Thursday 20 April 2017

សង្គម​ស៊ីវិល​និង​អ្នក​ច្បាប់​នៅ​តែ​ចាត់​ទុក​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​មធ្យោបាយ​បញ្ចេញ​មតិ


ដោយ សុ ជីវី
2017-04-19

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA

Photo: RFA



សង្គម​ស៊ីវិល និង​អ្នក​ច្បាប់ នៅ​តែ​ចាត់​ទុក​ការ​ជួប​ប្រជុំ​សម្ដែង​មតិ ជា​ធាតុ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។ មិន​ខុស​គ្នា​នេះ​ដែរ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក៏​ត្រូវ​ចាត់​ទុក​ថា ជា​មធ្យោបាយ​សន្តិវិធី​សម្រាប់​ពលរដ្ឋ និង​សង្គម​ស៊ីវិល ដែល​កន្លង​ទៅ​ពុំ​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អគ្គលេខាធិការ​រង គ.ជ.ប និង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី អ្នកស្រី ទេព វន្នី។

មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ព្រមាន​ថា អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​គោលដៅ​ទុច្ចរិត​ណា​មួយ​ដែល​ល្មើស​នឹង​ច្បាប់។



ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់ លើក​ឡើង​ថា ពុំ​មាន​ច្បាប់​ណា​មួយ​ដែល​ហាមប្រាម​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ពី​ការ​ជួប​ប្រជុំ​តវ៉ា​ដោយ​សន្តិវិធី​ឡើយ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មាន​ធានា​ដោយ​ច្បាប់។ លោក​ថា ការ​ជួប​ប្រជុំ​តវ៉ា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​ក្រុម​សហគមន៍ និង​សង្គម​ស៊ីវិល ធ្វើ​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក មន្ត្រី គ.ជ.ប សកម្មជន​ដីធ្លី និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ៖ «យើង​មើល​នៅ​តាម​ប្រទេស​គេ​ផ្សេងៗ ជួនកាល​តែ​មនុស្ស ២​នាក់ ក៏​គេ​អាច​ទៅ​តវ៉ា​បាន ដោយ​ការ​មិន​ពេញ​ចិត្ត។ នេះ​ជា​សេរីភាព​របស់​ពលរដ្ឋ លើកលែង​តែ​អ្នក​ហ្នឹង​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល ទៅ​ធ្វើ​អី​ដែល​ធ្វើ​ឲ្យ​វឹកវរ​លេច​ជា​បទល្មើស បាន​ខុស​ច្បាប់ ប៉ុន្តែ​បើ​គាត់​អនុវត្ត​ស្រប​តាម​ផ្លូវ​ច្បាប់ វា​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ សុំ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​គោលដៅ​ទុច្ចរិត​ណា​មួយ​ដែល​ល្មើស​នឹង​ច្បាប់។ លើស​ពី​នេះ លោក គឹម សន្តិភាព ប្រតិកម្ម​នឹង​អ្នក​បឹងកក់​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​បាន​ចាប់​យក​ពាក្យ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ថា ជា​ភាសា​ខុស​ច្បាប់ ដោយ​សំអាង​ថា​ពុំ​មាន​អំណាច​ណា​មួយ​មក​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​ជន​ណា​ឡើយ គឺ​មាន​តែ​អំណាច​តុលាការ​ទេ​ដែល​អាច​សម្រេច​ថា​ដោះលែង ជន​ណា​ត្រូវ​មាន​ទោស ជាប់​ឃុំ។ លោក​ថា ចំណុច​នេះ​អាច​ជា​ទង្វើ​ខុស​ច្បាប់។

​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ សប្ដាហ៍ទី២៩ ២០១៦ ៨៥៥ពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Ou Banung RFA/Ou Banung
មេធាវី និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​មើល​ឃើញ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​តស៊ូ​មតិ​ដោយ​សន្តិវិធី ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ លោក​ថា ទាំង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ជាពិសេស​រដ្ឋធម្មនុញ្ញ បាន​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ និង​សម្ដែង​មតិ។ ម្យ៉ាង​ទៀត លោក​ថា​ប្រសិន​បើ​គោលដៅ​របស់​ការ​តវ៉ា​គ្រាន់​តែ​ជា​ការ​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​សេរីភាព​សម្រាប់​អ្នក​ជាប់​ឃុំ អាជ្ញាធរ​គួរ​តែ​ប្រឹងប្រែង​រក​យុត្តិធម៌​សម្រាប់​ពួក​គេ ដែល​មិន​គួរ​ភ្ជាប់​អ្នក​តវ៉ា​ទៅ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ៖ «តុលាការ​ធ្វើ​ការ​ផ្នែក​ផ្លូវ​ច្បាប់​របស់​លោក ធ្វើ​ចុះ! ប៉ុន្តែ​នេះ​ជា​ការ​សម្ដែង​មតិ កុំ​ថា​ឡើយ​តែ​ក្រុម​ពួក​គាត់ ទោះ​មនុស្ស​មួយ​ប្រទេស​ក៏ដោយ តែ​គេ​ធ្វើ​ការ​សម្ដែង​មតិ គេ​និយាយ ឬ​គេ​ថ្លែងការណ៍​ពី​ការ​អាណិត ការ​ស្រឡាញ់ ការ​សុំ​អង្វរ​ក លន់តួ​ឲ្យ​ដោះលែង នេះ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​ប្រមែប្រមូល​គ្នា​ធ្វើ​បដិវត្តន៍​ដែល​អ្នក​ខ្លះ​ចេះ​តែ​យក​មក​ចោទ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ពលរដ្ឋ​ទៅ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​ជន​ទុច្ចរិត។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ សូម​លោក​មើល​ទៅ​លើ​សេរីភាព​របស់​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់»។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ សន្មត​ឡើង​គឺ​ជា​ការ​ពាក់​អាវ​ពណ៌​ខ្មៅ​ព្រមៗ​គ្នា​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដើម្បី​បង្ហាញ​ថា ពួក​គេ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី គឺ​ជា​អំពើ​អយុត្តិធម៌។ យុទ្ធនាការ​នេះ ចាប់​ផ្ដើម​ដំបូង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ គឺ​នៅ​ក្រោយ​ពេល​ដែល​មន្ត្រី​អាដហុក ៤​នាក់ មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន ក្នុង​បទ​ចោទ​ប្រកាន់​ថា បាន​សម​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ នៅ​ក្រោយ​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ និង​លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ត្រូវ​ចាប់​ឃុំ​ខ្លួន យុទ្ធនាការ​នេះ​ក៏​បាន​ទាមទារ​សេរីភាព​សម្រាប់​ពួក​គេ​ដែរ៕

No comments: