ដោយ ខែ សុណង
2016-10-08
rfa
![ក្រុមអ្នកកាសែតខ្មែរ ១៥នាក់ ដែលត្រូវបានជ្រើសរើសទៅធ្វើទស្សនកិច្ចសិក្សាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក ថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នារាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ រូបថតស្ថានទូតអាមេរិក](http://www.rfa.org/khmer/news/human-rights/15cam-journalists-selected-for-study-tour-in-usa-10072016235655.html/journalist855.jpg/@@images/5b12c900-2082-4e45-95b5-348b6507d534.jpeg)
ក្រុមអ្នកកាសែតខ្មែរ ១៥នាក់ ដែលត្រូវបានជ្រើសរើសទៅធ្វើទស្សនកិច្ចសិក្សាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក ថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នារាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ រូបថតស្ថានទូតអាមេរិក
អ្នកសារព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិចំនួន ១៥នាក់ ជាជនជាតិកម្ពុជា ត្រូវបានជ្រើសរើសឲ្យទៅទស្សនកិច្ចសិក្សាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន ដែលហៅជាភាសាអង់គ្លេសថា International Center for Journalists (ICFJ) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានរៀបចំឲ្យមានកម្មវិធីបណ្ដុះបណ្ដាលមួយតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ស្ដីអំពីការយកព័ត៌មានទាក់ទងការបោះឆ្នោតដល់អ្នកសារព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិចំនួន ២៥នាក់។
បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានចំនួន ១៥នាក់ ដែលមានពិន្ទុសិក្សាខ្ពស់ និងបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវបានជ្រើសរើសឲ្យទៅទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក ចំនួន ២សប្ដាហ៍។ អ្នកសារព័ត៌មានទាំងនោះនឹងទៅទស្សនកិច្ចនៅទីក្រុង និងរដ្ឋមួយចំនួនដូចជា រដ្ឋធានីវ៉ាស៊ីនតោន (Washington) រដ្ឋអូហៃយ៉ូ (Ohio) ទីក្រុងឡុងប៉ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ជាទីដែលមានសហគមន៍ខ្មែររស់នៅច្រើន និងមានភាពប្រទាញប្រទង់សំឡេងឆ្នោត។
កម្មវិធីនេះ ក្រោមជំនួយឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលចំណាយទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារអាមេរិក។
អ្នកសារព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិចំនួន ១៥នាក់ នោះនឹងចាកចេញពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី៩ តុលា រហូតដល់ថ្ងៃទី២៤ ខែតុលា ទើបត្រឡប់មកវិញ៕
No comments:
Post a Comment