Saturday, 4 February 2017
បទវិភាគ៖ តើអ្វីជំរុញឲ្យកម្ពុជាផ្អាកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយអាមេរិក?
ដោយ មាន ឫទ្ធិ
2017-02-04
សកម្មភាពកងទ័ពជើងទឹកកម្ពុជា និងអាមេរិក ចូលរួមក្នុងពិធីបើកលំហាត់សមយុទ្ធខារ៉ាត់កម្ពុជា ឆ្នាំ២០១៥ នាមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Den Ayuthyea
គេនៅចាំបានថា នៅមិនដល់មួយសប្ដាហ៍ផង មុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រទេសកម្ពុជា បានសម្រេចចិត្តជាឯកតោភាគីយ៉ាងតក់ក្រហល់ អំពីការផ្អាកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយអាមេរិក ដែលមានឈ្មោះថា “ឆ្មាំអង្គរ”។
តាមប្រសាសន៍របស់មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត ដែលថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងស្រុក និងបរទេសថា ការផ្អាកនេះមានរយៈពេលពីរឆ្នាំ គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។ លោកបានលើកយកហេតុផលចំនួនពីរធំៗដែលនាំឲ្យកម្ពុជា សម្រេចចិត្តដូច្នេះ។ ទីមួយ៖ កម្ពុជាកំពុងជាប់រវល់ធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរគ្រឿងញៀនដែលតម្រូវឲ្យមានការចូលរួមពីសំណាក់កងកម្លាំងយោធា និងនគរបាលដើម្បីបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀននានា នៅទូទាំងផ្ទៃប្រទេស។ ទីពីរ៖ ពាក់ព័ន្ធនឹងការរៀបចំដំណើរការការបោះឆ្នោតឃុំ-សង្កាត់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ខាងមុខនេះ។ ក៏ប៉ុន្តែ ហេតុផលដ៏សាមញ្ញទាំងពីរខាងលើនេះ ហាក់បីដូចជាពិបាកនឹងពន្យល់ឲ្យគេងាយនឹងជឿ និងយល់ស្របតាមណាស់។
តើអាចមានហេតុផលអ្វីផ្សេងពីនេះនៅពីក្រោយការដែលកម្ពុជា សម្រេចចិត្តយ៉ាងដូច្នេះដែរ ឬទេ?
គិតត្រឹមឆ្នាំ២០១៦ ប្រទេសកម្ពុជា តែងតែរៀបចំធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយអាមេរិក សរុបចំនួន ៧លើករួចមកហើយ ដោយពុំដែលមានការអាក់ខានណាមួយគួរឲ្យកត់សម្គាល់ឡើយ បើទោះបីជាកម្ពុជា ធ្លាប់ជាប់រវល់រៀបចំដំណើរការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១២ និងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ ក៏ដោយ។ សមយុទ្ធយោធានេះធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមនៃបេសកកម្មសន្តិភាពជាសាកល (Global Peace Operations Initiatives-GPOI) ឆ្នាំ២០១០ របស់រដ្ឋាភិបាលអាមេរិក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ដើម្បីជួយបណ្ដុះបណ្ដាលកងរក្សាសន្តិភាព ដោយផ្ដោតលើការផ្ដល់ជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។
កម្ពុជា និងអាមេរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាមួយដែលមានឈ្មោះថា “ឆ្មាំអង្គរ” ជាលើកដំបូងនៅឆ្នាំ២០១០ ដែលកាលពីដើមឡើយមានលក្ខណៈជាសមយុទ្ធយោធាពហុជាតិសាសន៍ដ៏ធំបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការចូលរួមពីកងទ័ពជាង ១.០០០នាក់ មកពីបណ្ដាប្រទេសចំនួន ២៣ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ តែក្រោយមក សមយុទ្ធយោធានេះបានប្រែក្លាយជាសមយុទ្ធយោធាទ្វេភាគីរវាងកម្ពុជា និងអាមេរិកវិញ។
ថ្លែងនៅក្នុងពិធីបើកសមយុទ្ធកាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា សមយុទ្ធយោធានេះបាន “បើកនូវទំព័រថ្មីមួយក្នុងការធ្វើសមាហរណកម្មប្រទេសកម្ពុជា ទៅក្នុងតំបន់ និងពិភពលោក ហើយក៏នឹងពង្រឹង និងពង្រីកសមត្ថភាពកម្ពុជា ក្នុងការគាំទ្របេសកកម្មសន្តិភាពកែលំអកិច្ចសហប្រតិបត្តិការពហុភាគី ក៏ដូចជាពង្រឹងទំនាក់ទំនងអន្តរជាតិ និងភាពជាដៃគូប្រចាំតំបន់ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សជាតិផងដែរ”។
មានហេតុផលចម្បងចំនួនបីយ៉ាងដែលគេមើលឃើញជុំវិញការសម្រេចចិត្តផ្អាកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាជាមួយអាមេរិក ឈ្មោះ “ឆ្មាំអង្គរ” ជាលក្ខណៈឯកតោភាគីរបស់កម្ពុជានេះ។ ហេតុផលទាំងបីនោះ គឺ១ កម្ពុជាចង់ស្ទាបស្ទង់នយោបាយការបរទេសរបស់ប្រធានាធិបតីថ្មីរបស់អាមេរិក ទី២ ការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន និងទី៣ ចរន្តភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលកំពុងតែមានទំនោរងាកទៅរកប្រទេសចិន។
ហេតុផលទីមួយ គឺដោយសារតែការសម្រេចចិត្តនេះធ្វើឡើងយ៉ាងតក់ក្រហល់នៅប៉ុន្មានថ្ងៃមុនពេលដែលប្រធានាធិបតីថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ ធ្វើពិធីស្បថចូលកាន់តំណែង បើទោះបីជាមានការគ្រោងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាប្រចាំ២០១៧ នេះរួចហើយក៏ដោយក្ដី មានការសង្ស័យថា នេះអាចជាសារមួយដែលរដ្ឋាភិបាលភ្នំពេញ ចង់ប្រាប់ដល់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ថា អាមេរិកលែងជាមហាអំណាចសំខាន់ និងមានឥទ្ធិពលខ្លាំងប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅកម្ពុជា ទៀតហើយ។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ននូវការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនេះ ដែលចង់ ឬមិនចង់បាន ធ្វើឲ្យអាមេរិក បាក់មុខមាត់នៅលើឆាកអន្តរជាតិនេះ ក៏អាចជាចេតនារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការលើកយកបញ្ហានេះមកធ្វើជាចំណាប់ថ្នូរសម្រាប់យកទៅចរចាជាមួយរដ្ឋបាលអាមេរិក ពាក់ព័ន្ធនឹងសំណើសុំលុបចោលបំណុលជាង ៤៥០លានដុល្លារអាមេរិក ដែលកម្ពុជាបានជំពាក់អាមេរិក ចាប់តាំងពីសម័យសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់រដ្ឋបាលលោកសេនាប្រមុខ លន់ នល់ មកម្ល៉េះ។
ទាំងនៅមុន និងនៅក្រោយការប្រកាសអំពីការសម្រេចចិត្តផ្អាកនេះ គេសង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បានបង្កើនយុទ្ធនាការទាមទារឲ្យអាមេរិក លុបចោលបំណុលទាំងនេះដែលខ្លួនចាត់ទុកថា ជា “បំណុលកខ្វក់” និងជាផ្នែកមួយរួមចំណែកនាំឲ្យមានសង្គ្រាមស៊ីវិលនៅកម្ពុជា។
ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលអាមេរិក ធ្លាប់បានស្នើឲ្យភាគីកម្ពុជា ធ្វើការទូទាត់សងបំណុលខ្លះជាមុនសិន តាមរយៈការចុះកិច្ចព្រមព្រៀងទ្វេភាគីមួយ ដោយមានការកំណត់ពេលវេលាជាក់លាក់នៃការទូទាត់សងបំណុលនេះ មុនពេលដែលខ្លួនឈានទៅសម្រេចធ្វើការពិចារណា ថាតើត្រូវលើកលែង ឬលុបចោលបំណុលទាំងនេះ។ ក៏ប៉ុន្តែ សំណើនេះក្រោយមកត្រូវបានភាគីកម្ពុជា ច្រានចោល។
បច្ចុប្បន្ន បញ្ហានៃការទាមទារឲ្យអាមេរិកលុបចោល “បំណុលកខ្វក់” នេះ រួមជាមួយនឹងការព្យាយាមលាតត្រដាងបង្ហាញនូវរូបភាពអវិជ្ជមាននានា ដែលប្រទេសអាមេរិក ធ្លាប់បានធ្វើមកលើប្រទេសកម្ពុជា នៅពេលអតីតកាល ដែលរួមមានដូចជា ការគាំទ្ររបស់អាមេរិក និងបស្ចិមលោកនៅពីក្រោយរដ្ឋបាលលោកសេនាប្រមុខ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ចេញពីអំណាចកាលពីដើមឆ្នាំ១៩៧០ និងបេសកកម្មសម្ងាត់របស់អាមេរិក ក្នុងការទម្លាក់គ្រាប់បែកសរុបជិត ៣លានតោន (២.៧៥៦.៩៤១) មកលើទឹកដីកម្ពុជា ដើម្បីបណ្ដេញពួកវៀតកុង និងមិនឲ្យពួកនេះប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាជម្រក និងជាឈ្នាន់សម្រាប់ធ្វើសង្គ្រាមរបស់អតីតប្រទេសវៀតណាម ខាងជើង ។ល។ បានប្រែក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ និងជាសង្គ្រាមប៉ាកកាដែលរដ្ឋាភិបាលកម្ពុជា កំពុងយកមកប្រើប្រាស់ ដើម្បីដុតបញ្ឆេះកំហឹងឲ្យរីករាលដាលក្នុងស្រទាប់មហាជន ជាពិសេសយុវជន-យុវនារីខ្មែរ ក្នុងគោលបំណងដើម្បីឲ្យពួកគេស្អប់ខ្ពើមអាមេរិក និងឈប់គាំទ្រនូវអ្វីដែលមានប្រភពចេញមកពីប្រទេសអាមេរិក ឬដែលរដ្ឋាភិបាលអាមេរិក ឧបត្ថម្ភ តួយ៉ាងមានដូចជាវិទ្យុអាស៊ីសេរី នេះជាដើម។
ព្រមជាមួយគ្នានេះទៀតសោត រដ្ឋាភិបាលកម្ពុជា ក៏មិនភ្លេចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនធ្វើយុទ្ធនាការឃោសនាឲ្យមហាជនទន្ទេញចិត្តស្អប់គណបក្សនយោបាយនានា ដែលមាននិន្នាការប្រឆាំងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល លោក ហ៊ុន សែន ដោយយកលេសថា អាមេរិកជាអ្នកនៅចាំជួយឧបត្ថម្ភពីខាងក្រោយ។
ការដែលរដ្ឋាភិបាលកម្ពុជា ព្យាយាមម្តងជាពីរដង ស្នើឲ្យអាមេរិក លុបចោល “បំណុលកខ្វក់” ឲ្យខាងតែបានដោយប្រើប្រាស់គ្រប់មធ្យោបាយនេះ គឺដើម្បីឲ្យមហាជន និងជនានុជនជំនាន់ក្រោយយល់ថា មានតែខ្លួនទេដែលហ៊ានពុះពារតតាំងជាមួយអាមេរិក ទាមទារគ្រប់កាលៈទេសៈដើម្បីបុព្វហេតុត្រឹមត្រូវរបស់ជាតិ និងប្រជាជនជារួម។
ទាំងអស់នេះអាចជាសេណារីយ៉ូថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ទុកយកមកប្រើប្រាស់ដើម្បីបង្វែរចំណាប់អារម្មណ៍ និងបិទបាំងនូវទង្វើនានារបស់ខ្លួន ដែលរាប់បញ្ចូលទាំងបំណុលដែលខ្លួនបានខ្ចីពីបរទេសសរុបមិនតិចជាង ១០ពាន់លានដុល្លារអាមេរិក ហើយដែលភាគច្រើននៃទឹកប្រាក់បំណុលទាំងនេះ ត្រូវគេរកឃើញថា បានធ្លាក់ចូលទៅក្នុងហោប៉ៅរបស់មន្ត្រីរដ្ឋាភិបាលគ្រាក់ៗ តាមរយៈការប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងដែលមានលក្ខណៈជាប្រព័ន្ធ។
ហេតុផលទីពីរ គឺអាចដោយសារតែឥទ្ធិពលយ៉ាងជាក់ច្បាស់របស់ប្រទេសចិន មកលើប្រទេសកម្ពុជា ដែលកំពុងតែកើនឡើងឥតស្រាកស្រាន្ត បើទោះបីជាមន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្លាប់បានបដិសេធរួចហើយថា នេះមិនមែនជាហេតុផលដែលនាំឲ្យកម្ពុជា សម្រេចផ្អាកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាជាមួយអាមេរិក ក៏ដោយ។
ជាក់ស្ដែងកាលពីចុងឆ្នាំ២០១៦ កន្លងទៅនេះ ប្រទេសកម្ពុជា និងប្រទេសចិន ទើបតែបានបិទបញ្ចប់សមយុទ្ធយោធារួមគ្នាក្នុងទ្រង់ទ្រាយធំមួយឈ្មោះថា “នាគមាស” ដែលមានរយៈពេលដល់ទៅ ៩ថ្ងៃ ហើយមានលក្ខណៈស្រដៀងគ្នានឹងសមយុទ្ធយោធាជាមួយអាមេរិក “ឆ្មាំអង្គរ” ដែរ។ នេះជាលើកទីមួយហើយដែលសមយុទ្ធយោធាជាមួយប្រទេសចិន ត្រូវបានធ្វើឡើងជាលើកដំបូងនៅកម្ពុជា សំដៅពង្រឹងបន្ថែមការទំនាក់ទំនងក្នុងវិស័យយោធា និងកែលំអកិច្ចសហប្រតិបត្តិការ និងមិត្រភាពរវាងកម្ពុជា និងចិន។ ថ្លែងក្នុងពិធីបិទបញ្ចប់សមយុទ្ធយោធារួមគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានមានប្រសាសន៍ថា “សមយុទ្ធយោធានាគមាសឆ្នាំ២០១៦" នេះ គឺជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលថ្មីនានា ដែលបានប្រសូតចេញពីទំនាក់ទំនងប្រកបដោយមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយោធាកម្ពុជា និងចិន ក្រោមក្របខ័ណ្ឌ ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការប្រកបដោយយុទ្ធសាស្ត្រ។ ក្នុងឆ្នាំ២០១៦ នេះដែរ ប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធយោធានាវាចរណ៍រួមគ្នា ជាលើកដំបូងផងដែរ។
ដោយឡែកកាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០១៦ នេះដែរ ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងឋានៈជាប្រមុខរដ្ឋ លោកប្រធានាធិបតីចិន ស៊ីជិន ពីង (Xi Jinping) បានសន្យាផ្ដល់ជំនួយដល់កម្ពុជា ជាទឹកប្រាក់ចំនួនជាង ២៣៧លានដុល្លារអាមេរិក សម្រេចលុបចោលបំណុលរដ្ឋដែលកម្ពុជា ជំពាក់ចិន ចំនួនជិត ៩០លានដុល្លារអាមេរិក និងផ្ដល់ជំនួយបន្ថែមសម្រាប់គាំទ្រវិស័យយោធាដែលមានទឹកប្រាក់ប្រមាណជិត ១៥លានដុល្លារអាមេរិក។ គ្រាន់តែនៅឆ្នាំ២០១៦ នេះ ក្រុងប៉េកាំង បានផ្ដល់ជំនួយយ៉ាងហោចណាស់ជាង ៦០០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដែលប្រការនេះធ្វើឲ្យប្រទេសចិន ក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតមួយនៅកម្ពុជា។ លោក ហ៊ុន សែន បានចាត់ទុកប្រទេសចិន គឺជា “មិត្តដ៏គួរឲ្យទុកចិត្តបំផុត” (most trustworthy friend) ខណៈដែលលោកប្រធានាធិបតី ស៊ីជិន ពីង បានចាត់ទុកលោក ហ៊ុន សែន ថាជា “មិត្តមិនកែប្រែរបស់ចិន" (an ironclad friend)។
សម្រាប់ប្រទេសចិន ការផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗបែបនេះ មិនមែនជារឿងចៃដន្យឡើយ។ ប្រទេសចិន ត្រូវការកម្ពុជា ធ្វើជាសម្ព័ន្ធមិត្តជិតស្និទ្ធយូរអង្វែង ទាំងនៅលើឆាកអន្តរជាតិ និងទាំងនៅក្នុងតំបន់ ដើម្បីឲ្យប្រទេសមួយនេះអនុវត្តតាមមាគ៌ាគោលនយោបាយការបរទេសរបស់ខ្លួន។ ជាក់ស្ដែង ម្ដងជាពីរដង ប្រទេសកម្ពុជា បានព្យាយាមរារាំងមិនឲ្យមានការចេញសេចក្ដីថ្លែងការណ៍រួមអាស៊ានណាមួយដែលថ្កោលទោស ឬប្រឆាំងនឹងប្រទេសចិន ពាក់ព័ន្ធនឹងជម្លោះដែនកោះនៅសមុទ្ទចិនខាងត្បូងឡើយ។ ក្រៅពីនេះ គេនៅចាំបានផងដែរថា កាលពីឆ្នាំ២០០៩ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក ស៊ីជិន ពីង ដែលកាលនោះលោកគឺជាអនុប្រធានាធិបតី មកកាន់ប្រទេសកម្ពុជា ប្រទេសកម្ពុជាបាននិរទេសជនជាតិដើមភាគតិច អ៊ុយហ្គ័រ មូស្លីម (Muslim Uighurs) ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន ២០នាក់ទៅប្រទេសចិន វិញ តាមការស្នើសុំពីសមភាគីចិន បើទោះជាមានការថ្កោលទោសជាទូទៅពីអន្តរជាតិក៏ដោយ។ ជាលទ្ធផល ប្រទេសចិន បានសន្យាផ្ដល់ប្រាក់ ១ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគនៅកម្ពុជា។
ដោយឡែកសម្រាប់កម្ពុជា វិញ ការងាកទៅធ្វើជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយ ប្រទេសចិន ដោយចំហរបស់ខ្លួននៅពេលនេះ គឺមិនមែនតែសម្រាប់បម្រើឲ្យហេតុផលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចមួយមុខប៉ុណ្ណោះទេ តែនៅមានហេតុផលអត្ថប្រយោជន៍យុទ្ធសាស្ត្រចម្បងចំនួនពីរផ្សេងទៀត ដែលគេមិនអាចមើលរំលងបាន។ អត្ថប្រយោជន៍យុទ្ធសាស្ត្រទីមួយ គឺកម្ពុជា កំពុងប្រើប្រាស់ចិន ដើម្បីទប់ទល់ ឬធ្វើឲ្យមានតុល្យភាពជាមួយនឹងឥទ្ធិពលដ៏គួរឲ្យបារម្ភពីសំណាក់ប្រទេសវៀតណាម ដោយសារតែប្រជាជាតិទាំងពីរធ្លាប់អរិភាពជាមួយគ្នាជាយូរលង់មកហើយ។ រីឯអត្ថប្រយោជន៍យុទ្ធសាស្ត្រទីពីរ គឺកម្ពុជា ក៏កំពុងប្រើប្រាស់ប្រទេសចិន ធ្វើជាបងធំសម្រាប់បង្អែក ឬជាឈ្នាន់ដើម្បីទប់ទល់នឹងបស្ចិមលោក នៅពេលដែលខ្លួនទទួលរងនូវការរិះគន់ ឬការថ្កោលទោសជុំវិញករណីរំលោភសិទ្ធិមនុស្ស ឬការគំរាមកាត់ផ្ដាច់ជំនួយណាមួយ ។ល។
ហេតុផលទីបី គឺចរន្តភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលកំពុងតែមានទំនោរងាកទៅរកប្រទេសចិនដោយចំហ និងឥតលាក់លៀម។ បន្តិចម្តងៗ ប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាមេរិក ធ្លាប់សង្ឃឹមថា អាចនឹងក្លាយជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យមានតុល្យភាពជាមួយប្រទេសចិន នៅក្នុងជម្លោះដែនកោះនៅសមុទ្ទចិនខាងត្បូង រួមទាំងសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួនផងដែរនោះ បានបោះបង់ចោលអាមេរិក ដោយងាកទៅចាប់ដៃជាមួយនឹងប្រទេសចិន វិញ។
ប្រទេសហ្វីលីពីន ជាឧទាហរណ៍ ដែលធ្លាប់តែជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អាមេរិក ហើយដែលធ្លាប់ប្ដឹងប្រទេសចិន ទៅតុលាការអន្តរជាតិជុំវិញករណីជម្លោះដណ្ដើមដែនកោះដ៏រ៉ាំរ៉ៃនៅសមុទ្ទចិនខាងត្បូងនោះ បានផ្លាស់ប្ដូរជំហររបស់ខ្លួនគួរឲ្យភ្ញាក់ផ្អើល។ តាមរយៈប្រធានាធិបតីថ្មីរបស់ខ្លួន គឺលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រទេសហ្វីលីពីន បានសម្ដែងការខឹងសំបាររបស់ខ្លួនជាមួយអាមេរិក ហើយបែរជាមកស្រឡាញ់ចូលចិត្ត និងឱបក្រសោបយកប្រទេសចិន វិញ។ លោកប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសាលប្រជាជននៅទីក្រុងប៉េកាំង ថា “នៅទីកន្លែងនេះ ខ្ញុំសូមប្រកាសអំពីការកាត់ផ្ដាច់សម្ពន្ធភាពរបស់ខ្ញុំចេញពីប្រទេសអាមេរិក"។
ដោយឡែក ប្រទេសវៀតណាម ដែលជាគូជម្លោះដ៏ស្រួចស្រាល់មួយទៀតរបស់ប្រទេសចិន ជុំវិញករណីជម្លោះដណ្ដើមដែនកោះនៅសមុទ្ទចិន ខាងត្បូងនោះ កាលពីពេលថ្មីៗនេះបានសន្យាដោះស្រាយជម្លោះដែនទឹករបស់ខ្លួនជាមួយប្រទេសចិន នេះជាលក្ខណៈទ្វេភាគីវិញដែរ ជាជាងធ្វើអន្តរជាតូបនីយកម្មនៃវិវាទនេះ។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ទទួលបានការសាទរពីអ្នកនយោបាយម៉ាឡេស៊ី រួមអាជីពរបស់លោកថា លោកជា “មេដឹកនាំដែលមានចក្ខុវិស័យយូរអង្វែង” សម្រាប់ការដែលលោកដឹកនាំប្រទេស “ងាកទៅរកប្រទេសចិន”។ ប្រទេសថៃ ទៀតសោត ក៏បានយល់ព្រមកសាងមជ្ឈមណ្ឌលជួសជុល និងផលិតគ្រឿងសព្វាវុធឲ្យកងទ័ពចិន ទៀតផង។
តាមរយៈហេតុផលចម្បងចំនួនបីដូចដែលបានវិភាគត្រួសៗពីខាងលើនេះ គេអាចស្វែងយល់បានច្រើនអំពីមូលហេតុនានា នៅពីក្រោយការដែលនាំឲ្យកម្ពុជា សម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយអាមេរិក ឈ្មោះ “ឆ្មាំអង្គរ” ដែលហេតុផលទាំងអស់នេះគឺពិតជាមានលើសពីការថ្លែងអះអាងសម្អាងហេតុពីសំណាក់ភាគីកម្ពុជា៕
Subscribe to:
Post Comments (Atom)
2 comments:
Yuon's tricks in Cambodia:
1- Keep its puppet Hun Sen in power to facilitate its Vietnamization over Cambodia.
2- Create some events to make Khmer people cast doubt about the qualification of any popular Khmer leader. Make Khmer people mistrust each other.
Furthermore, presently, do Khmer people have any good leader in their mind to replace Ah Kwack Hun Sen? The answer is NO. That is Yuon's strategy. It is not an accident that Khmer distrust Khmer.
Yuon and Ah Kwack Hun Sen have persecuted and killed ALL good Khmer leaders.
For example: they persecuted Sam Rainsy, Kem Sokha and killed Kem Ley.
Therefore, Khmer people need to have patience by accepting and supporting the political party that has a good chance to dethrone Ah Kwack Hun Sen from power in 2018. Then, we will work from there to improve Cambodia.
3- To defeat Yuon's tricks, Khmer people need to have perseverance, tolerance, and know how to prioritize thing right by accepting the fact that stopping the Yuon's puppet is the top priority.
4- Stop chastising unnecessarily our Khmer leaders who have been working unrelentingly to save Cambodia from the evil Yuon Vietnam.
Bun Thoeun
អាគុក វាកុហក ហើយ តាមពិតគឺមាន ការបោះឆ្នោត នៅ២០១៧នឹង២០១៨ ហើយវារៀបចំដណ្តើមយកឈ្នះ តាមការប្រើទាហានដណ្តើមយកអំណាចនោះឯង សុំចាំមើលទៅណា ព្រោះយួនវាមិនឲ្យខ្មែររួចពីទ្រុងវាទេ។ ធ្វើម្តេចចេះពេក ខ្មែរអង្គណា ហា ហា យុំបន្តិចចុះ
Post a Comment