Monday, 6 February 2017
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤០ត្រូវអតីតអ្នកបុរីកីឡាជំទាស់មិនឲ្យប្រារព្ធ
ដោយ ថា កិត្យា
2017-02-06
ពលរដ្ឋនៅសហគមន៍បុរីកីឡា បន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤០ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Rann Samnang
RFA/Rann Samnang
ប្រជាពលរដ្ឋដែលមិនទាន់មានដំណោះស្រាយដីធ្លីនៅសហគមន៍បុរីកីឡា បន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤០ នៅថ្ងៃទី៦ ខែកុម្ភៈ ដើម្បីទាមទារយុត្តិធម៌ឲ្យសកម្មជនសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប ឃាតកម្មលើលោកបណ្ឌិត កែម ឡី និងដោះស្រាយបញ្ចប់រឿងជម្លោះដីធ្លីនៅសហគមន៍របស់ពួកគេ។ តែយុទ្ធនាការនេះ ត្រូវបានប្រជាពលរដ្ឋបុរីកីឡាមួយក្រុមតូចទៀត ចូលមករំខាន។
ពីរសប្ដាហ៍ហើយដែលយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅសហគមន៍បុរីកីឡា ដែលក្រុមអ្នកមិនទទួលបានសំណងដឹកនាំដោយលោកស្រី សរ ស៊ន ត្រូវបានពលរដ្ឋមួយក្រុមតូចទៀតដែលទទួលសំណងរួចរាល់ហើយ ចេញមុខរំខានយាយី ដែលកាលពីមុនពួកគាត់ធ្លាប់បានតវ៉ាទាមទារយុត្តិធម៌រួមគ្នានោះ។
ថ្វីត្បិតតែមានការរំខានក្តី តែលោកស្រី សរ ស៊ន និងគ្រួសារមិនទាន់ទទួលបានសំណង និងអ្នកសហគមន៍មកពីភ្នំបាត មួយចំនួនទៀត បន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤០ នៅសហគមន៍របស់ពួកគេ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់អ្នកដែលត្រូវបានតុលាការឃុំខ្លួន និងបាញ់សម្លាប់ដោយអយុត្តិធម៌៖ «យើងនៅតែធ្វើលុះត្រាជោគជ័យ។ ជោគជ័យទី១ គឺដោះលែងមន្ត្រីអាដហុក មន្ត្រី គ.ជ.ប និងអ្នកស្រី ទេព វន្នី ព្រោះពួកគាត់ជាអ្នកស្អាតស្អំ។ ទី២ ត្រូវតែដោះស្រាយទំនាស់ដីធ្លីនៅបុរីកីឡាបញ្ចប់ ព្រោះអីសន្យាថាសាងសង់ ១០អគារ តែឥឡូវសាងសង់តែ ៨អគារប៉ុណ្ណោះ»។
កន្លងទៅ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅបុរីកីឡា មិនមានពលរដ្ឋណាម្នាក់ចេញមុខមកជំទាស់ឡើយ ពោលគឺមានតែកម្លាំងអាជ្ញាធរប៉ុណ្ណោះដែលតែងតែបំបែក និងចាប់ខ្លួនអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។ ប៉ុន្តែពីរសប្ដាហ៍ចុងក្រោយនេះ បែរជាមិនសូវមានអាជ្ញាធរតាមដានដូចមុន តែលេចមុខក្រុមអ្នកប្រឆាំងយុទ្ធនាការនេះជាប្រជាពលរដ្ឋរួមសហគមន៍ជាមួយគ្នា ដែលកាលពីមុនពួកគាត់ធ្លាប់វេចបង្វេចដើរតវ៉ាទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់នោះ។
អតីតតំណាងសហគមន៍បុរីកីឡា លោកស្រី ទឹម សាក់មុន្នី ដែលតែងតែដឹកនាំពលរដ្ឋតវ៉ា ហើយឥឡូវនេះទទួលបានសំណងហើយនោះ ថ្លែងថា មូលហេតុដែលលោកស្រីជំទាស់មិនឲ្យមានយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ព្រោះអ្នកស្រី ទេព វន្នី និងក្រុមមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ពុំដែលបានបម្រើផលប្រយោជន៍ជូនសហគមន៍បុរីឡាកន្លងទៅនោះឡើយ៖ «មិនមែនថាតែថ្ងៃច័ន្ទទេ ប៉ុន្តែសូមឲ្យទាមទារពីរឿងដីផ្ទះខ្លួនឯង អត់ឲ្យយក ទេព វន្នី មកទាមទារនៅដីបុរីកីឡាឡើយ ព្រោះ ទេព វន្នី មិនដែលធ្វើឲ្យប្រជាពលរដ្ឋពិតប្រាកដនោះទេ គឺធ្វើដើម្បីយកលុយពីស្រុកក្រៅមកទេ ដើម្បីនយោបាយមានបានរបស់ខ្លួនទេ»។
ពលរដ្ឋទាំងពីរក្រុម ក៏បានប្រឈមមុខគ្នាមួយសន្ទុះដែរ ប៉ុន្តែមិនឈានដល់ប្រើហិង្សាធ្ងន់ធ្ងរនោះទេ។
ក្រុមពលរដ្ឋដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ លើកឡើងថា មូលហេតុដែលពួកគាត់ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប ព្រោះពួកគេតែងជួយការពារ និងអប់រំពលរដ្ឋ។ ចំណែកអ្នកស្រី ទេព វន្នី វិញ ក៏ជាសកម្មជនដីធ្លីដែលតែងតែចេញមុខជួយជនរងគ្រោះដីធ្លីដូចគ្នា។
មន្ត្រីសង្គមស៊ីវិលតែងតែជំរុញឲ្យរដ្ឋាភិបាលដោះស្រាយចំពោះការទាមទាររបស់សហគមន៍ដីធ្លី ដែលតែងតែរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងមិនត្រូវទុកបណ្ដោយឲ្យការទាមទារនេះកើតទៀតឡើយ ព្រោះវានឹងធ្វើឲ្យមានការរំលោភសិទ្ធិពលរដ្ឋកាន់តែធ្ងន់ធ្ងរ ហើយមុខមាត់ប្រទេសជាតិក៏កាន់តែរងការអាម៉ាស់ខ្លាំងនៅលើឆាកជាតិ និងអន្តរជាតិដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment