Friday, 28 April 2017

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​បញ្ចប់​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់


ដោយ វ៉ាន វណ្ណដេត
2017-04-27

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
 RFA/Van Vanndeth



អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាស​ដាក់​ឱសានវាទ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់។ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ចំនួន ៧​គ្រួសារ ទៅ​ទទួល​យក​ដី​ដែល​អាជ្ញាធរ​កំណត់​ឲ្យ។ តែ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងកក់ មិន​ព្រម​ទទួល​យក​ដី​នោះ​ទេ។ ពួក​គេ​ថា សាលា​ក្រុង​កាត់​ដី​ឲ្យ​តិច​ពេក មិន​សមរម្យ​នឹង​ដី​ដែល​គាត់​មាន។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថា​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ អាជ្ញាធរ​បាន​ដោះស្រាយ​រួច​រាល់​អស់​ហើយ នៅ​សល់​តែ​ដី​ពលរដ្ឋ ៧​គ្រួសារ​ទៀត​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទៅ​ទទួល​យក​ដី​តាម​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ។



លោក ឃួង ស្រេង បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ មេសា ថា តំបន់​បឹងកក់​អស់​រឿង​ដែល​ត្រូវ​អាជ្ញាធរ​ដោះស្រាយ​ទៀត​ហើយ។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង ៧​គ្រួសារ ទទួល​យក​ដី​តាម​ការ​កំណត់ និង​កុំ​ជឿ​តាម​ការ​ញុះញង់៖ «»។

លោក ឃួង ស្រេង ប្រាប់​ពី​មូលហេតុ​ដែល​រដ្ឋ​ប្រគល់​ដី​នៅ​តំបន់​បឹងកក់​ឲ្យ​វិស័យ​ឯកជន​គ្រប់គ្រង និង​អភិវឌ្ឍ ដោយសារ​តំបន់​នេះ​នៅ​ពេល​ដែល​រដ្ឋ​គ្រប់គ្រង ជា​តំបន់​អនាធិបតេយ្យ ជា​ជម្រក​របស់​ក្រុម​ភេរវកម្ម និង​ជា​តំបន់​សំណង់​អនាធិបតេយ្យ។ លោក​បន្ត​ថា មូលហេតុ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​នៅ​ដាច់ស្រយាល​ពី​ក្រុង​ភ្នំពេញ។ លោក​ថា ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ខ្លះ​បាន​រំលោភ​លើ​ផ្ទៃ​បឹង ហើយ​លក់​បន្ត ធ្វើ​ឲ្យ​បឹងកក់​ក្លាយ​ជា​តំបន់​អនាធិបតេយ្យ។

សន្និសីទ​សារព័ត៌មាន​នេះ មិន​មាន​វត្តមាន​របស់​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ចូលរួម​ទេ តែ​ពួក​គេ​បាន​នាំ​គ្នា​ឈរ​តវ៉ា​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ខាង​ក្រៅ​របង​សាលា​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៧​គ្រួសារ លោកស្រី សែន តូច ថា​លោកស្រី​មិន​សុខ​ចិត្ត​ទទួល​យក​ដី ដោយសារ​ដី​ដែល​សាលា​ក្រុង​កំណត់​ឲ្យ​មាន​ចំនួន​តិច​ពេក។ លោកស្រី​ថា ដី​លោកស្រី​មាន​ចំនួន ៩៧២​ម៉ែត្រ​ការ៉េ ប៉ុន្តែ​សាលា​ក្រុង​បាន​កាត់​ឲ្យ​លោកស្រី ២​ឡូតិ៍។ ពលរដ្ឋ​រូប​នេះ​ចង់​បាន​ដី​របស់​ខ្លួន​យ៉ាង​តិច​ណាស់​ចំនួន ៥៣​ភាគរយ តាម​ការ​កំណត់​របស់​អនុក្រឹត្យ​រដ្ឋាភិបាល៖ «»។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់​រូប​នេះ នៅ​តែ​យល់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​គោរព​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។ កាល​ពី​ថ្ងៃ​ទី​២០ មេសា ពលរដ្ឋ​ទាំង ៧​គ្រួសារ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ទាមទារ​ដី​របស់​ពួក​គេ​ដែល​ត្រូវ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku Inc) បាន​បូម​ខ្សាច់​ពន្លិច​ដី និង​ផ្ទះ​សម្បែង​ពួក​គាត់​ដោយ​គ្មាន​សំណង​កាល​ពី​ឆ្នាំ​២០១០។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ថា​ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល អាច​ទៅ​រក​អន្តរាគមន៍​នៅ​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដំឡើង​ទំហំ​ដី​បន្ថែម​ទៀត៖ «»។

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ដែល​ជា​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ឃួង ស្រេង ថា​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ដែល​មិន​ព្រម​ទទួល​យក​យន្តការ​ដោះស្រាយ​របស់​សាលា​ក្រុង ដោយសារ​គ្រួសារ​ទី​១ ទាមទារ​ដី ២០​ឡូតិ៍ ហើយ​សាលា​ក្រុង​មាន​លទ្ធភាព​តែ ៤​ឡូត៍ ហើយ​គ្រួសារ​ខ្លះ​ទៀត​ទាមទារ ៧ ឬ ១០​ឡូត៍ ហើយ​សាលា​ក្រុង​ឲ្យ​ចំនួន ២​ឡូត៍​ទាំងអស់​គ្នា។ ដី​ក្នុង​មួយ​ឡូត៍​ទំហំ ៤​គុណ ១៨​ម៉ែត្រ។

ពលរដ្ឋ​ថា​ពួក​គេ​មិន​ចង់​បាន​ចំនួន​ដី​ឡូត៍​ដូច​សាលា​ក្រុង​កំណត់​ទេ តែ​ពួក​គេ​ចង់​បាន​ដី​ទំហំ ៥៣% នៃ​ផ្ទៃដី​សរុប​ប្រហែល ១​ម៉ឺន​ម៉ែត្រ​ការ៉េ​តាម​ការ​កំណត់​របស់​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល។ ពលរដ្ឋ​ក៏​ព្រមាន​ដាក់​ជីវិត ដើម្បី​តវ៉ា​ទាមទារ​ដី​របស់​ពួក​គេ​វិញ៕

No comments: