ដោយ យ៉ង ចាន់តារា
2017-01-24

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បញ្ជាក់អំពីការនាំចេញខ្សាច់ទៅបរទេសនៅក្នុងវេទិកាសាធារណៈ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ RFA/Yang Chandara
RFA/Yang Chandara
ក្រសួងរ៉ែ និងថាមពល បន្តផ្អាកការនាំខ្សាច់ចេញទៅលក់នៅក្រៅប្រទេស ដោយមិនកំណត់ពេលវេលាជាក់លាក់ឡើយ។ មន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការផ្អាកនេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណជនមួយចំនួន និងដើម្បីបើកឱកាសឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ស្ថាបនិកអង្គការមាតាធម្មជាតិ បញ្ជាក់ថា លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) បញ្ជាក់នៅថ្ងៃទី២៤ មករា ថា អង្គការរបស់លោកនឹងមិនចូលរួមជាមួយក្រសួងរ៉ែ និងថាមពល ជាដាច់ខាត ដរាបណារដ្ឋាភិបាលមិនទាន់បានដោះស្រាយរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងការនាំខ្សាច់ចេញទៅបរទេស។
លោកថា ការចូលរួមជាមួយក្រសួង មានន័យស្មើនឹងការចូលរួមឲ្យមានភាពស្របច្បាប់ចំពោះអាជីវកម្មខ្សាច់ ដែលកន្លងមកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋ៖ «»។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បញ្ជាក់នៅព្រឹកថ្ងៃទី២៤ មករា ក្នុងវេទិកាសាធារណៈ អំពីការនាំចេញខ្សាច់ទៅបរទេសថា ក្រសួងមិនទាន់បានកំណត់ថាពេលណានឹងត្រូវនាំខ្សាច់ចេញទៅបរទេសវិញនោះទេ ស្របពេលដែលប្រទេសសិង្ហបុរី ឈប់នាំចូលខ្សាច់ពីកម្ពុជា ដែរ ក្រោយពេលក្រសួងបានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការនាំចេញខ្សាច់ទៅក្រៅប្រទេសតាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ នោះ។
លោក ឌិត ទីណា ថ្លែងថា ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ មក អាទិភាពធំជាងគេរបស់ក្រសួងរ៉ែ និងថាមពល គឺការប្រយុទ្ធប្រឆាំងការធ្វើអាជីវកម្មខ្សាច់អនាធិបតេយ្យ។ លោកថា ការផ្អាកនេះដើម្បីបើកឱកាសឲ្យអង្គការសង្គមស៊ីវិល ចូលរួមក្នុងកិច្ចការងារនានាទាក់ទងនឹងអាជីវកម្មខ្សាច់៖ «»។
ភាពចម្រូងចម្រាសនៃអាជីវកម្មខ្សាច់នេះ បានផ្ទុះឡើងក្រោយពេលទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា សិង្ហបុរី បាននាំចូលខ្សាច់ពីកម្ពុជា ជាង ៧៣លានតោនក្នុងរយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ តែតួលេខរបស់ក្រសួងរ៉ែ និងថាមពលកម្ពុជា វិញថា មានតែជាង ១៦លានតោនប៉ុណ្ណោះ។ តួលេខនេះ បើគិតជាទឹកប្រាក់ខុសគ្នាជាង ៧០០លានដុល្លារអាមេរិក។
ចំណែកភាពមិនប្រក្រតីមួយទៀត គឺទិន្នន័យពីភ្នាក់ងារគយឥណ្ឌា បង្ហាញថា ឥណ្ឌា ទិញខ្សាច់ពីកម្ពុជា ជាង ១០ម៉ឺនតោន (១០៨.៦៥៨តោន) គិតជាទឹកប្រាក់ជិត ៣លានដុល្លារអាមេរិក (២,៦លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ប៉ុន្តែទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា វិញបង្ហាញថា កម្ពុជា មិនដែលនាំខ្សាច់ចេញទៅឥណ្ឌា នោះឡើយ គឺមានតែទៅកាន់ប្រទេសចំនួន ៥ ប៉ុណ្ណោះ គឺសិង្ហបុរី ថៃ វៀតណាម កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ សរុបចំនួន ៤៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២លាន ៥សែនដុល្លារអាមេរិក។
មន្ត្រីក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បញ្ជាក់ជាថ្មីទៀតថា ភាពខុសគ្នាតួលេខនាំចេញទៅសិង្ហបុរី គឺដោយសារបច្ចេកទេសនៃការកត់ត្រា ចំណែកតួលេខទៅឥណ្ឌា វិញ គឺអាចកម្ពុជា នាំចេញទៅប្រទេសណាមួយ រួចប្រទេសនោះនាំចេញបន្តទៅឥណ្ឌា។ លោកក៏សង្កត់ធ្ងន់ទៀតថា ក្រសួងរ៉ែ និងថាមពល ត្រួតពិនិត្យភាពត្រឹមត្រូវចំពោះការផ្តល់អាជ្ញាប័ណ្ណ និងការប្រមូលពន្ធលើសួយសារ ចំណែកការនាំចេញពីក្រៅប្រទេស ស្ថិតក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារគយ កាំកុងត្រូល ភ្នាក់ងារកម្ពុជានាវាចរ ឬហៅថាកាំសាប (KAMSAB) និងអាជ្ញាធរឈរជើងតាមច្រកនាំចេញ។
អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ចាត់ទុកការបកស្រាយនេះ ថាជាការឆ្លើយដោះសាយករួចខ្លួនរបស់ស្ថាប័ននីមួយៗ។ លោកថា រឿងភាពមិនប្រក្រតីនៃការនាំខ្សាច់ចេញទៅបរទេសនេះ គឺជាមន្ទិលរបស់សាធារណជន ដូចនេះស្ថាប័នរដ្ឋដែលពាក់ព័ន្ធ គប្បីធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ៖ «»។
លោក វណ្ណ សូផាត សង្កត់ធ្ងន់ថា ស្ថាប័នពាក់ព័ន្ធគួរធ្វើកំណែទម្រង់ត្រង់ចំណុចនេះ ដើម្បីទទួលបានទំនុកចិត្តពីសាធារណជន។
កាលពីដើមខែមករា កន្លងទៅ អង្គការមាតាធម្មជាតិ បានពឹងពាក់ក្រុមមេធាវីសិង្ហបុរី ឲ្យជួយសិក្សា និងស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីទាក់ទងនឹងការទិញខ្សាច់ពីកម្ពុជា របស់រដ្ឋាភិបាលសិង្ហបុរី។ តែរដ្ឋាភិបាលសិង្ហបុរី បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តកំហុសណាមួយនោះទេ ដោយការនាំចូលខ្សាច់ពីកម្ពុជា ឈរលើមូលដ្ឋានពាណិជ្ជកម្ម និងជាការទទួលខុសត្រូវរបស់អ្នកម៉ៅការទិញខ្សាច់នៃប្រទេសកម្ពុជា។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បញ្ជាក់ថា យ៉ាងយូរបំផុត ៣សប្ដាហ៍ទៀត ក្រុមមេធាវីនឹងឲ្យលោកដឹងអំពីលទ្ធភាពនៃការប្ដឹងរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជនសិង្ហបុរី ដែលទទួលទិញខ្សាច់ពីកម្ពុជា។
សកម្មជនបរិស្ថានរូបនេះបញ្ជាក់ថា បើវិធីនេះមិនអាចទៅរួចទេ ក្រុមរបស់លោកអាចនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីធ្វើការតស៊ូមតិ ឬបើកសិក្ខាសាលាជាមួយពលរដ្ឋ និងនិស្សិតសិង្ហបុរី ដើម្បីឲ្យពួកគេដឹងថា ខ្សាច់ដែលប្រទេសរបស់ពួកគេទិញពីកម្ពុជា បានមកដោយការបំផ្លាញបរិស្ថាន បំផ្លាញប្រព័ន្ធប្រព័ន្ធជីវចម្រុះ និងអំពើពុករលួយ ព្រមទាំងបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋនៅមូលដ្ឋាន៕
No comments:
Post a Comment