Saturday, 4 February 2017
សង្គមស៊ីវិលបង្ហាញកង្វល់ចំពោះគម្រោងទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើ
ដោយ ម៉ម មុនីរតន៍
2017-02-04
វេទិកាជជែកពិភាក្សាសាធារណៈ ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេមេគង្គ និងដៃទន្លេ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ RFA/San Sel
RFA/San Sel
ទីស្ដីការគណៈរដ្ឋមន្ត្រី បានបើកផ្លូវឲ្យក្រសួងរ៉ែ និងថាមពល ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង រៀបចំគម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅលើតួមេដងទន្លេមេគង្គ កាលពីពេលថ្មីៗនេះ។ អង្គការមិនមែនរដ្ឋាភិបាល ធ្វើកិច្ចការលើវិស័យបរិស្ថាន បង្ហាញកង្វល់ចំពោះគម្រោងថ្មីទៀតនេះថា នឹងធ្វើឲ្យអ្នករស់នៅក្រោមខ្សែទឹក ត្រូវរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីនេះ។
គម្រោងទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់លោក គិត ម៉េង សាងសង់នេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថាន មើលឃើញថា ក្រោយពីទំនប់នេះស្ថាបនារួច នឹងធ្វើឲ្យមច្ឆាជាតិ ទឹក និងជីវចម្រុះត្រូវបាត់បង់ និងខូចខាត ជាពិសេសនឹងធ្វើឲ្យរបបទឹកភ្លៀងលែងទៀងទាត់ថែមទៀតផង។
ប្រធានកម្មវិធីបរិស្ថានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា NGO Forum លោក ហុក ម៉េងហ៊ន បង្ហាញក្ដីកង្វល់ថា គម្រោងទំនប់វារីអគ្គិសនីនេះ ជាការបង្កការលំបាកបន្ថែមទៀតដល់ពលរដ្ឋដែលរស់នៅក្រោមខ្សែទឹកក្រោយសាងសង់រួច។
លោកបន្តថា ផលប៉ះពាល់នេះមិនត្រឹមតែធ្វើឲ្យបាត់បង់ត្រី និងជីវចម្រុះនៅក្នុងអាងនៃទន្លេមេគង្គប៉ុណ្ណោះទេ បញ្ហានេះនឹងបង្កនាំឲ្យមានគ្រោះធម្មជាតិថែមទៀតផង៖ «វាមានបង្កបញ្ហាជាច្រើនទាក់ទងទៅនឹងធនធានជលផល ជីវចម្រុះ ហើយនិងលំហូរទឹក ជាពិសេសប្រទេសកម្ពុជា យើងពឹងផ្អែកស្ទើរតែទាំងស្រុងដែលយើងដឹងថា ប្រជាជនរាប់សិបលាននាក់ហ្នឹងគឺពឹងផ្អែកទៅលើបឹងទន្លេសាប ហើយនិងធនធានទឹកអាស្រ័យការងារកសិកម្ម»។
មន្ត្រីសាលាខេត្តស្ទឹងត្រែង ឲ្យដឹងថា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតអនុញ្ញាតជាផ្លូវការរួចហើយដែលបើកផ្លូវឲ្យក្រសួងរ៉ែ និងថាមពល រួមទាំងភាគីពាក់ព័ន្ធក្នុងនោះមានក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់លោកឧកញ៉ា គិត ម៉េង ផង ត្រូវសិក្សាពីហេតុប៉ះពាល់នៃបរិស្ថានជាមុន មុននឹងចាប់សាងសង់។ តាមគម្រោងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់លោក គិត ម៉េង នេះ នឹងសាងសង់ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃតួដងទន្លេមេគង្គ ក្រោយបញ្ចប់ការសិក្សារួចរាល់។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីមន្ត្រីនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានទេ នៅថ្ងៃទី៤ ខែកុម្ភៈ។ កាលពីដើមខែមករា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានបង្ហាញការគាំទ្រពេញទំហឹងដល់ប្រទេសឡាវ ដែលសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ដែលមានការរិះគន់ដ៏ចម្រូងចម្រាសពីក្រុមអ្នកការពារបរិស្ថាន។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើផ្នែកអភិរក្សបរិស្ថាន យល់ឃើញថា ជំហររបស់លោក ហ៊ុន សែន ដែលគាំទ្រឡាវ ឲ្យសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នេះហើយ អាចជាមូលហេតុដែលជួយបើកផ្លូវឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់លោក គិត ម៉េង ចាប់ផ្ដើមគម្រោងវារីអគ្គិសនីនៅផ្នែកខាងលើនៃតួទន្លេមេគង្គនេះដែរ។
បើទោះជាបែបណា មន្ត្រីនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បដិសេធថា លោកពុំទាន់បានទទួលព័ត៌មានលម្អិតអំពីគម្រោងនៃការសាងសង់ទំនប់វារីអគ្គិសនីនេះនៅឡើយទេ។ លោកបន្តថា មកដល់ពេលនេះលោកបានដឹងត្រឹមតែគម្រោងនេះ ទីស្ដីការគណៈរដ្ឋមន្ត្រីបានបើកភ្លើងខៀវរួចរាល់ហើយប៉ុណ្ណោះ៖ «ខ្ញុំអត់ទាន់ដឹងច្បាប់ទាក់ទងការងារលិខិតហ្នឹងទេ គ្រាន់តែដឹងថា មាន ស.ជ.ណ រួចហើយ»។
លោក ហុក ម៉េងហ៊ន ដែលជាប្រធានកម្មវិធីបរិស្ថាននៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា យល់ឃើញថា បើទោះជាមានការសិក្សាពីរបាយការណ៍ហេតុប៉ះពាល់បរិស្ថាន អាចជាសញ្ញាវិជ្ជមានក្ដី ក៏គម្រោងវិនិយោគទំនប់វារីអគ្គិសនីនេះ ចៀសមិនផុតពីបញ្ហាប្រឈមនៅតាមដងទន្លេមេគង្គខ្សែទឹកផ្នែកខាងក្រោមឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment