Wednesday, 1 February 2017
លោក ហ៊ុន សែន ស្នើបន្ថែមច្បាប់មិនឲ្យអ្នកមានទោសធ្វើជាប្រធានឬអនុប្រធានបក្ស
ដោយ ប្រាជ្ញ ចេវ
2017-01-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ Photo courtesy of National Assembly
Photo courtesy of National Assembly
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំសភាថ្ងៃទី៣១ ខែមករា ដោយស្នើសភាឲ្យចែងថា អ្នកជាប់ទោសមិនអាចធ្វើប្រធានគណបក្សបានទេ ដោយសំអាងថា អ្នកជាប់ទោសមិនអាចបោះឆ្នោតបានផង រឿងអីអាចធ្វើជាប្រធានគណបក្សនយោបាយបាននោះ។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទាមទារឲ្យលោក ហ៊ុន សែន ធ្វើច្បាប់ណាដែលមានប្រយោជន៍ដល់ជាតិ និងសាធារណជនទូទៅ មិនមែនដើម្បីដាក់ទោសមនុស្សតែម្នាក់នោះទេ។
បន្ទាប់ពីធ្វើវិសោធនកម្មជំពូក១២ ប្រកា៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរបស់សភាបានជោគជ័យនោះ ហើយក៏គ្មានតំណាងរាស្ត្រក្នុងគណបក្សប្រជាជនកម្ពុជា រូបណាហ៊ានជំទាស់នឹងលោក ហ៊ុន សែន ដែលផ្ដើមគំនិតចង់កែប្រែ ឬធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមួយទៀតទេ។
ថ្លែងកិច្ចប្រជុំសភាដោយសំឡេងខ្លាំងៗ លើកដៃឡើងចុះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងហៅលោក សម រង្ស៊ី ថាឯកឧត្តម ម្តងហៅថាទណ្ឌិតនោះ បង្គាប់ឲ្យសមាជិកសភារបស់គណបក្សលោក កែប្រែច្បាប់ស្ដីពីគណបក្សនយោបាយមួយទៀត ដោយលោកចង់កំណត់ថា អ្នកមានទោសគ្មានសិទ្ធិធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយបានឡើយ៖ «យើងបានបណ្តែតបណ្តោយពួកគេច្រើនលើកហើយ ប៉ុន្តែលើកនេះអត់ទេ ចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដាក់ថាអ្នកមានទោស អត់មានសិទ្ធិធ្វើជាប្រធានអនុប្រធានគណបក្សនយោបាយ។ ខ្ញុំមានសំណូមពរកែដាក់ទៅដើម្បីឲ្យអស់សិទ្ធិ»។
វិធានការក្តៅតាមផ្លូវច្បាប់តាមរយៈរដ្ឋសភារបស់លោក ហ៊ុន សែន នៅពេលនេះ សំដៅទៅដាក់បន្ទុកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងជាប់ឈ្មោះជាទណ្ឌិតព្រោះចាញ់ក្តីមន្ត្រីគណបក្សប្រជាជនកម្ពុជា និងកំពុងចាញ់ក្តីលោក ហ៊ុន សែន លោក ហេង សំរិន និងលោក ហោ ណាំហុង នៅតុលាការ។
ទាក់ទងនឹងបណ្ដឹងនេះដែរ លោក ហ៊ុន សែន ថែមទាំងព្រមានរឹបអូសទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ និងទ្រព្យសម្បត្តិដទៃទៀតរបស់លោក សម រង្ស៊ី ជាថ្នូរនឹងសំណងដែលលោកទាមទារក្នុងសំណុំរឿងក្ដីរបស់លោក ដែលលោកទាមទារសំណងចំនួន ១លានដុល្លារសហរដ្ឋអាមេរិកនោះ៖ «ដើម្បីឲ្យរាង ឮថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី។ ចឹងទេ! លក់ទីស្នាក់ការគណបក្សលក់ឡាយឡុង។ ស្អីអាងរួចខ្លួន ទ្រព្យសម្បត្តិមានច្រើន ដីនៅកំពង់សោម ក៏មាន ដីមានមួយចំនួន»។
យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឆ្លើយតបភ្លាមៗទៅលោក ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃដដែលថា លោក សម រង្ស៊ី មិនស្ដាយនឹងទ្រព្យសម្បត្តិទាំងនោះឡើយ រួមទាំងជីវិតលោកផង។
ចំណែកការព្រមានធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយវិញម្តង លោក សុន ឆ័យ ជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោកស្នើឲ្យគណបក្សប្រជាជនកម្ពុជា ពិចារណាឲ្យវែងឆ្ងាយសិន មុននឹងធ្វើច្បាប់អ្វីមួយ ជៀសវាងការធ្វើច្បាប់ណាមួយដាក់ទោសតែបុគ្គលម្នាក់ ឬពីរនាក់។ លោក សុន ឆ័យ យល់ថា ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ ប្រហែលជាមកពីលោក ហ៊ុន សែន មានអារម្មណ៍មិនសូវល្អ៖ «គឺគណបក្សមានសិទ្ធិសម្រេចតែមួយគត់ចំពោះការជ្រើសរើសប្រធានគណបក្ស ហើយលោកប្រធាន សម រង្ស៊ី ជាប្រធានគណបក្សរបស់យើង»។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលមាន ១១ជំពូក ៤៥មាត្រា បានបង្កើតឡើងកាលពីឆ្នាំ១៩៩៧ គ្មានមាត្រាណាមួយចែងដាក់ទោស ឬកំណត់ថា ជនជាប់ទោសមិនអាចធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយឡើយ។ ផ្ទុយពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា មាត្រា៣៤ថ្មី ចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ច្បាប់នេះចែងកំណត់អាយុជាក់លាក់នៃសិទ្ធិធ្វើនយោបាយ ប៉ុន្តែមិនបានចែងអ្នកជាប់ទោសមិនអាចធ្វើនយោបាយ ឬប្រធាន ឬអនុប្រធានគណបក្សនយោបាយឡើយ។
ដូចគ្នានេះដែរ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដូចដែលលោក ហ៊ុន សែន ចង់បានមែននោះ ជាការអនុវត្តច្បាប់ធាក់ថយក្រោយ និងប្រឆាំងស្មារតីរដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងរឿងបោះឆ្នោតរូបនេះបន្តទៀតថា ប្រសិនគណបក្សប្រជាជនកម្ពុជា ធ្វើដូចនេះ នឹងធ្វើឲ្យការប្រកួតប្រជែងការបោះឆ្នោតមួយមិនត្រឹមត្រូវ៖ «ខ្ញុំមើលទៅរឿងការប្រកួតប្រជែងការបោះឆ្នោត បើការប្រកួតប្រជែងមួយដែលត្រឹមត្រូវ វាមិនអាចគាបសង្កត់ភាគីម្ខាងៗដោយតុលាការ កងកម្លាំង និងរដ្ឋសភាចឹងបានទេ ដើម្បីដាក់សម្ពាធ»។
លោក ហ៊ុន សែន អះអាងថា តំណាងរាស្ត្រគណបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ព្រោះត្រូវការសំឡេងនៅក្នុងសភាត្រឹម ៥០ភាគរយបូក១ ឬស្មើនឹងចំនួនតំណាងរាស្ត្រ ៦៣រូប ខណៈដែលគណបក្សប្រជាជនកម្ពុជា មានសមាជិកសភារហូតទៅដល់ ៦៨រូប។ យ៉ាងណាក៏ដោយ ទាំងសង្គមស៊ីវិល និងគណបក្សប្រឆាំងយល់ថា គណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើវិសោធនកម្មច្បាប់នេះទេ។
គណបក្សប្រជាជនកម្ពុជា ធ្លាប់ធ្វើច្បាប់ចំនួនពីររួចមកហើយ ដែលគេមើលឃើញថា ជាច្បាប់ដើម្បីចង់គាបសង្កត់គូប្រកួតនោះ គឺទី១ ច្បាប់ឯកព័ន្ធភាព ដែលគេយល់ថា ច្បាប់នោះធ្វើឡើងដើម្បីដាក់គំនាបសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកាលនោះ ព្រះអង្គជាដៃគូប្រកួតប្រជែងនយោបាយដ៏ខ្លាំងជាមួយលោក ហ៊ុន សែន។ ទី២ ច្បាប់ដាក់ទោសអ្នកណាដែលមិនទទួលស្គាល់ថា មានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដែលគេយល់ថា ច្បាប់នេះដើម្បីដាក់បន្ទុកលើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment