ដោយ ទីន ហ្សាការីយ៉ា
2016-10-05

ប្រជាពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។
Photo: RFA
គណៈកម្មការរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី បានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ តុលា។ ពិធីបុណ្យគម្រប់ ១០០ថ្ងៃដែលនឹងធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ តុលា ខាងមុខ គឺគណៈកម្មការសម្រេចយកទីតាំងវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្ត្រីសាលារាជធានីភ្នំពេញ បានឆ្លើយតបថា សាលារាជធានីភ្នំពេញទទួលបានលិខិតជូនដំណឹងពីការរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ដែលគ្រោងនឹងធ្វើឡើងនៅវត្តពោធិយារាម ហៅវត្តចាស់ នោះហើយ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍នៅថ្ងៃទី៥ តុលា ថា សាលារាជធានីភ្នំពេញកំពុងពិចារណាចំពោះលិខិតជូនដំណឹងនេះ។ លោកបានចោទជាសំណួរថា តើគណៈកម្មការនេះបានទទួលសិទ្ធិពីក្រុមគ្រួសារ ដើម្បីរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នេះហើយឬនៅ?៖ «យើងនឹងពិចារណាត្រង់ថា តំណាងគណៈកម្មការហ្នឹងអ្នកណាជាអ្នកឧទ្ទេសនាម? អ្នកណាជាអ្នកទទួលស្គាល់ក្នុងនាមជាគណៈកម្មការ ប៉ុន្តែអ្វីដែលយើងធ្លាប់ដឹង គឺធ្វើនៅគេហដ្ឋាន មិនមែនធ្វើនៅវត្តទេ ហើយក្រុមគ្រួសារជាអ្នកស្នើសុំ មិនមែនគណៈកម្មការទេ»។
ឆ្លើយតបនឹងបញ្ហានេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាសមាជិកគណៈកម្មការរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី អះអាងថា គណៈកម្មការព្រះអង្គបានទទួលសិទ្ធិពីភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា នៅមុនពេលអ្នកស្រី និងកូនៗបានចាកចេញពីប្រទេសកម្ពុជា ហើយបានធ្វើលិខិតផ្ទេរសិទ្ធិនេះជូន។
ព្រះតេជព្រះគុណបន្ថែមថា ការដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញនៅថ្ងៃទី៥ តុលា នេះជាលើកទីពីរហើយ ក្រោយពីគណៈកម្មការបានដាក់លិខិតជូនដំណឹងកាលពីចុងខែកញ្ញា ពីការរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ តែត្រូវបានសាលារាជធានីភ្នំពេញបដិសេធ៖ «បើសិនជាសាលារាជធានីភ្នំពេញឈានទៅរកការបដិសេធជាលើកទី២ អាត្មាគិតថា សាលារាជធានីជាអ្នកខាតបង់ រដ្ឋាភិបាលញោមនាយករដ្ឋមន្ត្រីជាអ្នកខាតបង់។ តែអាត្មាជឿថា សាលារាជធានីមិនបដិសេធទេ បើសិនជាបដិសេធ អាត្មានឹងប្រើសមត្ថភាពឲ្យអស់ ដើម្បីចរចាដើម្បីរៀបចំបុណ្យនេះ ហើយញោមនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ងឲ្យមេដៃអាត្មា បើឲ្យមេដៃអាត្មាហើយ គួរតែផ្ដល់លទ្ធភាពឲ្យអាត្មាធ្វើការកិច្ចការជូនជាតិ ហើយអ្វីដែលអាត្មាចង់ធ្វើទី១ នោះ គឺការរៀបចំបុណ្យសពជូនលោកបណ្ឌិត កែម ឡី បើមិនឲ្យទេ វាដូចជាអាក្រក់ហួសហេតុពេក»។
បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងស្រាវជ្រាវបញ្ហាសង្គម ត្រូវបានឃាតកសម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងហាងស្តារម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុបបូកគោ។ មកទល់ពេលនេះ មានរយៈពេលជិត ៣ខែហើយ តែខាងសមត្ថកិច្ច និងតុលាការ មិនទាន់រកអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះ ក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅឡើយ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងថា ពិធីបុណ្យដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ តុលា នោះ គឺមានកម្មវិធីចែកសៀវភៅដែលសរសេរអំពីសកម្មភាពលោកបណ្ឌិត កែម ឡី ចំនួន ១ម៉ឺនក្បាលជូនសាធារណជន ដែលសៀវភៅនេះចំណាយថវិកាបោះពុម្ពចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ តែមកទល់ពេលនេះ គណៈកម្មការទទួលលុយពីសប្បុរសជនបានជិត ២ម៉ឺនដុល្លារ ក្នុងនោះព្រះអង្គចំណាយថវិកាផ្ទាល់ខ្លួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីចែកសៀវភៅកម្មវិធីបុណ្យ គឺរៀបចំតាមបែបសាសនា និងរៀបចំរោងចំនួន ៦រោងផ្សេងៗគ្នា ដើម្បីឲ្យអ្នកចូលរួមទាំងអស់ចូលបុណ្យតាមបែបសាសនាផង និងទស្សនាអំពីសកម្មភាពលោកបណ្ឌិត កែម ឡី កាលពីលោកនៅរស់ផង។
ពិធីបុណ្យគម្រប់ ១០០ថ្ងៃនេះ នឹងរៀបចំរោងចំនួន៦ ដែលរោងនីមួយៗមានបិទរូបថតសកម្មភាពលោកបណ្ឌិត កែម ឡី ដូចជារោងនិយាយពីកិច្ចការព្រំដែន កិច្ចការព្រៃឈើ ប្រជាធិបតេយ្យ សុខាភិបាល អប់រំ និងសកម្មភាពសង្គមផ្សេងៗ។
ពិធីបុណ្យនេះ នឹងតាំងរូបសំណាកចំនួនពីរ។ ទី១ រូបសំណាកយកពីប្រទេសថៃ ដែលចំណាយថវិកាធ្វើដោយកម្មករ។ រូបសំណាកទី២ ធ្វើនៅស្រុកខ្មែរ ដែលចំណាយថវិកាដោយគណបក្សប្រឆាំង។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា នៅថ្ងៃចុងក្រោយនឹងដង្ហែរូបសំណាកទាំងពីរទៅកាន់ខេត្តតាកែវ ហើយពិធីបុណ្យដែលរៀបចំនៅខេត្តតាកែវ នេះ ខាងគណៈកម្មការនឹងប្រគល់ជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី នៅទីនោះចាត់ចែងបន្ត៕
No comments:
Post a Comment