ដោយ រដ្ឋា វិសាល
2016-10-04
rfa

ការិយាល័យចុះឈ្មោះបោះឆ្នោតនៅសាលាឃុំកាចាញ ខេត្តរតនគិរី។ រូបថតថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។
RFA/Ratha Visal
អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនៃអង្គការខុមហ្វែ្រល (COMFREL) ខេត្តរតនគិរី រកឃើញភាពមិនប្រក្រតីក្នុងយុទ្ធនាការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតមួយចំនួននៅខេត្តរតនគិរី គ្រាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តម្រូវឲ្យក្រុមការងារចុះឈ្មោះបោះឆ្នោតគ្រប់ខេត្ត-រាជធានី ឈប់សម្រាកពីរថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែប្រារព្ធកន្លងទៅថ្មីៗនេះ។
អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វែ្រល ខេត្តរតនគិរី ឲ្យដឹងថា ក្រុមការងារចុះឈ្មោះបោះឆ្នោតខេត្តរតនគិរី នៅការិយាល័យចំនួន៤ បានប្រព្រឹត្តផ្ទុយគោលការណ៍ណែនាំរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការរៀបចំចុះឈ្មោះប្រជាពលរដ្ឋនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។
គ.ជ.ប បានសម្រេចឲ្យក្រុមការងារចុះឈ្មោះបោះឆ្នោតនៅគ្រប់ការិយាល័យតាមបណ្ដាខេត្ត-រាជធានីឈប់សម្រាកពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី១ តុលា ដែលជាថ្ងៃបុណ្យភ្ជុំ ហើយធ្វើការមួយថ្ងៃចុងក្រោយនៃថ្ងៃឈប់សម្រាក គឺចាប់ពីថ្ងៃទី២ តុលា។
លេខាអង្គការខុមហ្វ្រែល ខេត្តរតនគិរី លោក ជួន ភិនដារ៉ា បញ្ជាក់នៅថ្ងៃទី៤ ខែតុលា ថា ការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនបីនៅក្រុងបានលុង និងមួយការិយាល័យនៅឃុំសេដា ស្រុកលំផាត់ មិនបានធ្វើតាមការណែនាំនេះទេ ក្នុងនោះការិយាល័យចំនួនពីរ គឺការិយាល័យសង្កាត់ឡាបានសៀក និងការិយាល័យឃុំសេដា ស្រុកលំផាត់ បិទការិយាល័យក្នុងថ្ងៃចុះឈ្មោះ និងការិយាល័យសង្កាត់កាចាញ និងសង្កាត់យក្សឡោម មន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតខ្លះអវត្តមាន ហើយគ្មានអ្នកជំនួស។ លោកថា ទាំងអស់នេះគឺជាភាពមិនប្រក្រតីថ្មីទៀត ដែលអ្នកសង្កេតការណ៍ខុមហ្វ្រែល រកឃើញក្នុងអំឡុងពេលបុណ្យភ្ជុំ ដែលទាមទារឲ្យកែសម្រួល និងត្រួតពិនិត្យឡើងវិញ៖ «ក្រុមចុះឈ្មោះបោះឆ្នោតអត់បានធ្វើកំណត់ហេតុបិទការិយាល័យ ដោយសារហេតុអ្វី? បិទថ្ងៃទី២។ ដល់ខ្ញុំធ្វើអន្តរាគមន៍ទៅពីម៉ោង៣ រហូតម៉ោង ៤កន្លះ បានជុំគ្នា បានបន្តចុះសម្រាប់ឡាបានសៀក។ សម្រាប់ឃុំសេដា វិញគឺអត់បានតែម្តង»។
រហូតមកទល់នឹងថ្ងៃទី៤ ខែតុលា ការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅបានជាងមួយខែហើយ។ នៅខេត្តរតនគិរី កាលពីយុទ្ធនាការចុះឈ្មោះបោះឆ្នោតចំនួនពីរថ្ងៃដំបូង គឺថ្ងៃទី១ និងថ្ងៃទី២ កញ្ញា អង្គការខុមហ្វ្រែល រកឃើញភាពមិនប្រក្រតីរួមមាន៖
ការិយាល័យមួយចំនួន ប្រជាពលរដ្ឋនាំគ្នាច្រើនមកចុះឈ្មោះក្នុងពេលតែមួយ ធ្វើឲ្យក្រុមចុះឈ្មោះធ្វើការមិនទាន់
ការិយាល័យខ្លះ ប្រជាពលរដ្ឋមិនបានតម្រង់ជួរ ធ្វើឲ្យការចុះឈ្មោះមិនមានសណ្ដាប់ធ្នាប់ល្អ
មន្ត្រីការិយាល័យខ្លះយឺតយ៉ាវបើកការិយាល័យមិនទាន់ម៉ោងកំណត់
ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោតខ្លះមិនបានពិនិត្យប័ណ្ណសម្គាល់សិទ្ធិចុះឈ្មោះបោះឆ្នោត
ប្រធានការិយាល័យបោះឆ្នោតខ្លះអវត្តមាន មិនមានអ្នកជំនួស
អ៊ីនធឺណិត និងកុំព្យូទ័រមានបញ្ហា
ការីកុំព្យូទ័រមិនណែនាំឲ្យអ្នកចុះឈ្មោះពិនិត្យអត្តសញ្ញាណនៅលើអេក្រង់កុំព្យូទ័រ ជាដើម។
លើសពីនេះ មានប្រជាពលរដ្ឋមួយចំនួនទទួលបានព័ត៌មានមិនគ្រប់គ្រាន់ ទាក់ទិនលិខិតឯកសារពាក់ព័ន្ធអត្តសញ្ញាណចុះឈ្មោះបោះឆ្នោត ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះមិនមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ដើម្បីទទួលបានសិទ្ធិចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាដើម។
ឆ្លើយតបការអះអាងរបស់អ្នកសង្កេតការណ៍ខុមហ្វែ្រល ខេត្តរតនគិរី ចៅសង្កាត់ឡាបានសៀក លោក ញៀន តៃស៊ី ទទួលស្គាល់ថា មន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ឡាបានសៀក ពិតជាមានការធ្វេសប្រហែសនាំគ្នាសម្រាកនៅចន្លោះពេលមិនមានប្រជាពលរដ្ឋមកចុះឈ្មោះ កាលពីថ្ងៃទី២ ខែតុលា មែន ក៏ប៉ុន្តែមិនបានបិទការិយាល័យទាំងស្រុងនោះទេ។ លោកបន្តថា ចាប់ពីថ្ងៃទី៣ កញ្ញា រហូតមកទល់ពេលនេះ ក្រុមមន្ត្រីការងារចុះឈ្មោះបោះឆ្នោតបានបំពេញការងារដូចធម្មតាឡើងវិញហើយ៖ «វាអត់មានមនុស្ស ដល់អ៊ីចឹងពួកហ្នឹងនាំគ្នាទៅផឹកកាហ្វេ។ ដល់មកវិញមានព័ត៌មានអ៊ីចឹង។ ចាប់ពីម្សិលមិញ គាត់ដំណើរការធម្មតាវិញហើយ»។
ប្រតិទិនចុះឈ្មោះបោះឆ្នោតសម្រាប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រទំនើប មានរយៈពេល ៩០ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ទៅដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទាក់ទិនការរកឃើញភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោតនេះដែរ ប្រធានលេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី ទទួលស្គាល់ដែរថា ការអនុវត្តខុសនីតិវិធីចុះឈ្មោះរបស់មន្ត្រីការិយាល័យខ្លះ ពិតជាមានកំហុសឆ្គងនៅអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយសារពេលខ្លះមិនមានប្រជាពលរដ្ឋមកចុះឈ្មោះរយៈពេលយូរម៉ោង។ លោកថា នៅការិយាល័យសង្កាត់កាចាញ មន្ត្រីចុះឈ្មោះបោះឆ្នោតមានធុរៈសាច់ញាតិស្លាប់ ហើយដាក់គ្រូបង្គោលជំនួស៖ «តាមខ្ញុំដឹង ព្រឹកគាត់បើក ល្ងាចមានការឆកល្វែងបន្តិច។ ជាគោលការណ៍ យើងមានឲ្យឈប់ឯណា? កែសម្រួលអស់ហើយ អត់មានបញ្ហាអ្វីទេ»។
នៅខេត្តរតនគិរី ប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតមានចំនួនជាង ៩ម៉ឺននាក់។ តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី រហូតមកទល់នឹងថ្ងៃទី៤ ខែតុលា ចំនួនប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតមានចំនួនជាង ៥៤ភាគរយ ស្មើនឹងចំនួនប្រជាពលរដ្ឋជាង ៥ម៉ឺន ៣ពាន់នាក់។
ទោបីជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍អង្គការខុមហ្វ្រែល ដដែលកត់សម្គាល់ថា ភាពមិនប្រក្រតីដោយកើតមានក្នុងពេលបុណ្យភ្ជុំកន្លងទៅនេះ ក្រៅពីការិយាល័យទាំងបួន អង្គការខុមហ្វែ្រលមិនទាន់ប្រមូលព័ត៌មានស្ដីពីភាពមិនប្រក្រតីនៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមបណ្ដាស្រុកផ្សេងទៀតក្នុងខេត្តនេះនៅឡើយ។ រីឯប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី បញ្ជាក់ថា ភាពមិនប្រក្រតីទាំងអស់កែសម្រួលបានត្រឹមត្រូវវិញអស់ហើយ៕
No comments:
Post a Comment