Monday, 6 February 2017
អ្នកវិភាគចង់ឃើញកម្ពុជារួមចំណែកប្រើយន្តការអាស៊ានដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា
ដោយ សាន សែល
2017-02-06
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច (U Htin Kyaw) (ឆ្វេង) ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានសន្តិភាពកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen facebook page
Photo courtesy of PM Hun Sen facebook page
អ្នកវិភាគចង់ឃើញរដ្ឋាភិបាលកម្ពុជា រួមចំណែកក្នុងការប្រើយន្តការអាស៊ាន ដើម្បីដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា (Rohingya) នៅប្រទេសមីយ៉ាន់ម៉ា។ ចំណែកមន្ត្រីរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជា នឹងមិនធ្វើផ្ទុយពីធម្មនុញ្ញអាស៊ាន ដែលចែងពីការមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាអះអាងចំពោះលោកប្រធានាធិបតី ធិន ច (U Htin Kyaw) កាលពីថ្ងៃទី៤ កុម្ភៈ ថា កម្ពុជា នឹងមិនលូកដៃក្នុងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា របស់មីយ៉ាន់ម៉ា ដោយលោកមិនយល់ស្របលើការប៉ុនប៉ងធ្វើអន្តរជាតូបនីយកម្មបញ្ហានេះ ហើយចាត់ទុករឿងនេះជារឿងផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដែលធម្មនុញ្ញអាស៊ានហាមប្រាមមិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។
របាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីសប្ដាហ៍មុនរកឃើញថា ក្នុងប្រតិបត្តិការបោសសម្អាតតាំងពីខែតុលា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្លាប់ រំលោភ រំលោភបូកជនជាតិម៉ូស្លីម រ៉ូហ៊ីងយ៉ា ក្មេងចាស់ប្រុសស្រីដែលរស់នៅក្នុងរដ្ឋរ៉ាក់ឃីន នៃប្រទេសមីយ៉ាន់ម៉ា ដែលបង្ខំឲ្យមនុស្សប្រមាណ ៩ម៉ឺននាក់បាត់បង់ផ្ទះសម្បែង និងបានភៀសខ្លួនទៅប្រទេសជិតខាង។
ថ្មីៗនេះ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) អំពាវនាវឲ្យអាស៊ាន អន្តរាគមន៍លើវិបត្តិរ៉ូហ៊ីងយ៉ា នេះ។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងគោរពទៅតាមធម្មនុញ្ញរបស់អាស៊ាន៖ «»។
លោកបន្ថែមថា ទំនាស់ប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ ក៏អាស៊ានមិនបានលូកដៃដែរ។ លោកថា បញ្ហារ៉ូហ៊ីងយ៉ា គួរត្រូវដោះស្រាយដោយយន្តការតុលាការអន្តរជាតិ ឬតាមរយៈអង្គការសហប្រជាជាតិ។
អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) កាលពីពាក់កណ្ដាលខែមករា បានស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើជនជាតិម៉ូស្លីម រ៉ូហ៊ីងយ៉ា ដើម្បីទប់ស្កាត់ការកើតមានអំពើប្រល័យពូជសាសន៍។
ទាក់ទងនឹងប្រធានបទនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល យល់ថា ការលូកដៃរបស់កម្ពុជា ក្នុងវិបត្តិរ៉ូហ៊ីងយ៉ា ដែលកំពុងធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ គឺហួសពីសមត្ថភាពរបស់កម្ពុជា។ ក៏ប៉ុន្តែលោកថា បញ្ហារ៉ូហ៊ីងយ៉ា នេះ កម្ពុជា អាចចូលរួមដោះស្រាយតាមរយៈយន្តការអាស៊ាន៖ «»។
លោក ចាន់ វិបុល រំលេចថា កន្លងមក កម្ពុជា គាំទ្រការកសាងសន្តិភាពអន្តរជាតិ ដូចជាការបញ្ជូនទ័ពទៅរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ជាដើម។
ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានបញ្ចប់នៅថ្ងៃទី៦ កុម្ភៈ នេះ។ ភាគីកម្ពុជា និងមីយ៉ាន់ម៉ា ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ និងទេសចរណ៍។
លោក ធិន ច ប្រធានាធិបតីដែលឡើងកាន់តំណែងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា បន្ទាប់ពីស្ថិតក្រោមការត្រួតត្រារបស់យោធាអស់កន្លះសតវត្ស មកដល់កម្ពុជា កាលពីថ្ងៃទី៣ កុម្ភៈ។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន ឲ្យដឹងថា ភាគីមីយ៉ាន់ម៉ា និងកម្ពុជា នឹងជំរុញការសហការដើម្បីបង្កើនសកម្មភាពទេសចរណ៍រវាងទីក្រុងបុរាណបាហ្គាន និងសៀមរាប។ មីយ៉ាន់ម៉ា ក៏យល់ព្រមផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា លើផ្នែកអក្សរសាស្ត្រមីយ៉ាន់ម៉ា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment