Wednesday, 8 February 2017

លោក ហ៊ុន សែន ព្រមាន​បិទ​មីក្រូហិរញ្ញវត្ថុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រឡំ​ថា​ជំពាក់​លុយ​រដ្ឋ


ដោយ ថា កិត្យា
2017-02-08


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​បញ្ជាក់​ថា ខ្លួន​ឯង​ជា​វិស័យ​ឯកជន មិន​មែន​ជា​របស់​រដ្ឋ​ទេ ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​លទ្ធភាព មុន​នឹង​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ។ រីឯ​អ្នក​សេដ្ឋកិច្ច​ថា​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ពលរដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិន​បើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​មួយ​នៅ​តែ​មិន​អប់រំ​អ្នក​ខ្ចី​ប្រាក់​ឲ្យ​យល់​ច្បាស់​ពី​រឿង​បំណុល​របស់​ឯកជន ហើយ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា ពួក​គាត់​ជាប់​ជំពាក់​បំណុល​របស់​រដ្ឋ​នោះ ត្រូវ​បិទ​ចោល​តែ​ម្តង។ លោក​ថា រដ្ឋ​គ្មាន​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ប្រាក់​នោះ​ទេ។



ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ បើ​មិន​មាន​លទ្ធភាព​ទេ សូម​កុំ​ខ្ចី ជាពិសេស​ការ​ខ្ចី​យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ។

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បញ្ចុះ​សីមា​ព្រះវិហារ​វត្ត​ព្រែកប្រា ក្នុង​ខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ៖ «ឥឡូវ​ដាក់ ជា ចាន់តូ ត្រូវ​ធ្វើ​រឿង​ហ្នឹង ហើយ​តាម​គ្រឹះស្ថាន​ទាំងអស់ ទាំង​សាខា ទីស្នាក់ការ​ធំ​របស់​គាត់ ក៏​ត្រូវ​ដាក់​គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈ្មោះ "ក" ជា​គ្រឹះស្ថាន​ឯកជន មិន​មែន​របស់​រដ្ឋ រួច​ហើយ​ត្រូវ​អប់រំ​បុគ្គលិក​ឲ្យ​និយាយ​ភាសា​មុន​គេ​ថា នេះ​ជា​ផ្នែក​ឯកជន មិន​មែន​របស់​រដ្ឋ។ បើ​មិន​និយាយ​អា​ហ្នឹង​ទេ គឺ​ចាំ​បង្ខំ​ត្រូវ​បិទ»។

លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យោគយល់​ពន្យារ​ការ​សង ដោយ​មិន​យក​ការប្រាក់​នៅ​ដំណាក់​កាល​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក ដូចជា​ជួប​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹក​ជំនន់ ជាដើម។

ប្រធាន​អគ្គនាយក​ធនាគារ​អេស៊ីលីដា (ACLEDA Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា ជា​ធម្មតា អ្នក​ខ្ចី​គាត់​ដឹង​ច្បាស់​ថា អ្នក​ណា​ជា​ម្ចាស់​បំណុល ព្រោះ​មាន​កិច្ចសន្យា​ត្រឹមត្រូវ និង​ចូល​មក​ដល់​គ្រឹះស្ថាន​ផ្តល់​កម្ចី​នោះ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណា លោក​ថា​នឹង​ពន្យល់​ដល់​ពលរដ្ឋ​បន្ថែម​ទៀត៖ «អនុសាសន៍​របស់​សម្ដេច​ជា​ការ​ត្រឹមត្រូវ​ហើយ ឮ​ចឹង​យើង​ក៏​ខ្វាយខ្វល់​ដែរ ព្រោះ​ខ្លាច​ពលរដ្ឋ​ថា​ជំពាក់​លុយ​រដ្ឋ ហើយ​ខ្លាច​គាត់​មិន​សង​យើង»។

រីឯ​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រឿង​ពលរដ្ឋ​យល់​ច្រឡំ​ថា​ពួក​គាត់​ជំពាក់​បំណុល​រដ្ឋ​នោះ មិន​មែន​ជា​កំហុស​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ ព្រោះ​ស្ថាប័ន​នីមួយៗ​តែង​ប្រាប់​ឈ្មោះ​ទៅ​អតិថិជន​ដើម្បី​បាន​ឈ្មោះ​ល្បី ប៉ុន្តែ​ពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​នៅ​តែ​ចម្លង​ភាសា​មក​ពី​របប ប៉ុល ពត ព្រោះ ប៉ុល ពត ក៏​ប្រើ​ពាក្យ​អង្គការ។ បន្ថែម​ពី​នេះ លោក​បណ្ឌិត មាស នី យល់​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​ការ​បារម្ភ​អំពី​ស្ថានភាព​នៃ​ប្រាក់​កម្ចី​របស់​ពលរដ្ឋ​កាន់​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ៖ «បើ​យើង​និយាយ​ពី​ប្រាក់​កម្ចី យើង​ខ្ញុំ​ថា​ធ្ងន់ធ្ងរ​ណាស់។ ខ្ញុំ​ស្តាប់​ទៅ​មិន​តិច​ជាង ៨០​ភាគរយ ឬ​អាច​ឈាន​ដល់ ១០០​ភាគរយ គឺ​ខ្ចី​ប្រាក់​គ្រប់​គ្នា​ទាំងអស់ ហើយ​ត្រូវ​នឹង​ពេល​ដែល​មាន​វិបត្តិ​អត់​មាន​ទីផ្សារ​ផលិតផល​ផង ធ្វើ​ឲ្យ​ការ​ខ្ចី​ប្រាក់​នេះ​ពិបាក ជាពិសេស​ឆ្នាំ​នេះ​ពិបាក​សង»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​នយោបាយ​ណា​ដែល​ដើរ​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ថា បើ​ខ្លួន​ឈ្នះ​ឆ្នោត ខ្លួន​នឹង​លុប​បំណុល​របស់​ពួក​គេ​ដែល​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ទាក់ទិន​បញ្ហា​បំណុល​ពលរដ្ឋ​នេះ​ដែរ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច លោក​បណ្ឌិត តេង ដឺលុច មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​ពលរដ្ឋ​រីក​ចម្រើន និង​កាត់​បន្ថយ​ការ​ជំពាក់​បំណុល​នោះ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​បង្កើត​ការងារ និង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ទាំង​ជាតិ និង​អន្តរជាតិ បង្កើត​ការងារ​ក្នុង​ស្រុក ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ដែល​មាន​ប្រាក់​បៀវត្ស​ជា​និរន្តរភាព៕

No comments: