Wednesday, 26 April 2017
តំណាងរាស្ត្របក្សប្រឆាំងអាចប្រឈមនឹងបទល្មើសជាក់ស្ដែង បើមិនចូលទៅបំភ្លឺតាមដីកាកោះ
ដោយ អ៊ឹម រចនា 26/04/2017 26/04/2017
rfi
លោក ឡុង រី និងលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងដំណើរចុះទៅសួរសុខទុក្ខសកម្មជនបក្សប្រឆាំងនៅពន្ធនាគារព្រៃស ថ្ងៃទី១៩ មេសា ២០១៧
លោក ឡុង រី និងលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ប្រសិនបើមិនចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។ តុលាការក្រុងភ្នំពេញ ដែលបានកោះហៅអ្នកទាំងពីរទៅសាកសួរក្នុងនាមជាសាក្សី ពីករណីនាយករងវិទ្យុអាស៊ីសេរីបន្លំខ្លួនចូលពន្ធនាគារ។ នេះគឺជាការគូសបញ្ជាក់របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ការមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅ អាចប្រឈមមុខនឹងបទចោទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ នេះបើតាមអ្វីដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់វិទ្យុបារាំងនៅថ្ងៃពុធនេះ។ ការគូសបញ្ជាក់នេះធ្វើឡើងចំពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក ឡុង រី និងលោកស្រី មួរ សុខហួរ ត្រូវសម្រេចចិត្ត ថាតើត្រូវទៅបំភ្លឺតាមដីកាកោះរបស់តុលាការ នៅថ្ងៃទី២៧ និង ២៨មេសា ដែរឬទេ?
សូមជម្រាបថា តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២១មេសាកន្លងទៅ បានចេញដីកាកោះហៅលោក ឡុង រី និងលោកស្រី មួរ សុខហួរ ទៅសាកសួរក្នុងនាមជាសាក្សី ពីករណីនាយករងវិទ្យុអាស៊ីសេរីដែលតុលាការអះអាងថាបានបន្លំចូលពន្ធនាគារ។
នៅថ្ងៃពុធនេះ វិទ្យុបារាំងអន្ដរជាតិ RFI មិនអាចទាក់ទងលោក ឡុង រី ដើម្បីសុំការបំភ្លឺបានទេ។ ប៉ុន្តែលោកស្រី មួរ សុខហួរ បានបញ្ជាក់ប្រាប់ RFI ពីខេត្តបាត់ដំបងថា តំណាងរាស្ត្របក្សប្រឆាំង គ្មានបំណងគេចវេសពីការកោះហៅរបស់តុលាការទេ ប៉ុន្តែនីតិវិធីនៃការចូលបំភ្លឺនោះយ៉ាងណា អនុប្រធានគណបក្សប្រឆាំង លោកស្រី មួរ សុខហួរ ថា ខ្លួនកំពុងតែពិភាក្សាជាមួយមេធាវីបន្ថែមទៀត។
គួររំលឹកជូនថា កាលពីថ្ងៃទី១៩មេសាកន្លងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោកស្រី មួរ សុខហួរ និងលោក ឡុង រី បានអញ្ជើញទៅសួរសុខទុក្ខអ្នកជាប់ឃុំដែលជាសកម្មជនរបស់ខ្លួន នៅពន្ធនាគារព្រៃស។ នាយករងវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ក៏បានចូលទៅពន្ធនាគារជាមួយតំណាងរាស្ត្រទាំងពីររូបដែរ ដោយប្រើប្រាស់ឈ្មោះពិតរបស់លោក គឺ ហួត វុទ្ធី ប៉ុន្តែបានដាក់តួនាទីថាជាជំនួយការរបស់អ្នកតំណាងរាស្ត្រទៅវិញ។
ជាការកត់សម្គាល់ នៅក្នុងការកោះហៅតំណាងរាស្ត្រទៅបំភ្លឺនេះ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភា បានជំរុញឲ្យអ្នកតំណាងរាស្ត្រទៅបំភ្លឺទៅតាមការកោះហៅរបស់តុលាការ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងធ្វើយ៉ាងណាកុំឲ្យជាន់ដានចាស់ដូចករណីលោក កឹម សុខា។ លោក កឹម សុខា ដែលមិនបានចូលទៅបំភ្លឺតាមដីកាកោះកាលពីឆ្នាំ២០១៦កន្លងទៅ ហើយត្រូវតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល ប៉ុន្តែក្រោយមកបានទទួលព្រះរាជទានទោសពីព្រះមហាក្សត្រ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment