Thursday 20 April 2017

អ្នក​ស្រុក​មោងឬស្សី​ខេត្ត​បាត់ដំបង​សោកស្ដាយ​ដែល​ទាហាន​អាមេរិក​ផ្ដាច់​ជំនួយ​មណ្ឌល​សុខភាព


ដោយ ហ៊ុំ ចំរើន
2017-04-19

មណ្ឌល​សុខភាព​កកោះ ស្ថិត​ក្នុង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
មណ្ឌល​សុខភាព​កកោះ ស្ថិត​ក្នុង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
 RFA/Hum Chamroeun



ប្រជាពលរដ្ឋ​នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​ សោកស្ដាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ទាហាន​ជើង​ទឹក​របស់​អាមេរិក ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​​សំណង់​អគារ​​មណ្ឌល​សុខភាព​កកោះ ដើម្បី​សម្រួល​​​ដល់​​ការ​ព្យាបាល​ជំងឺ​របស់​ពួកគាត់។ កន្លង​ទៅ​ទាហាន​ជើងទឹក​របស់​អាមេរិក បាន​សាងសង់​បង្គន់​ថ្មី​មួយ​​កន្លែង​នៅ​ក្នុង​មណ្ឌល​សុខភាព​នេះ។ ពលរដ្ឋ និង​ប្រធាន​មណ្ឌល​សុខភាព​កកោះ ចង់​បាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​មណ្ឌល​សុខភាព​នេះ​បន្ត​ទៀត។



​​​​​​​​​​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​មោងឬស្សី ភាគ​ច្រើន​លើក​ឡើង​ថា មណ្ឌលសុខភាព​កកោះ ជា​ទីកន្លែង​សំខាន់​សម្រាប់​ព្យាបាល​ជំងឺ​របស់​ពួកគាត់ ជា​ពិសេស​ស្ត្រី​សម្រាល​កូន និង​ជំងឺ​កុមារ។

ពលរដ្ឋ​ម្នាក់​​រស់​នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឬស្សី​ លោកស្រី មាន រុំចង់ ​ឲ្យ​អាស៊ីសេរី ដឹង ពេល​ចេញ​ពី​ពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព​កកោះ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា លោកស្រី​បាន​មណ្ឌល​សុខភាព​នេះ​គ្រាន់​ព្យាបាល​ជំងឺ​ប្រចាំ​ថ្ងៃ ពីព្រោះ​នៅ​ជិត​ផ្ទះ​ហើយ​ព្យាបាល​អស់​ថវិកា​តិច។

ស្ត្រី​ពពោះ​វ័យ ២៣​ឆ្នាំ​រូប​នេះ​ អះអាង​ថា លោកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​​ទាហាន​ជើង​ទឹក​អាមេរិក ជួយ​សង់​បង្គន់​អនាម័យ​ក្នុង​មណ្ឌល​សុខភាព​នេះ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ព្រោះ​ផ្ទះ​ខ្ញុំ​នៅ ហើយ​អត់​មាន​ថវិកា​ទៅ​មើល​ជំងឺ​ឆ្ងាយ​ទេ។ បើ​សិន​ជា​មាន​គេ​មក​ជួយ​សង់​អគារ​ពេទ្យ​នៅ​ជិត​នេះ យើង​អាច​ស្រួល​បាន​ច្រើន​បើ​ថា គេ​អត់​បាន​ជួយ​ត្រូវ​ព្យាបាល​ឆ្ងាយ​ជួប​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង»។

នៅ​ក្នុង​មណ្ឌលសុខភាព​មួយ​នេះ​ នៅ​ពេល​ព្រឹក​ឃើញ​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​​ចេញ​ចូល​មិន​ដាច់ ដោយ​អ្នក​ខ្លះ​មក​ពិនិត្យ​ផ្ទៃពោះ​ និង​ខ្លះ​ទៀត​ឲ្យ​គ្រូពេទ្យ​​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់​ពួកគាត់។

ក្រុម​ពលរដ្ឋ​ដែល​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​កកោះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ថ្លែង​ថា ពួកគាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ដើម្បី​ព្យាបាល​ជំងឺ​នៅ​ក្នុង​មណ្ឌល​សុខភាព​មួយ​នេះ។

អ្នក​ភូមិ​សម្ដែង​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ពេល​ដែល​ដឹង​ថា ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក ផ្ដាច់​ជំនួយ​សាងសង់​អគារ​នៅ​មណ្ឌល​សុខភាព​នេះ៖ «ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ទី​ជិត​ឆ្ងាយ​មក​ព្យាបាល​មណ្ឌល​សុខភាព​នេះ ដូចជា​ខ្ញុំ​ជាដើម មក​ព្យាបាល​តែ​មណ្ឌល​សុខភាព​នេះ​ទេ។ ខ្ញុំ​ចង់​ឲ្យ​គេ​ជួយ​បន្ត​ទៀត។ ខ្ញុំ​សោកស្ដាយ​ខ្លាំង​ពេល​គេ​ឈប់​ជួយ ព្រោះ​ពួក​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត។ ខ្ញុំ​មាន​ភាព​កក់ក្ដៅ​បាន​នៅ​ជិត​មន្ទីរពេទ្យ ព្រោះ​យើង​ឈឺថ្កាត់​អី​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​ទាន់​ពេល»។

​​​​​​​​​​​​​​​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក មួយ​ក្រុម​បាន​សង់​បង្គន់​អនាម័យ​មួយ​ខ្នង​ឲ្យ​មណ្ឌល​សុខភាព​កកោះ មាន ៣​បន្ទប់ និង​មាន​បន្ទប់​លាងដៃ​មួយ​ទទឹង ៣​ម៉ែត្រ និង​បណ្ដោយ​ជាង ៧​ម៉ែត្រ។ បង្គន់​មួយ​នេះ​ចំណាយ​ពេល​សាងសង់​ជាង ២​ខែ អស់​​ថវិកា​ជាង ២​ម៉ឺន ៩​ពាន់​ដុល្លារ​អាមេរិក (២៩.៣៨២)។

ប្រធាន​មណ្ឌល​សុខភាព​កកោះ អ្នកស្រី វាន់ គឹមអ៊ន មាន​ប្រសាសន៍​ថា​ ចាប់​ពី​មាន​បង្គន់​ថ្មី​មក​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​បុគ្គលិក​ពេទ្យ​មាន​បង្គន់​ប្រើ​ងាយស្រួល​ជាង​មុន។ អ្នកស្រី​ចង់​បាន​អគារ​ថ្មី​មួយ​ខ្នង​ទៀត និង​អណ្ដូង​ទឹក​ស្អាត​មួយ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ប្រើ​ការ និង​បុគ្គលិក​ស្នាក់​នៅ​ព្យាបាល​អ្នក​ជំងឺ៖ «អ៊ីចឹង​ទេ បើ​សិន​ជា​អាមេរិក​ឈប់​ជួយ បាន​ន័យ​ថា​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហើយ ព្រោះ​គោល​បំណង​ខ្ញុំ​ចង់​ជួយ​សង់​អគារ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ព្យាបាល​ជំងឺ​កាន់​តែ​ច្រើន ជាពិសេស​គឺ​ស្ត្រី និង​កុមារ»។

អ្នកស្រី វាន់ គឹមអ៊ន បាន​ដាក់​សំណើ​ទៅ​ទាហាន​ជើង​ទឹក​របស់​អាមេរិក រួច​ហើយ ដើម្បី​ឲ្យ​ជួយ​សង់​អគារ និង​អណ្ដូង​ទឹក​ស្អាត ក៏ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ឡើយ។​​

កាល​ពី​ពេល​ថ្មីៗ​នេះ ទាហាន​ជើង​ទឹក​របស់​អាមេរិក បាន​ផ្ដាច់​ជំនួយ​នៅ​ក្នុង​មណ្ឌល​សុខភាព​នេះ និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា។ ការ​សម្រេច​ចិត្ត​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​ចល័ត​អាមេរិក​ឈ្មោះ «ឃ្មុំ​សមុទ្ទ» នេះ ប្រហែល​ដោយសារ​រដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ចិន កាន់​តែ​ស្និទ្ធស្នាល។ ជាក់ស្ដែង​កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ទើប​តែ​បាន​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា «នាគ​មាស» ដែល​មាន​រយៈពេល​ដល់​ទៅ ៩​ថ្ងៃ។

មណ្ឌល​សុខភាព​ឃុំ​កកោះ មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ជា​តំបន់​ដាច់​ស្រយាល​ស្ថិត​ក្នុង​ស្រុក​មោងឬស្សី និង​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។

របាយការណ៍​ប្រធាន​មណ្ឌលសុខភាព​កកោះ បង្ហាញ​ថា នៅ​ក្នុង​ឃុំ​នេះ មាន ៨​ភូមិ និង​​ពលរដ្ឋ​រស់​នៅ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៨៦៩) គឺ​ស្មើ​នឹង​ជាង ៣​ពាន់​គ្រួសារ (៣.១៥៩)៕

1 comment:

Anonymous said...



Hun Sen does not care about the poor and sick, he is paranoia about the US-Funded Regime-Change Plot.