Friday 21 April 2017

ពិរុទ្ធជន ជួប សម្លាប់ សម្រេច​ប្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​បណ្ឌិត កែម ឡី


ដោយ ខែ សុណង
2017-04-21

ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev



ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ សម្រេច​ប្ដឹង​សាលាឧទ្ធរណ៍​ដើម្បី​​ជំទាស់​​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំរឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

មេធាវី​ការពារ​ក្ដី​ឲ្យ​ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ បាន​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​យល់​ថា ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត គឺ​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ឲ្យ​គេ​មាន​ឱកាស​កែប្រែ​ខ្លួន។



មេធាវី​ការពារ​ក្ដី​ឲ្យ ជួប សម្លាប់ គឺ​លោក យុង ផានិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា តាម​សំណើ​របស់​កូន​ក្ដី។ លោក​មេធាវី​អះអាង​ថា កូន​ក្ដី​លោក​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ផ្ដល់​ស្ថាន​សម្រាល​ទោស​ដល់​រូប​គេ៖ «គាត់​ថា​តុលាការ​ដាក់​ទោស​គាត់​ធ្ងន់​ពេក រហូត​អស់​មួយ​ជីវិត គាត់​ចង់​បាន​ស្ថាន​សម្រាល​ខ្លះ​ពី​តុលាការ​ដើម្បី​ពេល​អនុវត្ត​ទោស​អស់​ទៅ​គាត់​កែប្រែ​ខ្លួន​ចូល​រស់​នៅ​ក្នុង​សង្គម​វិញ»។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​តាម​ក្រម​ព្រហ្មទណ្ឌ ហើយ​សម្រេច​ផ្ដន្ទាទោស​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ជុំវិញ​ហេតុផល​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​នេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) យល់​ថា ចំពោះ​ក្របខ័ណ្ឌ​ច្បាប់ ជួប សម្លាប់ ក៏​ដូច​ជា​ជន​គ្រប់រូប​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​ចំពោះ​ការ​សម្រេច​ក្ដី​របស់​តុលាការ​ថ្នាក់​ក្រោម។

លោក​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ​គឺ​តុលាការ​គួរ​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ករណី​មួយ​ចំនួន​នៅ​មាន​ភាព​មន្ទិល​នៅ​ក្នុង​ការ​កាត់​ក្ដី​នេះ៖ «រឿង​នេះ​វា​មិនមែន​បញ្ចប់​ត្រឹម​តែ​ការ​កាត់​ទោស ជួប សម្លាប់ នេះ​ទេ ត្រូវ​រក​ជន​ពាក់ព័ន្ធ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​នេះ​យក​មក​ផ្ដន្ទាទោស​ទៀត​ទើប​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​រងគ្រោះ និង​ជា​ការ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាព​ជឿជាក់»។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ស្ថិត​ក្នុង​ហាង​ទំនិញ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន។ ក្រោយ​បាញ់​សម្លាប់ គឺ​មាន​ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ហ៊ាន​សារភាព​នៅ​ក្នុង​សវនាការ​ថា គឺ​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ក្នុង​ហេតុផល​តែ​មួយ​គត់​គឺ​រឿង​ជំពាក់​លុយ​៣​ពាន់​ដុល្លារ៕

1 comment:

Anonymous said...



Soon or later ជួប សម្លាប់ will be released under the reason of insanity.