Sunday, 30 April 2017
សង្គមស៊ីវិលថានិទ្ទណ្ឌភាពបង្កើតឲ្យមានវិនាសកម្មព្រៃឈើកាន់តែធ្ងន់ធ្ងរ
ដោយ សូត សុខប្រាថ្នា
2017-04-29
rfa
អនុគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ នៃអាជ្ញាធរខេត្តរតនគីរី ចុះត្រួតពិនិត្យប្រតិបត្តិការដីសម្បទានលើក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុន នុភាព សុភី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ RFA/Ratha Visal
មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងបញ្ហាធនធានធម្មជាតិ លើកឡើងថា កត្តាមិនអនុវត្តច្បាប់ទៅលើសំណុំរឿងរកស៊ីឈើខុសច្បាប់ដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានបញ្ជូនទៅតុលាការកន្លងទៅ គឺបង្កើតឲ្យមានវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍។
និទ្ទណ្ឌភាពលើសំណុំរឿងទាំងនេះ គឺជាកត្តាឈានទៅរកវិនាសកម្មព្រៃឈើកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ព្រោះក្រុមជនល្មើសមិនខ្លាចសំណាញ់ច្បាប់ ហើយអាចបន្តមុខរបរខុសច្បាប់បានដដែល។
អស់រយៈពេលប្រមាណ ១ឆ្នាំមកហើយ សំណុំរឿងបទល្មើសរត់ពន្ធ និងស្តុកទុកឈើខុសច្បាប់ដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានបញ្ជូនទៅតុលាការ នៅមិនទាន់មានពន្លឺនៅឡើយ។ ជនល្មើសនៅមានសេរីភាព ហើយដំណើរការរឿងក្តីក៏ស្ងាត់សូន្យ ដូចមិនមានរឿងអ្វីកើតឡើង។
សង្គមស៊ីវិលមើលឃើញថា បញ្ហាទាំងនេះបង្កើតឲ្យមានវប្បធម៌និទ្ទណ្ឌភាពក្នុងការអនុវត្តច្បាប់ ហើយព្រៃឈើនឹងឈានទៅរកក្តីវិនាសមិនខាន។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។ RFA Photo: RFA
ប្រធានក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា សំណុំរឿងរត់ពន្ធឈើខុសច្បាប់ គឺជាឧក្រិដ្ឋកម្មផ្នែកព្រៃឈើ និងផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែរាជរដ្ឋាភិបាល ពិសេសស្ថាប័នតុលាការ មិនបានយកចិត្តទុកដាក់ចាត់វិធានការ ហើយក៏មិនហ៊ានចាត់វិធានការដែរ។ លោកថា មូលហេតុតុលាការមិនហ៊ានចាត់វិធានការចំពោះក្រុមជនល្មើសមានអំណាចធំៗ គឺអាចមានអំពើពុករលួយជាប្រព័ន្ធ៖ «ឧកញ៉ាគេនៅតែអាចរកស៊ីដដែល ដោយគ្រាន់តែប្រើរូបភាពថ្មីៗទៀត ដើម្បីរកនឹកក្នុងការប្រមូលឈើដោយរកលេសថាស្របច្បាប់ ឈើមានអាជ្ញាប័ណ្ណ ឬគ្មានអាជ្ញាប័ណ្ណនោះ។ អ៊ីចឹងគេរកនីតិវិធីយ៉ាងម៉េច ល្បិចយ៉ាងម៉េច ដើម្បីបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា ឲ្យអស់ ដើម្បីយកលុយដាក់ហោប៉ៅ»។
កាលពីដើមខែមករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងចំឈ្មោះឧកញ៉ាដែលសកម្មរកស៊ីឈើឆ្លងដែនទៅប្រទេសវៀតណាម ចំនួន ២នាក់ រួមមានឧកញ៉ា សឹង សំអុល ហៅ អុល និងឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា ព្រមទាំងព្រមានដកអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ចេញពីតំណែងទៀតផង ប្រសិនបើនៅតែបណ្តោយឲ្យមានករណីរត់ពន្ធឈើខុសច្បាប់ចេញទៅប្រទេសវៀតណាម ទៀត។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើង ដោយមានមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោក សៅ សុខា ជាប្រធាន។ ក្រោយពេលបង្កើតបានចំនួន ៣ថ្ងៃ គណៈកម្មាធិការនេះបានចុះបង្ក្រាបដល់ទីតាំងស្តុកទុកឈើប្រណីតមួយកន្លែងនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលគេដឹងតាមរយៈសារព័ត៌មានក្នុងស្រុក ថាជាទីតាំងស្តុកទុកឈើយ៉ាងធំរបស់ឧកញ៉ា លីម ប៊ុណ្ណា។
លើសពីនេះ គណៈកម្មាធិការជាតិ ថែមទាំងបានរកឃើញឃ្លាំងស្តុកឈើជាច្រើនផ្សេងទៀតនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ហើយសារព័ត៌មានក្នុងស្រុកថែមទាំងបញ្ជាក់ចំៗឈ្មោះម្ចាស់ឃ្លាំងស្តុកឈើទាំងនោះរួមមាន ឧកញ៉ា ស៊ឹង សំអុល និងឧកញ៉ា ថៃ នៅស្រុកអូររាំងឪ។
ក្រៅពីរកឃើញទីតាំងស្តុកទុកឈើនៅទឹកដីខេត្តត្បូងឃ្មុំ ក៏មានដែរកន្លែងស្តុកទុកឈើនៅទឹកដីខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី ពិសេសនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយចំនួន។ គំនរឈើខ្លះត្រូវបានជនមិនស្គាល់មុខដុតកម្ទេចចោល មុនពេលគណៈកម្មាធិការជាតិចូលទៅដល់ ហើយមានឈើខ្លះទៀតត្រូវបានគេយកទៅជីកដីកប់ ឬទម្លាក់ចោលក្នុងរណ្ដៅ ជាដើម។
រយៈពេលប្រមាណ ៣ខែដំបូង ពោលគឺនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជូនរបាយការណ៍របស់ខ្លួនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីចាប់បានឈើខុសច្បាប់ជាង ៧ម៉ឺនម៉ែត្រគូប និងប្ដឹងឈ្មួញរកស៊ីឈើចំនួន ៥៧ករណីទៅតុលាការ។
គោយន្តដឹកឈើ ក្រចេះ ២០១៧ ១៤៤០គោយន្តដឹកឈើគ្រាក់ប្រភេទសុក្រំចេញពីតំបន់ព្រៃឡង់ខែត្រក្រចេះ កាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។ រូបថតសហគមន៍ព្រៃឡង់
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ធ្លាប់បញ្ជាក់ប្រាប់អាស៊ីសេរីម្តងជាពីរដងថា សំណុំរឿងទាំងនេះ គណៈកម្មាធិការជាតិបានបញ្ជូនទៅតុលាការរួចរាល់ហើយ ប៉ុន្តែដំណើរការស្រាវជ្រាវបែបណា គឺជាភារកិច្ចរបស់តុលាការ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហាក់ សៀកលីម នៅមិនទាន់អាចបញ្ជាក់អំពីដំណើរការរឿងក្តីទាំងនេះបានទេ នៅថ្ងៃទី២៨ មេសា ពីព្រោះលោកត្រូវការស្រាវជ្រាវថា តើនរណាជាអ្នកកាន់សំណុំរឿងទាំងនេះ ដើម្បីសួរនាំ ហើយលោកនឹងប្រាប់នៅពេលក្រោយ៖ «រឿងព័ត៌មាន បើយើងចង់ទទួលមានតែយើងទៅសួរគេ។ ជាធម្មតា ខ្ញុំមិនបានចាប់អារម្មណ៍រឿងហ្នឹងដែរ»។
យ៉ាងណាក៏ដោយចុះ លោក អ៊ូច ឡេង មើលឃើញថា បណ្ដាប្រទេសកុម្មុយនីស្តមួយចំនួន ការអនុវត្តច្បាប់ការពារព្រៃឈើ និងចាត់វិធានការលើក្រុមជនល្មើសដែលបំផ្លាញធនធានព្រៃឈើ មានលក្ខណៈប្រសើរជាងប្រទេសកម្ពុជា ដែលមន្ត្រីរាជរដ្ឋាភិបាលតែងអះអាងថាជាប្រទេសនីតិរដ្ឋ៖ «អន់ជាងប្រទេសវៀតណាម ខ្លាំងណាស់ អន់ជាងប្រទេសចិន ខ្លាំងណាស់ ដែលគេកាន់របបកុម្មុយនីស្ត ហើយគេអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។ ចំណែកយើងវិញ ឲ្យឈ្មួញទាំងនោះនៅត្រួតក្បាលអ្នកអនុវត្តច្បាប់នៅប្រទេសកម្ពុជា»។
គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលបង្កើតឡើងកាលពីខែមករា ឆ្នាំ២០១៦ គឺមានតួនាទីទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើ។ ការនាំឈើចេញខុសច្បាប់ និងបទល្មើសព្រៃឈើផ្សេងៗនៅភាគឦសាន ប៉ុន្តែក្រោយមក គណៈកម្មាធិការជាតិមួយនេះបានពង្រីកការងាររបស់ខ្លួននៅទូទាំងប្រទេស។ ក្រៅពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើស គឺត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការកាប់ និងនាំឈើខុសច្បាប់ទាំងនោះ។ បន្ថែមពីនេះ ត្រូវចាប់ជនល្មើស និងវត្ថុតាងដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ ហើយសហការជាមួយភាគីវៀតណាម ព្រមទាំងប្រទេសឡាវ ដើម្បីឲ្យការងារមានប្រសិទ្ធភាព។
យ៉ាងនេះក្តី គេមើលថាមានការចាប់ខ្លួនឈ្មួញឈើនៅខេត្តស្ទឹងត្រែង ម្នាក់ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ប៉ុន្តែករណីធំៗផ្សេងទៀត នៅមិនទាន់ចាត់វិធានការ ឬចាប់ខ្លួនឧក្រិដ្ឋជនទាំងនោះនៅឡើយ។
មន្ត្រីជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា គោលដៅ និងការប្ដេជ្ញាចិត្តរបស់គណៈកម្មាធិការជាតិមួយនេះ បានបរាជ័យជាងពាក់កណ្ដាលរួចទៅហើយ ពីព្រោះមិនបានចាប់ខ្លួនជនល្មើសពាក់ព័ន្ធសំណុំរឿងបំផ្លាញធនធានព្រៃឈើយកទៅផ្ដន្ទាទោសតាមច្បាប់។ បន្ថែមពីនេះ ការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព បណ្ដាលឲ្យព្រៃឈើយ៉ាងច្រើនត្រូវវិនាស និងប៉ះពាល់ដល់បរិស្ថាន ពិសេសធ្វើអាកាសធាតុប្រែប្រួលយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន៖ «អ្វីទាំងអស់ហ្នឹង សំខាន់បំផុតគឺអំពើពុករលួយជាប្រព័ន្ធ។ អ៊ីចឹងយើងមានអង្គភាពមួយទៀត គឺអង្គភាពប្រឆាំងអំពើពុករលួយ»។
ចំណាត់ការផ្លូវច្បាប់បែបនេះ លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ធ្វើឲ្យប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធតុលាការនៅកម្ពុជា និងបង្កើតឲ្យមានវប្បធម៌និទ្ទណ្ឌភាពកាន់តែច្រើន ប្រសិនបើស្ថាប័នពាក់ព័ន្ធនៅតែព្រងើយកន្តើយទៀត។ លោកបន្តថា មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអនុវត្តន៍ច្បាប់ គឺជាអ្នកទទួលខុសត្រូវចំពោះវិនាសកម្មព្រៃឈើនៅកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment