Wednesday, 26 April 2017

គណបក្ស​ប្រឆាំង​កែសម្រួល​លក្ខន្តិកៈ​បក្ស​ តែ​មិន​ទាន់​រុះរើ​សមាសភាព​អនុ​ប្រធាន​បក្ស


25 មេសា 2017
ហ៊ុល រស្មី

រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)



គណបក្ស​សង្គ្រោះ​ជាតិ​ ​រក្សា​ទុក​អនុប្រធាន​គណបក្ស​ចំនួន​បី​នាក់​ដែល​ក្រសួង​មហាផ្ទៃ​ មិន​ព្រម​ទទួលស្គាល់។​ ការ​រក្សា​ទុក​អនុប្រធាន​គណបក្ស​ទាំង​បី​នាក់​នេះ​ កើត​មាន​ឡើង​ ក្រោយ​ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៧​ថ្មី​ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ តើ​ក្រសួង​នឹង​ទទួល​ស្គាល់​ការ​កែសម្រួល​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​​នេះ​ឬ​យ៉ាង​ណា​នោះ​ឡើយ​ទេ។


ភ្នំពេញ —

សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ មិន​ទាន់​សម្រេច​ផ្លាស់ប្ដូរ​អនុ​ប្រធាន​គណបក្ស​ចំនួន​បី​នាក់​របស់​ខ្លួន​ ដែល​ក្រសួង​មហាផ្ទៃ​ បាន​ច្រាន​ចោល​ ដោយ​គណបក្ស​បាន​ធ្វើ​វិសោធនកម្ម​លើ​ប្រការ៤៧​ថ្មី​ នៃ​លក្ខន្តិកៈ​របស់​គណបក្ស។



តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​នេះ អង្គ​សមាជ​វិសាមញ្ញ​ បាន​យល់​ព្រម​លុប​ចោល​ការ​កំណត់​ដែល​ថា​ អនុប្រធាន​គណបក្ស​យ៉ាង​តិចណាស់​មួយ​រូប​នឹង​ត្រូវ​ជ្រើស​រើស​ក្នុង​រយៈពេល​ ៣០​ថ្ងៃ ក្រោយ​ប្រធាន​គណបក្ស​លាលែង​ពី​មុខ​តំណែង។

ថ្លែង​ទៅកាន់​សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​រាប់​រយ​នាក់​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អេង​ ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រសាសន៍​ថា៖

«យើង​លុបចោល​រយៈពេល​នេះ​ កុំ​ឲ្យ​គេ​ទើស​ទៀត​ កុំ​ឲ្យ​គេ​ថា​ ខ្វះ​ថ្ងៃ​ ឬ​លើស​ថ្ងៃ​ អញ្ចឹង​សុំ​ឲ្យ​អង្គ​សមាជ​ជ្រាប​ប៉ុណ្ណឹង»។

លោក​ អេង​ ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ លើក​ឡើង​ថា​ ការ​ជ្រើសរើស​អនុប្រធាន​គណបក្ស នឹង​ធ្វើ​ឡើង​តាម​រយៈ​គណៈ​កម្មការ​នាយក។

លោក​ថា​ តាម​ខ្លឹមសារ​ប្រការ​៤៧​ថ្មី​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ គណៈ​កម្មការ​នាយក​របស់​គណបក្ស ​នឹង​ជ្រើស​រើស​អនុប្រធាន​យ៉ាង​ហោច​ណាស់​មួយ​រូប​ពី​សមាជិក​របស់​គណបក្ស​ដើម្បី​ជួយ​ការងារ​របស់​ប្រធាន​គណបក្ស ដោយ​ផ្អែក​លើ​សំឡេង​ភាគច្រើន​ដាច់​ខាត​ ៥០​ភាគរយ​បូក​មួយ។

លោក​ អេង ឆៃអ៊ាង​ អនុប្រធានគណបក្សសង្គ្រោះជាតិ លើក​ដៃ​បោះឆ្នោត​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​នៃគណបក្សប្រឆាំង​ ក្នុងការ​ជ្រើសរើស​អនុប្រធានគណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី​/VOA)
លោក​ អេង ឆៃអ៊ាង​ អនុប្រធានគណបក្សសង្គ្រោះជាតិ លើក​ដៃ​បោះឆ្នោត​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​នៃគណបក្សប្រឆាំង​ ក្នុងការ​ជ្រើសរើស​អនុប្រធានគណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី​/VOA)


ទោះ​ជា​យ៉ាង​ណា​ លោក​ប្រាប់​អ្នកសារព័ត៌មាន​ ក្រោយ​សមាជ​វិសាមញ្ញ​នោះ​ថា​ គណបក្ស​មិន​ទាន់​សម្រេច​ថា​ នឹង​ត្រូវ​ផ្លាស់ប្ដូរ​អនុប្រធាន​គណបក្ស​ចំនួន​បី​រូប​ដែល​ត្រូវ​បាន​ជ្រើស​រើស​កាល​ពី​ថ្ងៃទី២​ ខែ​មីនា​ ឬ​យ៉ាង​ណា​នោះ​ឡើយ​ ព្រោះ​ត្រូវ​រង់​ចាំ​មើល​ជំហរ​របស់​ក្រសួង​មហាផ្ទៃ​ចំពោះ​ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៧​ថ្មី​នៃ​លក្ខន្តិកៈ​របស់​គណបក្ស។

កាលពីដើម​ខែ​មេសា​នេះ​ ក្រសួង​មហាផ្ទៃ​បាន​ច្រាន​ចោល​អនុ​ប្រធាន​គណបក្ស​ទាំង​បី​រួមមាន លោក​ ប៉ុល ហំម លោកស្រី​ មូរ សុខ​ហួរ និង​លោក​ អេង ឆៃអ៊ាង ដោយ​ការ​ជ្រើស​តាំង​របស់​ពួកគេ​ហួស​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​លោក​ សម រង្ស៊ី​ បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ សម រង្ស៊ី​ បាន​លា​លែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​កុម្ភៈ​ ដោយ​ហេតុ​បារម្ភ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​វិសោធនកម្ម​ ហើយដែល​គេ​ជឿ​ថា​ មាន​បំណង​រំលាយ​គណបក្ស​នយោបាយ​ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​ទោស​កំហុស​ធ្ងន់ធ្ងរ។

លោក​នាយ​ឧត្ដម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ សុំ​មិន​ធ្វើការ​អធិប្បាយ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ ទាក់​ទិន​ការ​កែសម្រួល​ខ្លឹមសារ​ប្រការ​៤៧​ថ្មី​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សារ​តែ​ក្រសួង​មិនទាន់​ទទួល​បាន​លិខិត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លើកឡើង​អំពីការ​កែ​សម្រួល​នេះ។

បញ្ហា​ចម្រូង​ចម្រាស​ពី​សមាសភាព​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កើត​មាន​ឡើង ​ក្រោយ​ពេល​គណបក្ស​បក្ស​ប្រឆាំង ​រៀបចំ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មីនា ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​បក្ស​ បន្ទាប់ពី​លោក​ សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ភ្លាមៗ​ មុន​ពេល​សភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ឆ្លើយ​តប​គណបក្ស​ប្រឆាំង​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​នឹង​ការ​កែសម្រួល​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​បក្ស​ គឺ​ជា​យន្តការ​ទំនាក់​ទំនង​បច្ចេកទេស​ដ៏​ល្អ​មួយ។ ក៏ប៉ុន្តែ ​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ បញ្ហា​ចម្រូង​ចម្រាស​នេះ នឹង​បញ្ចប់​ទៅ​នោះ​ឡើយ​ ក្រោយ​ការ​ធ្វើ​សមាជ​វិសាមញ្ញ​លើក​ទី​ពីរ​របស់​គណបក្ស​ប្រឆាំង។

«បើ​សិន​ជា​នៅ​មានការ​ទាមទារ​អី​ផ្សេង​ទៀត​ ដែល​ចម្លែក​ទៀត​អា​ហ្នឹង​ វា​ចូល​រឿង​នយោបាយ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ អ្វី​ដែល​តាម​ខ្ញុំ​យល់​ គឺ​នៅ​ក្នុង​លក្ខខណ្ឌ​បច្ចេកទេស​ បាន​ន័យ​ថា​ តម្រូវ​ទៅតាម​ អ្វី​ដែល​ជា​ក្រឹត្យក្រម​នៃ​លក្ខន្តិកៈ»។

សមាជ​វិសាមញ្ញ​លើក​ទីពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​ នៅ​ចំ​ពេល​ដែល​ក្រុម​សកម្មជន​សមាជិក​ និង​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ចំនួន​យ៉ាង​ហោច​ណាស់​១៦​នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​អំពើ​ហិង្សា​ និង​ ការ​សើរើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។

លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ​ ប្រាប់​ក្រុម​អ្នកគាំទ្រគណបក្ស​ប្រឆាំងថា​ សង្គ្រាមនឹង​មិនអាច​ផ្ទុះ​បានទេ នៅពេល​គណបក្ស​ប្រឆាំង​ឈ្នាះ​ការបោះ​ឆ្នោត នៅ​ទីស្នាក់ការ​គណបក្ស​កាលពីថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)
លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះជាតិ​ ប្រាប់​ក្រុម​អ្នកគាំទ្រគណបក្ស​ប្រឆាំងថា​ សង្គ្រាមនឹង​មិនអាច​ផ្ទុះ​បានទេ នៅពេល​គណបក្ស​ប្រឆាំង​ឈ្នាះ​ការបោះ​ឆ្នោត នៅ​ទីស្នាក់ការ​គណបក្ស​កាលពីថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)


លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ចូល​រួម​ ក្នុង​សមាជ​វិសាមញ្ញ​នា​ថ្ងៃ​នេះ​ថា​ គណបក្ស​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ទោះ​ជា​ជួប​ឧបសគ្គ​យ៉ាង​ណា​ក្តី។

លោក​បញ្ជាក់​ជាថ្មី​ថា​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នោះ​ នោះ​សង្គ្រាម​នឹង​មិន​អាច​ផ្ទុះ​ឡើង​បាន​ឡើយ​ ដោយ​ហេតុ​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ពុំ​ធ្លាប់​វាយ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ និង​មិន​មាន​ប្រភព​ចេញ​ពី​ចលនា​បដិវត្តន៍​ណា​មួយ។

«យើង​មិនមែន​ជា​អ្នកមាន​ប្រភព​ ​មកពី​អ្នកធ្វើ​សង្គ្រាម​ទេ​ ហើយ​យើង​ក៏​មិនមែន​មាន​ប្រភព​មកពី​អ្នក​ធ្វើ​បដិវត្តន៍​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ​ មិនមែន​គណបក្ស​បដិវត្តន៍​នោះ​ទេ»។

លោក ​កឹម សុខា​ អះអាង​ថា ការ​រឹបអូស​ដី​ធ្លី​ពី​អ្នកមាន​មក​ឲ្យ​អ្នកក្រ​ ក៏​នឹង​មិន​អាច​កើតឡើង​ផង​ដែរ​ នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​ប្រទេស។

យ៉ាង​ណា​ក៏​ដោយ​ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ គណបក្សប្រឆាំង​នឹង​មិន​មាន​វាសនា​ដឹកនាំ​ប្រទេស​នោះ​ទេ ព្រោះ​គណបក្ស​នេះ​មិន​អាច​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន​ទេ​ ខណៈ​ដែល​សំឡេង​គាំទ្រ​របស់​គណបក្ស​ជំទាស់​មួយ​នេះ ​បាន​បែក​ខ្ញែក​ជា​បន្ត​បន្ទាប់​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣៕

No comments: