ដោយ ញឹម សុផល 14/04/2017 14/04/2017
rfi

ប្រជាពលរដ្ឋនាំគ្នាមើលបញ្ជីឈ្មោះ នៅមុខការិយាល័យបោះឆ្នោត នាពេលកន្លងទៅ
គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងកាលពីថ្ងៃទី១៣ខែមេសា ថានៅមុនថ្ងៃចូលឆ្នាំខ្មែរនោះ គេហទំព័រ គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh មានជនខិលខូចបានព្យាយាម Hack ចូលកែទន្នន័យក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែល គ.ជ.ប បង្ហោះលើ Website សម្រាប់ជូនព័ត៌មានអ្នកបោះឆ្នោត។ ក៏ប៉ុន្តែ គ.ជ.ប បញ្ជាក់ថាសកម្មភាពនេះ មិនអាចធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានទិន្នន័យបញ្ជីឈ្មោះរបស់ គ.ជ.ប ឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកហេតុផល៤យ៉ាងដែលបង្ហាញថាការព្យាយាម Hack របស់ជនខិលខូច មិនធ្វើឲ្យប៉ះពាល់ដល់បញ្ជីឈ្មោះបោះឆ្នោតផ្លូវការនោះគឺទី១ បញ្ជីបោះឆ្នោតផ្លូវការត្រូវបានរក្សាទុកក្នុង Server ធំដោយឡែកមួយ មានសុវត្ថិភាពផ្សេងពីServer ដែលបង្ហោះជូនព័ត៌មានតាម Vebsite។
ទី២គឺបញ្ជីបោះឆ្នោតផ្លូវការ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧ បានបោះពុម្ពរួចហើយ និងបានបែងចែកទៅឲ្យគ្រប់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងមាននៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ជាក្រដាសបោះពុម្ព។
រីឯការបញ្ជាក់ចំណុចទី៣និងទី៤របស់គ.ជ.ប នោះគឺ គ.ជ.ប ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ ចាប់ពីថ្ងៃទី១៧មេសា ដល់ថ្ងៃទី១៦ឧសភា ឆ្នាំ២០១៧ ដោយផ្អែកលើបញ្ជីឈ្មោះបោះឆ្នោត។ មួយវិញទៀត បញ្ជីឈ្មោះបោះឆ្នោតផ្លូវការនឹងត្រូវបិទផ្សាយនៅគ្រប់ការិយាល័យបោះឆ្នោតមួយថ្ងៃមុនថ្ងៃបោះឆ្នោត ហើយបញ្ជីបោះឆ្នោតផ្លូវការនេះក៏នឹងត្រូវប្រើប្រាស់នៅថ្ងៃបោះឆ្នោតផងដែរ។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជាទូទៅបានស្វាគមន៍នូវការពន្យល់បកស្រាយរបស់ គ.ជ.ប ដែលភ្លាមៗ គ.ជ.ប បានបង្ហាញពីជំនឿចិត្តនិងការទទួលខុសត្រូវរបស់ខ្លួន។ ក៏ប៉ុន្តែ ការបារម្ភនៅតែមានខណៈដែលក្រុមHacker នៅតែបន្តចាប់អារម្មណ៍ពីការលូកលាន់ដល់បញ្ជីឈ្មោះបោះឆ្នោតដែលមានអ្នកបោះឆ្នោតប្រមាណជិត៨លាននាក់។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ នៅកម្ពុជា(និកហ្វិច) និងជាអ្នកនាំពាក្យបន្ទប់ស្ថានការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ឲ្យដឹងថាទន្ទឹមនឹងប្រកាសថាទិន្នន័យដើមមានសុវត្ថិភាព តែគ.ជ.ប ត្រូវតែមានវិធានការទប់ស្កាត់ ឲ្យខ្ពស់បំផុតរាល់ការរំខានណាមួយពីជនអនាមិក។ លោកគន្ធាមី បញ្ជាក់ថា អ្នកបោះឆ្នោតនឹងបាក់ទឹកចិត្ត និងអាចទៅបោះឆ្នោតតិចគ្នា ប្រសិនបើ មានការរំខានដូច្នេះ នៅពេលដែលប្រជាពលរដ្ឋមួយចំនួននិយមមើលឈ្មោះរបស់ពួកគាត់តាមប្រព័ន្ធអាំងទែណែត។
សូមរំលឹកថា គេហទំព័រមើលការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោត តាមតំណ voterlist ត្រូវបានជនខិលខូចចូលទៅរំខានម្តងហើយ ដោយធ្វើឲ្យរអាក់រអួលពិបាកចូលទៅបើកមើល ក្នុងរយៈពេលខ្លីកាលពីខែមករាឆ្នាំ២០១៧កន្លងទៅ។ ក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដែរ ដោយអ្នកបច្ចេកទេស គ.ជ.ប៕
No comments:
Post a Comment