Thursday, 2 February 2017

មន្ត្រី​សង្ឃ​និង​អ្នក​វិភាគ​សង្គម៖ ការ​អប់រំ​និង​វិន័យ​តឹងរ៉ឹង​ជា​ការ​ចាំបាច់​ដើម្បី​ថែ​រក្សា​ព្រះ​ពុទ្ធសាសនា​


01 កុម្ភៈ 2017
  • ហ៊ាន សុជាតា
មហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​ លើកទី​២៥​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣០​ ខែ​មករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
មហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​ លើកទី​២៥​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣០​ ខែ​មករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី​២៥​​ ត្រូវ​រៀបចំ​ដោយ​ក្រសួង​ធម្មការ​និង​សាសនា​ ​រយៈពេល​២​ថ្ងៃ​ដើម​សប្តាហ៍​នេះ ​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នានា​ដែល​ព្រះសង្ឃ​នៅ​កម្ពុជា​កំពុង​ប្រឈម។
ព្រះសង្ឃ​និង​បុគ្គល​មួយ​ចំនួន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​របស់​សាសនា​ព្រះពុទ្ធ​ដែល​ជា​សាសនា​របស់​រដ្ឋ។ ដើម្បី​ថែរក្សា​ព្រះ​ពុទ្ធសាសនា​ឲ្យ​បាន​គង់វង្ស​មន្ត្រី​សង្ឃ​ និង​អ្នកឃ្លាំ​មើល​សង្គម​និយាយ​ថា ​ព្រះសង្ឃ​គួរ​ទទួល​បាន​ការ​អប់រំ​ដែល​មាន​គុណភាព​និង​គោរព​វិន័យ​ឲ្យ​បាន​តឹងរ៉ឹង។
មន្ត្រី​សង្ឃ​និង​អ្នក​វិភាគ​សង្គម ​បាន​លើក​ឡើង​ថា​ ការ​អប់រំ​ដែល​មាន​គុណភាព​ វិន័យ​តឹងរ៉ឹង​និងទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្តិ​ខុសឆ្គង​របស់​ព្រសង្ឃ​នៅ​តាម​វត្ត​អារាម​ គឺ​ជា​ការ​ចាំបាច់​ដើម្បី​ធានា​ថា​ព្រះសង្ឃ​ ​ប្រណិប័តន៍​ត្រឹម​ត្រូវ​តាម​ក្រឹត្យក្រម​ពុទ្ធសាសនា។ ​ ការ​លើកឡើង​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី​២៥​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។​


នា​ពេល​កន្លង​មក​ ព្រះសង្ឃនិង​បុគ្គល​មួយ​ចំនួន​តូច​ដែល​ស្លៀក​ស្បង់​ជីពរ​ព្រះសង្ឃ​ ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​និង​អសីលធម៌​ ជាអាទិ៍ ការ​លេង​ល្បែង​ស៊ីសង​ ការ​ប្រព្រឹត្ត​អំពើ​អនាចារ​ ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ជាដើម។ ​សកម្មភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាព​ស្អាតស្អំ​របស់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា។
គេ​នៅ​ចាំ​មិន​ទាន់​ភ្លេច​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី​ ដែល​បាន​អះអាង​ថា ​ខ្លួន​ឈ្មោះ​ «ជួប ​សម្លាប់‍» ក៏​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ក្នុង​វត្ត​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ដែរ។ មុន​ពេល​នោះ​ ចៅ​អធិការ​វត្ត​បានផ្សឹក​ និង​បណ្តេញ​«ជួប ​សម្លាប់‍»​ ដែល​ចៅ​អធិការ​ស្គាល់​ថា​ជា​ «អឿត​ អាង»​ ចេញ​ពី​វត្ត ដោយ​សារ​អឿត​ អាង​ មាន​ទំនាក់ទំនង​ជាមួយ​ស្រី​នៅ​ក្នុង​វត្ត​លាក់​គ្រាប់​កាំភ្លើង​នៅ​ក្នុង​វត្ត​និង​មិន​គោរព​តាម​វិន័យ​ព្រះសង្ឃ។​
កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ព្រះចៅ​អធិការវត្ត​ និង​ព្រះសង្ឃ​បួន​អង្គ​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ត្រូវចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ ក្រោយពី​ពួកគេប្រើប្រាស់ថ្នាំញៀន។​
ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​កាល​ពី​ឆ្នាំ​២០១០។ អតីត​សង្ឃ​ នេត ខៃ ​ក្នុង​វត្ត​មួយ​នៅ​សង្កាត់​ស្រះចក​ ​មាន​រឿង​អាស្រូវ​ដ៏​លេច​ធ្លោ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយសារ​តែ​អតីត​សង្ឃ​អង្គ​នេះ​បាន​ថត​រូប​វីដេអូ​ស្ត្រី​ជា​ច្រើន​នាក់ ​ខណៈពេល​ដែល​ស្ត្រី​ទាំង​នោះ​កំពុង​ងូត​ទឹក​មន្ត​អាក្រាត​កាយ។ ​អតីត​សង្ឃ​ នេត​ ខៃ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ និង​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០ឆ្នាំ​ ចំពោះ​បទចោទ​ ផលិត​ និង​ចែកចាយ​រូបភាព​អាសអាភាស។
​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី​២៥ ត្រូវ​រៀបចំ​ដោយ​ក្រសួង​ធម្មការ​និង​សាសនា​ ​រយៈពេល​២​ថ្ងៃ​ដើម​សប្តាហ៍​នេះ ​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នានា​ដែល​ព្រះសង្ឃ​នៅ​កម្ពុជា​កំពុង​ប្រឈម។
​ព្រះសង្ឃ​ទូទាំង​ប្រទេស​ ចូលរួម​មហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​ លើកទី​២៥​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
​ព្រះសង្ឃ​ទូទាំង​ប្រទេស​ ចូលរួម​មហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​ លើកទី​២៥​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
មន្ត្រី​សង្ឃ​ដែល​ VOA បាន​ជួប​សម្ភាសន៍​នៅ​ក្នុង​សន្និបាត​នោះ លើក​ឡើង​ថា​ មន្ត្រី​សង្ឃ​នឹង​ចាត់​វិធានការ​តឹង​រឹង​ចំពោះ​ព្រះសង្ឃ​ណា​ដែល​ប្រព្រឹត្ត​ខុស។ វិធានការ​ទាំង​នោះ​មាន​ដូច​ជា​ការពិន័យ​ទូន្មានចំពោះ​ការ​ប្រព្រឹត្ត​ខុសឆ្គង​កម្រិត​ស្រាល ការចាប់​ផ្សឹក ​និង​បញ្ចូន​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ។
ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​ក្នុង​មហា​សន្និបាតមន្ត្រី​សង្ឃ​នេះ​ ថ្លែង​ថា ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ដែល​ព្រះអង្គ​គង់ ​នៅ​ក្នុងវត្ត​អារាម​ព្រះអង្គ​ពុំ​ឃើញ​មាន​ព្រះសង្ឃប្រព្រឹត្ត​អ្វី​ខុស​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។​
ក៏ប៉ុន្តែ​ ព្រះតេជ​គុណ​បាន​មាន​សង្ឃដីកាដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​បើ​ព្រះ​សង្ឃ​អង្គ​ណា​ធ្វើ​ខុស​ធ្ងន់ធ្ងរ ព្រះសង្ឃ​នោះ ​នឹង​ត្រូវ​ចាប់​ផ្សឹក​ និង​បញ្ចូន​ទៅ​អជ្ញាធរ​មាន​សមត្ថកិច្ច​។
«តាម​វត្ត​ ដូច​អត់​មាន​បញ្ហា​អីផង ព្រោះ​គណៈ​គ្រប់គ្រង​គេ​មាន​គ្រប់គ្រាន់។ ឧទាហរណ៍​ បើ​មាន​លោក​ណា​ប្រព្រឹត្តិ​ខុស​ធ្ងន់ធ្ងរ​មិន​អាច​នឹង​លើកលែង​ទោស​បាន ​ក៏​មាន​ការ​ផ្សឹក​ចោល​ចឹង​ទៅ។ រួច​ហើយ​ ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ គេ​ផ្តន្ទា​ទោស​តាម​ច្បាប់»។​
ព្រះតេជគុណ​ វន វង្ស​ ជា​ចៅ​អធិការវត្ត​មួយ​រូប​មក​ពី​ ស្រុក​សូទ្រ​និគម​ ខេត្ត​សៀមរាប​ បាន​ថ្លែង​ថា​កង្វះ​ការ​អប់រំ​ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ​មួយ​ចំនួន​ ជ្រុល​ខ្លួន​ប្រព្រឹត្ត​ខុស។
«អកុសល​ប្រទេស​យើង​កំពុង​អភិវឌ្ឍ​ ហើយ​បាត់​អ្នក​ប្រាជ្ញ​អស់​ អ្នកប្រាជ្ញ​ចេះ​ពិតប្រាកដ​ហ្នឹង​ លោក​សុគត​អស់​ទៅ​ គម្ពីរ​ក្បួន​ខ្នាត​ ក៏​បាត់បង់​អស់​ទៅ។ ការ​ឆោត​ល្ងង់​ ការ​មិន​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ វា​ហាក់​បី​ដូច​ជា​រៀន​បាន​តិចពេក​ខាង​សាសនា។ ​ បើ​នៅ​ក្នុង​ផ្លូវ​សាសនា​ បើ​ព្រះសង្ឃ​អាច​កែ​បាន​ បាន​ន័យ​ថា​ ច្បាប់​ខាង​សាសនា​ អាច​យក​មក​អប់រំ​បាន។​ ម្តង​ ឬ​ពីរ​ដង​ តែ​បើ​ច្រើន​ដង​ ក៏​មិន​បាន​ដែរ»។
ព្រះតេជគុណ​ វន វង្ស មាន​សង្ឃដីកា​បន្ត​ទៀត​ថា​ ស្ថាប័ន​អប់រំ​ខាង​ពុទ្ធសាសនា​នៅ​កម្ពុជា​មិន​ទាន់​មាន​ចំនួន​ស្ថាប័នសិក្សា​គ្រប់គ្រាន់​នឹង​ចំនួន​ព្រះសង្ឃ​ដែល​បន្ត​កើន​ឡើង​នោះទេ។
«ដើម្បី​ឲ្យ​គ្រប់គ្រាន់​ លុះត្រា​តែ​ ស្ថាប័ន​ពុទ្ធ​សាសនា​ឯករាជ្យ​ ហើយ​មាន​វិសាលភាព​ផ្សព្វផ្សាយ​ធម៌​វិន័យ​ឲ្យ​ស៊ីជម្រៅ​ទៅ​ក្នុង​ខួរ​ក្បាល​ ឬ​ទស្សនៈ​របស់​ខ្មែរ។ ហើយ​បង្កើត​សាលា​បាលី​ ដែល​លោក​ចូល​មក​រៀន​ឲ្យ​ចេះដឹង»។
លោក​មាន​សង្ឃដីកា​បន្ថែម​ថា​ បុគ្គល​ដែល​ចង់​បួស​ជា​ព្រះសង្គ​គួរ​តែ​តម្រូវ​ឲ្យ​ស្នាក់​នៅ​ និង​រៀនសូត្រ​នៅ​វត្ត​រយៈ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដើម្បី​បញ្ចាក់​ថា ​បុគ្គល​នោះ​អាច​គោរព​តាម​វិន័យ​ព្រះសង្ឃ​បាន​ត្រឹមត្រូវ​មុន​ពេល​បុគ្គល​នោះ​បួស​ជា​ព្រះសង្ឃ។
អ្នក​ស្រី​ ជា​ វណ្ណាត​ អ្នក​វិភាគ​សង្គម​ ​បាន​លើក​ឡើង​ថា ​វត្ត​អារាម​នីមួយៗ គួរ​តែ​មាន​ចំណាត់ការ​ តឹងរ៉ឹង​ និង​មាន​វិន័យ​ច្បាស់លាស់​ដើម្បី​កុំ​ឲ្យ​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួនប្រើប្រាស់​អត្តសញ្ញាណ​ជា​ព្រះសង្ឃ​បំផ្លាញ​ភាព​ស្អាតស្អំ​របស់​ពុទ្ធសាសនា។
«កាល​ដែល​ថា​ មើល​គុណភាព​ហ្នឹង​គឺ​ត្រូវ​មើល​ជា​ប្រចាំ​ រឿងរាល់​ថ្ងៃ។ ហើយ​គំរូ​ត្រូវ​មើល​ពី​លើ​ គឺ​ថា​វត្តអារាម​នីមួយៗ​ គឺ​តាំង​ពី​ព្រះចៅអធិការ ​ហើយ​អាចារ្យ ​ គណៈកម្មការ​អី​ ដែល​ជា​អ្នក​ជួយ​មើល​ ជួយ​តម្រង់។ ហើយ​អ្នកជួយ​មើល​ជួយ​តម្រង់​ខ្លួន​ឯង​ក៏​ត្រូវ​ប្រព្រឹត្តិ​ទៅ​តាម​វិន័យ​ព្រះពុទ្ធសាសនា​ដែរ»។
អ្នក​ស្រី​ ជា វណ្ណាត​ ទទូច​ឲ្យ​កម្ពុជា​បង្កើន​ទាំង​បរិមាណ​ និង​ពង្រឹង​គុណភាព​របស់​ព្រះសង្ឃ ​ជា​ពិសេស​គឺ​បង្កើន​ស្ថាប័ន​អប់រំ​និង​ពង្រឹង​គុណភាព​អប់រំ​អំពី​ព្រះ​ពុទ្ធសាសនា។​
យ៉ាង​ណា​ក៏ដោយ អ្នក​ស្រី​ ជា វណ្ណាត​ រំលឹក​ថា​ ពុទ្ធបរិស័ទ​កម្ពុជា​ មិន​គួរ​ប្រើប្រាស់​សុភាសិត​ដែល​ថា​ «ត្រី​មួយ​ស្អុយ​ ស្អុយ​មួយ​កន្ត្រក» ​ក្នុង​បរិបទ​នេះ​នោះ​ទេ​ ដោយសារ​តែ​ព្រះសង្ឃ​ភាគ​ច្រើន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្បួន​វិន័យ​របស់​ព្រះ​សង្ឃ​ហើយ។​
​ក្រសួង​ធម្មការ​និង​សាសនា​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ​ កម្ពុជា​មាន​វត្ត​ចំនួន​ជិត​៥.០០០​ និង​មាន​ព្រះសង្ឃ​ចំនួន​ជិត​៧០.០០០​អង្គ។
លោក​ អួង វិបុល ​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​ថ្លែង​ប្រាប់​ VOAថា​ កន្លង​មក​ ភាគ​ច្រើនអ្នក​ដែល​ប្រព្រឹត្ត​ល្មើស​មិន​មែន​ជា​ព្រះសង្ឃ​ពិត​ប្រាកដ​នោះ​ទេ។ ហើយលោក​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ ដើម្បី​ឲ្យ​កាត់​បន្ថយ​ ជន​ឆក់​ឱកាស​ដែល​បានប្រើប្រាស់​ស្បង់​ជីពរ​របស់​ព្រះសង្ឃ ​និង​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ល្មើស។
«អ្នក​ខ្លះ​ មិនមែន​ជា​លោក​សង្ឃ​ ប៉ុន្តែ​គាត់​ឆក់​ឱកាសយក​ស្បង់​ជីពរ​ទៅ​ពាក់​ ដែល​គេ​ចាប់​បាន​កន្លង​មក។​ ចឹង​ចំពោះ​លោក​សង្ឃ​ផ្ទាល់​ដែល​ប្រព្រឹត្តិ ​អ្វីៗ​ដែល​ខុស​ហ្នឹង​ មាន​តិចតួច​ទេ​ តាម​ការស្រាវជ្រាវ​ទៅ។ សង្ឃ​មាន​ច្បាប់​របស់​លោក​ តាម​នីតិវិធី​របស់​សង្ឃ។ ប៉ុន្តែ​ចំពោះ​អ្វី​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដូច​ជា​ឧក្រិដ្ឋ​ ឬ​ព្រហ្មទណ្ឌ ​គឺ​បន្ទាប់​ពី​សង្ឃ​លោក​ដោះស្រាយ​ហើយ​ លោក​ប្រគល់​ទៅ​ឲ្យ​អាណាចក្រ​មាន​ន័យ​ថា​ច្បាប់​របស់រដ្ឋ»។
លោក ​អួង ​វិបុល ​បញ្ជាក់​ទៀត​ថា ​រដ្ឋាភិបាល​ក៏​កំពុង​រឹត​បណ្តឹង​ និង​ឃ្លាំ​មើល​ឲ្យ​កាន់​តែ​ដិតដល់​ចំពោះព្រះសង្ឃ​បន្ថែម​ទៀត​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ​ចំពោះ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ៕

No comments: