Sunday, 9 October 2016

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រៀម​បង្កើត​សាខា​បក្ស​នៅ​ឃុំ​​ពីរ​ទៀត​នៅ​ខេត្ត​រតនគិរី


ដោយ រដ្ឋា វិសាល
2016-10-08

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បើក​សមាជ​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន​នេះ​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Ratha Visal
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បើក​សមាជ​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន​នេះ​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Ratha Visal



គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គ្រោង​បើក​សមាជ​លើក​ទី​ពីរ នៅ​ខេត្ត​រតនគិរី ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព​ដឹកនាំ​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ឃុំ​ចំនួន​ពីរ​ទៀត​នៅ​ស្រុក​អូរយ៉ាដាវ។ សមាជ​នេះ​ធ្វើ​ឡើង​ក៏​ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​គណបក្ស​ដែល​សម្រិតសម្រាំង​បេក្ខភាព​​ដឹកនាំ​នៅ​មូលដ្ឋាន​ជា​បុគ្គល​មាន​សមត្ថភាព និង​បម្រើ​ប្រជារាស្ត្រ​ពិត​ប្រាកដ​ដើម្បី​ត្រៀម​ឈរ​ឈ្មោះ​​បោះឆ្នោត​ដឹកនាំ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឲ្យ​ដឹង​ថា សមាជ​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​តុលា ខាង​មុខ​នេះ ដើម្បី​បោះឆ្នោត​ជ្រើស​ជ្រើស​គណៈកម្មការ​ប្រតិបត្តិ​ឃុំ​ចំនួន​ពីរ​បន្ថែម​ទៀត នៅ​ស្រុក​អូរយ៉ាដាវ និង​ជ្រើសរើស​គណៈកម្មការ​ប្រតិបត្តិ​ថ្នាក់​ខេត្ត​ផង​ដែរ។



អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សំ អ៊ិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ថា សកម្មជន​បក្ស​នៅ​ស្រុក​អូរយ៉ាដាវ បាន​ជ្រើសរើស​បេក្ខភាព​ត្រៀម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដឹក​នាំ​នៅ​ឃុំ​យ៉ាទុង និង​ឃុំ​បរខាំ ដើម្បី​បង្កើត​គណៈកម្មការ​ប្រតិបត្តិ​ឃុំ​ទាំង​ពីរ។ លោក​បន្ត​ថា គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​អ្នក​ជ្រើសរើស​ផ្ទាល់​ដើម្បី​បំពេញ​ការងារ​តាម​ឆន្ទៈ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជាក់ស្ដែង៖ «យើង​ចង់​បង្ហាញ​ពី​គំរូ​មួយ​ដែល​ផ្លាស់ប្ដូរ​ពី​ក្រោម​មក​លើ​ហ្នឹង អាច​បោះ​ឆ្នោត​រើស​មេដឹកនាំ​ទទួល​ខុស​ត្រូវ​មាន​សមត្ថភាព មាន​សីលធម៌​ល្អ គាត់​ដឹក​នាំ​ឃុំ​សង្កាត់​បាន​ល្អ»។

​កាល​ពី​ខែ​កញ្ញា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បើក​សមាជ​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ និង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន​នេះ​លើក​ដំបូង​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧។

​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឃុំ​ប៉ក់ញ៉ៃ លោក រមាស់ ស្វាន់ កត់សំគាល់​ថា បញ្ហា​ដីធ្លី និង​បញ្ហា​ធនធាន​ធម្មជាតិ​នៅ​តែ​ជា​កង្វល់​របស់​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ឃុំ​ដាច់​ស្រយាល​មួយ​នេះ បើ​ទោះ​បី​ជា​គណបក្ស​ជាប់​ឆ្នោត​ធ្លាប់​បាន​សន្យា​ថា នឹង​បញ្ឈប់​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក្តី។

លោក​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​ពីរ​បន្ថែម​ទៀត​ក្នុង​ស្រុក​អូរយ៉ាដាវ បាន​ស្ម័គ្រចិត្ត​ចូលរួម​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បញ្ហា​អសកម្ម​ដែល​ពលរដ្ឋ​ចង់​បាន៖ «គណបក្ស​មុន​គេ​អត់​ផ្លាស់ប្ដូរ​ទេ អត់​ប្រែ​ទេ នៅ​តែ​ដដែលៗ។គណបក្ស​មូលដ្ឋាន​បក្ស​ប្រែ បក្ស​ប្ដូរ»។

តាម​ការ​គ្រោង​ទុក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​រៀបចំ​សមាជ​បង្កើត​គណៈកម្មការ​ប្រតិបត្តិ​ថ្នាក់​ឃុំ​សង្កាត់​ឲ្យ​បាន ១០០​ឃុំ មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧។ គណបក្ស​នេះ​ប្ដេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ និង​បោះឆ្នោត​ជូន​បេក្ខភាព​គណបក្ស​នេះ​ជាប់​ឆ្នោត​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​បាន​២០។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា ប្រជាពលរដ្ឋ​ស្រុក​អូរយ៉ាដាវ មួយ​ចំនួន​ជា​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ជា​ជម្រើស​ថ្មី​របស់​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ដែល​កំពុង​មាន​កង្វល់​ពី​បញ្ហា​ដីធ្លី ព្រៃឈើ។

លោក​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺ​ជា​គណបក្ស​ថ្មី​មួយ​ដែល​កើត​ចេញ​ពី​ការ​ផ្ដួចផ្ដើម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន​ធ្លាប់​បាន​បំពេញ​ការងារ​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន ហេតុ​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​ថ្មី​នេះ​ត្រូវ​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​កង្វល់​ពលរដ្ឋ​ពិត​ប្រាកដ​ទើប​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​នៅ​អាណត្តិ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ៖ «គាត់​ងាក​មក​គាំទ្រ​បក្ស​មូលដ្ឋាន​វិញ យើង​គិត​ថា គាត់​អាច​សង្ឃឹម​ថា បក្ស​មូលដ្ឋាន​ជួយ​គាត់​ទៅ​ថ្ងៃ​អនាគត»។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន​គណបក្ស​នេះ​បាន​ធ្វើ​សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​បាន ១៦​ឃុំ នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៧៕

No comments: