Saturday, 29 April 2017
អង្គការសហប្រជាជាតិអំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សជាប់ឃុំទាំង៥«ជាបន្ទាន់»
29 មេសា 2017
សាយ មុន្នី
voa
រូបឯកសារ៖ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងអង្គុយជាមួយគ្រួសារក្នុងបន្ទប់រង់ចាំនៅតុលាការកំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អង្គការសហប្រជាជាតិ មានការសោកស្ដាយដែលអាជ្ញាធរខ្មែរ បានបន្តការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់។
វ៉ាស៊ីនតោន —
អង្គការសហប្រជាជាតិ បានអំពាវនាវនៅថ្ងៃសុក្រនេះ ឲ្យអាជ្ញាធរខ្មែរ ដោះលែងអ្នក ការពារសិទ្ធិមនុស្សទាំង៥នាក់ដែលកំពុងជាប់ឃុំ «ជាបន្ទាន់» ក្រោយពីចៅក្រមស៊ើបសួរនៃតុលាការខ្មែរ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចពន្យារពេលឃុំខ្លួនអ្នកទាំង៥ រយៈពេល៦ខែទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។
ការសម្រេចបន្តឃុំខ្លួនអ្នកទាំង៥ រយៈពេល៦ខែទៀតនោះ ធ្វើឡើងតែមួយថ្ងៃ ក្រោយពីពួកគេទាំង៥ ត្រូវបានជ្រើសរើសជាបេក្ខជនផ្ដាច់ព្រ័ត្រសម្រាប់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញលើពិភពលោក គឺ Martin Ennals Award for Human Rights Defenders ប្រចាំឆ្នាំ២០១៧។
អ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ដែលកំពុងជាប់ឃុំ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី នៃសមាគមអាដហុក ហើយនិង លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក៏ជាអតីតបុគ្គលិកនៃសមាគមអាដហុកដែរ។
អ្នកទាំង៥ ត្រូវបានឃុំខ្លួន រង់ចាំការជំនុំជម្រះក្ដី អស់រយៈពេល១ឆ្នាំមកហើយ គិតត្រឹមថ្ងៃសុក្រទី២៨ ខែមេសានេះ។
ពួកគេ ប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ ទាក់ទងនឹងការផ្ដល់ជំនួយដល់ស្ត្រីម្នាក់ ដែលត្រូវគេសង្ស័យថា បានរងការគាបសង្កត់ពីអាជ្ញាធរ ដើម្បីផ្ដល់សក្ខីកម្មក្លែងក្លាយ នៅក្នុងសំណុំរឿងចោទប្រកាន់ស្នេហាលួចលាក់ជាមួយលោក កឹម សុខា ដែលបច្ចុប្បន្ន បានក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ។
ស្ត្រីនោះ បានអះអាងដោយចោទថា អ្នកទាំង៥នាក់ បានសូកប៉ាន់រូបនាង ឲ្យនិយាយកុហកក្នុងសំណុំរឿងចោទប្រកាន់នោះ។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អង្គការសហប្រជាជាតិ មានការសោកស្ដាយដែលអាជ្ញាធរខ្មែរ បានបន្តការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ ទោះបីជាក្រុមការងាររបស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីសម្រេចមួយកាលពីខែវិច្ឆិកាឆ្នាំមុនរួចហើយ ដោយបានចាត់ទុកថា ការឃុំខ្លួនអ្នកទាំង៥នេះ ធ្វើឡើងតាមតែអំពើចិត្ត។
ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកការឃុំខ្លួនតាមអំពើចិត្ត បានអំពាវនាវឲ្យមានការដោះលែងអ្នកទាំង៥ម្ដងហើយកាលពីខែវិច្ឆិកានោះ ដោយពួកគេ បានសម្រេចថា ការឃុំខ្លួនអ្នកទាំង៥នាក់នេះ ធ្វើឡើងដោយសារតែអ្នកទាំង៥ បានអនុវត្តសិទ្ធិនិងសេរីភាពរបស់ខ្លួន។
ក្រុមការងារអង្គការសហប្រជាជាតិ ក៏បានចាត់ទុកការប្រើប្រាស់នីតិវិធីព្រហ្មទណ្ឌទៅលើអ្នកទាំង៥ថាគ្រាន់តែ«ជាលេស ដើម្បីគាបសង្កត់ និងរារាំងការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការសម្ដែងមតិ» និង «ដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស»ប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment