រធាន​លេខាធិការដ្ឋាន​សហភាព​សម្ព័ន្ធ​យុវជន​កម្ពុជា លោក លី មីនា រំពឹង​ថា យុទ្ធនាការ​រើស​សំរាម​នេះ នឹង​ជា​សារ​មួយ​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ចូលរួម​វេច​ខ្ចប់ និង​ទុក​ដាក់​សំរាម​ត្រឹមត្រូវ។ លោក​មើល​ឃើញ​ថា អាជីវករ​មួយ​ចំនួន​នៅ​មិន​ទាន់​អនុវត្ត​ការ​ទុកដាក់ ឬ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ក្រោយ​ពី​រងគ្រោះ​អគ្គីភ័យ​ឆេះ​ផ្សារ​កន្លង​មក។

ហេតុ​នេះ​អាជ្ញាធរ​ក្រុង​តែងតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទុក​ដាក់​សំរាម​នៅ​ទីតាំង​ដែល​អាជ្ញាធរ​កំណត់។  លោក លី មីនា បន្ថែម​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់​ទុក​ដាក់​សំរាម ឬ​ការ​បន្សល់​កាក​សំណល់​សំរាម​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​របស់​មន្ត្រី​មូលដ្ឋាន ក៏ប៉ុន្តែ​ទម្លាប់​មិន​ទទួល​ខុស​ត្រូវ​របស់​ពលរដ្ឋ​គឺ​ជា​សញ្ញា​អវិជ្ជមាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បរិស្ថាន និង​សង្គម។ លោក​ថា គ្រប់គ្នា​ត្រូវ​ទទួល​ស្គាល់​ថា ប្រសិន​បើ​ខ្វះ​ការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ផែនការ​ការ​គ្រប់គ្រង​បញ្ហា​អនាម័យ និង​សុខភាព​ក្នុង​សង្គម​របស់​មន្ត្រី​ជំនាញ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

តួលេខ​ប៉ាន់​ប្រមាណ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បង្ហាញ​ថា ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង បញ្ចេញ​ចោល​កាកសំណល់ និង​សំរាម​ជាង ៣០​តោន​ក្នុង​មួយ​ថ្ងៃៗ។

​ឆ្លើយ​តប​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ហា​សំរាម និស្សិត​ដែល​ចូល​រួម​យុទ្ធនាការ​រើស​សំរាម​គឺ​កញ្ញា យ៉ុង ភ័ក្រា ទទួល​ស្គាល់​ដែរ​ថា ពលរដ្ឋ​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ការ​ទុកដាក់​សំរាម​ត្រឹមត្រូវ ដោយ​អាជីវករ​ខ្លះ​បោះចោល​សំរាម​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ បើ​ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​លើក​ស្លាក​សញ្ញា​ហាម​មិន​ឲ្យ​ចោល​សំរាម​ក្តី។ បញ្ហា​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា កែប្រែ​ឥរិយាបថ​ពួកគេ​ឲ្យ​បញ្ឈប់​ការ​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់។

កញ្ញា​បន្ត​ថា ក្រុម​យុវជន​ចង់​ឃើញ​ពលរដ្ឋ​ទូទៅ​ចេះ​ស្រឡាញ់​បរិស្ថាន ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ ដើម្បី​ក្លាយ​ទីកន្លែង​រស់​នៅ​ប្រកប​ដោយ​សោភ័ណភាព ដែល​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​រក​ប្រាក់​ចំណូល​មិន​ចេះ​រីង​ស្ងួត៖ «គោល​បំណង​សំខាន់​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ពលរដ្ឋ​ទៅ​លើ​ការ​ទុកដាក់​សំរាម ព្រោះ​អី​រាល់​ថ្ងៃ​ហ្នឹង​គាត់​នៅ​ទុក​ដាក់​សំរាម​អត់​ទាន់ មិន​ទាន់​បាន​ល្អ​ទេ មិន​ត្រឹមតែ​មិន​ទាន់​បាន​ល្អ គឺ​វា​អត់​ល្អ​សោះ។ ចង់​ឲ្យ​គាត់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ទុកដាក់​សំរាម​តាម​ទីកន្លែង​ត្រឹមត្រូវ»។

​អាជីវករ​រស់​នៅ​ក្រុង​ស្ទឹងត្រែង ដែល​ចូលរួម​ទិវា​នេះ កញ្ញា ឈុំ កន្និការ ទទួល​ស្គាល់​ដែរ​ថា ទីតាំង​លក់​ដូរ​របស់​អាជីវករ គឺ​ជា​ប្រភព​បន្សល់​កាកសំណល់​សំរាម​នៅ​តាម​ទី​សាធារណៈ ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ។ កញ្ញា​បន្ថែម​ថា ការ​កែប្រែ​ឥរិយាបថ​បញ្ឈប់​ការ​បោះចោល​សំរាម​នៅ​គ្រប់​ទីកន្លែង គឺ​ជា​កត្តា​សំខាន់​ដែល​អាជីវករ​គ្រប់​រូប ក៏​ដូចជា​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង ត្រូវ​ប្រកាន់​យក និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​រួម​ចំណែក​ធ្វើ​ឲ្យ​បរិស្ថាន​ទូទាំង​ខែត្រ​បាន​ស្រស់​ស្អាត។ លើស​ពី​នេះ​ទៀត ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​គ្រប់​មជ្ឈដ្ឋាន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​ស្រស់​ស្អាត​នោះ​ទេ បញ្ហា​នេះ​វា​ក៏​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ដែរ៖ «ខ្ញុំ​គិត​ថា ចង់​អំពាវនាវ​ឲ្យ​ពួក​អាជីវករ​ទាំង​អស់​ហ្នឹង គាត់​ចូលរួម​ការពារ​បរិស្ថាន ឬ​ទុក​ដាក់​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​បរិស្ថាន​ក៏​ដូចជា​ភ្ញៀវទេសចរ»។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន មាន​ប្រសាសន៍​ថា ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​នេះ​មាន​សារសំខាន់​រួម​ចំណែក​បង្កើន​ចំណេះ​ដឹង​ដល់​ពលរដ្ឋ​ស្ដីពី​បញ្ហា​បរិស្ថាន និង​ការ​គ្រប់គ្រង​អនាម័យ។ លោក​ថា អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត យុទ្ធនាការ​គ្រប់គ្រង​សំរាម និង​បង្កើត​អនុស្សរណៈ​យោគយល់​គ្នា គ្រប់​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន ធ្វើ​យ៉ាង​ណា​ចូល​រួម​រើស​សំរាម​ក្នុង​ក្រុង​ស្ទឹងត្រែង មួយ​ខែ​ម្ដង ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ និង​ក្រុម​អាជីវករ​នានា​ឲ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​សម្អាត​សំរាម​នៅ​ក្បែរ​ទីកន្លែង​លក់ដូរ​របស់​ខ្លួន ដើម្បី​រួម​ចំណែក​ថែរក្សា​បរិស្ថាន​ស្អាត។ លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​ក្រសួង​ទេសចរណ៍​ដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​កន្លង​មក ឃើញ​ថា​ការ​ចូលរួម​ពី​ពលរដ្ឋ​ទុក​ដាក់​សំរាម​បាន​ប្រសើរ​ជាង​មុន។

លោក​ថា បញ្ហា​កង្វះ​ទុង​សំរាម​គ្មាន​ដេប៉ូ​ដាក់​សំរាម​គ្រប់គ្រាន់ និង​ការ​ដឹក​ជញ្ជូន​កាកសំណល់​ទៅ​ទីលាន​សំរាម​មិន​បាន​គ្រប់គ្រាន់​តាម​ចំនួន​សំរាម​កំណត់ ក៏​ជា​កត្តា​សំខាន់​នាំ​ឲ្យ​ការ​គ្រប់គ្រង​សំរាម​មិន​បាន​ប្រសើរ​ច្រើន​ដែរ។ តែ​យ៉ាង​ណា​លោក​ថា សកម្មភាព​ចូល​រួម​រើស​សំរាម​របស់​ពលរដ្ឋ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន៖ «គឺ​យើង​នឹង​ធ្វើ​ការ​អប់រំ​ដោយ​ផ្ទាល់​ទៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​គាត់​មាន​ជា​ធុង​សំរាម ដើម្បី​ធ្វើការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ។ នេះ​ជា​សកម្មភាព​របស់​មន្ទីរ​ដែល​មាន​ការ​ចូលរួម​សកម្មភាព​ហ្នឹង។ យើង​នឹង​បន្ត​នៅ​ចលនា​ផ្សព្វផ្សាយ និង​យុទ្ធនាការ ដើម្បី​ធ្វើ​ម៉េច​ការ​ប្រមូល​សំរាម និង​ការ​បញ្ញាក់​នៅ​អារម្មណ៍​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាំង​អស់​គ្នា។ អ៊ីចឹង​សំរាម​ដែរ​ស្អាត​គឺ​កើត​ចេញ​ពី​ការ​ចូលរួម​ពី​យើង​ទាំង​អស់​គ្នា»។

កន្លង​ទៅ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន មិន​ត្រឹមតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សំរាម​ប៉ុណ្ណោះ​ទេ លោក​ធ្លាប់​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​បរិស្ថាន​ធម្មជាតិ មាន​ព្រៃឈើ និង​សត្វព្រៃ ក៏​ជា​កត្តា​សំខាន់​រួម​ចំណែក​ធ្វើ​ឲ្យ​ខែត្រ​ស្ទឹងត្រែង ស្រស់​ស្អាត និង​សម្បូរ​ទៅ​ដោយ​បរិស្ថាន​ធម្មជាតិ៕

No comments: