Friday, 28 April 2017

លោក ជុន ច័ន្ទបុត្រ ទើប​តែ​មាន​មេធាវី ខណៈ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប​ បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ


28 មេសា 2017
កាន់ វិច្ឆិកា
voa
លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chun Chanboth Vuthy Huot)
លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Chun Chanboth Vuthy Huot)



តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​២រូប គឺ​លោកស្រី មូរ សុខហួរ និង​លោក ឡុង រី បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចោទ​លោក ជុន ច័ន្ទ​បុត្រ ថា បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។ ការ​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​របស់​តំណាងរាស្រ្ត​ទាំង​២ កើត​ឡើង​ស្រប​ពេល​ដែល​ លោក ជុន ច័ន្ទបុត្រ ដែល​កំពុង​រងការ​កោះ​ហៅ​ឲ្យ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ទើប​តែ​មាន​មេធាវី។


ភ្នំពេញ —


លោក ជុន ច័ន្ទ​បុត្រ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ទើប​តែ​មាន​មេធាវី​ដើម្បី​ការពារ​ខ្លួន​ក្នុង​ការ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​ជន​សង្ស័យ​ ក្រោយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​២​រូប​បាន​ចូល​ឆ្លើយ​បំភ្លឺ​រួច​រាល់ ក្នុង​នាម​ជា​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​លោក ជុន ច័ន្ទបុត្រ ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាងរាស្ត្រ​ទាំង​២នាក់​នោះ​ ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។



កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក ឡុង រី និង​លោកស្រី​ មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី នៅ​ថ្ងៃ​ទី​២៧ និង​២៨ ខែ​មេសា​នេះ​ និង​បាន​កោះហៅ​លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ​នៅ​ថ្ងៃទី២ ខែ​ឧសភា ខាងមុខ។

ការ​ចេញ​ដីកា​កោះ​ហៅ​នេះ​ គឺ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក និង​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ ​បន្ទាប់​ពី​លោក ជុន ច័ន្ទបុត្រ បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជាមួយ​លោកស្រី មូរ សុខហួរ និង​លោក ឡុង រី​ នៅ​ពេល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នោះ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង​១៦​នាក់​របស់​បក្ស​ដែល​កំពុង​ជាប់​ឃុំ។

លោក ហួត​ ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ប្រាប់ VOA យ៉ាង​ប្រញាប់​ប្រញាល់​មុន​នឹង​ទម្លាក់​ទូរស័ព្ទ​ថា លោក​បាន​ជួប​ជាមួយ​មេធាវី​របស់​លោក​ និង​កំពុង​ពិភាក្សា​គ្នា​ជា​លើកដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្រោយ​មក VOA មិន​អាច​ទាក់ទង​លោក ជុន ច័ន្ទបុត្រ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​នោះ​ទេ។

រូបឯកសារ៖ លោក​ស្រី​ មូរ សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ ដែលមិនទាន់​ត្រូវបាន​ទទួល​ស្គាល់​ដោយក្រសួង​មហាផ្ទៃ​ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន ក្រោយពីបានជួបសន្ទនាជាមួយនឹងសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ កាលពីថ្ងៃ​ទី​ ១៩ ខែ​មេសា​ ​ឆ្នាំ​ ២០១៧​។
រូបឯកសារ៖ លោក​ស្រី​ មូរ សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ ដែលមិនទាន់​ត្រូវបាន​ទទួល​ស្គាល់​ដោយក្រសួង​មហាផ្ទៃ​ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន ក្រោយពីបានជួបសន្ទនាជាមួយនឹងសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ កាលពីថ្ងៃ​ទី​ ១៩ ខែ​មេសា​ ​ឆ្នាំ​ ២០១៧​។


នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គឺ​លោកស្រី មូរ សុខហួរ បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​លោក សំ សុគង់ ជា​មេធាវី​ប្រឹក្សា បន្ទាប់​ពី​តំណាងរាស្ត្រ​មួយ​រូប​ទៀត គឺ​លោក​ ឡុង រី បាន​ចូល​ឆ្លើយ​បំភ្លឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី​ មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​អំពី​ខ្លឹមសារ​នៃ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោកស្រី​ទេ ​ក្រោយ​ចេញ​ពី​តុលាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

លោកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​មក​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​តាម​ដីកា​កោះ​នៃ​តុលាការ​ភ្នំពេញ ហើយ​ចម្លើយ​ខ្ញុំ​ទាំង​ប៉ុន្មាន គឺ​ខ្ញុំ​និយាយ​ការ​ពិត ចា៎! តែ​ប៉ុណ្ណឹង​ទេ»។

ក្រោយ​បញ្ចប់​សវនាការ​សាកសួរ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប លោក​មេធាវី​ សំ សុគង់ ​ប្រាប់​អ្នកសារព័ត៌មាន​ថា កូន​ក្តី​ទាំង​ពីរ​របស់​លោក បាន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ដឹង បាន​ឮ និង​បាន​ឃើញ​ក្នុង​សំណុំ​រឿង​នោះ​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ លោក សំ សុគង់ សុំ​មិន​អធិប្បាយ​បន្ថែម​ដោយ​អះអាង​ថា នេះ​ជា​ដំណាក់​កាល​ស៊ើបអង្កេត​បឋម​របស់​តុលាការ។

ពាក់ព័ន្ធ​នឹង​ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ រដ្ឋាភិបាល​បាន​ចោទ​លោក​ ជុន ច័ន្ទបុត្រ ថា​បាន​ក្លែង​បន្លំ​ឈ្មោះ និង​តួនាទី​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ចូល​យក​ព័ត៌មាន។​ ប៉ុន្តែ វិទ្យុ​អាស៊ី​សេរី បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ ដោយ​ចាត់​ទុក​ ចំណាត់​ការ​មក​លើ​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​នេះ​ថា«ជា​រឿង​ហួសហេតុ​ ដែល​អាជ្ញាធរ​យក​អ្នក​សារព័ត៌មាន ធ្វើ​ជា​មុខ​សញ្ញា ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង ដោយសារ​ការ​បំពេញ​ការងារ​របស់​គាត់»៕

No comments: