Monday, 24 April 2017

អ្នក​នយោបាយ​គួរ​បណ្ដុះ​វប្បធម៌​សន្តិភាព ជា​ជាង​ការ​គម្រាម​ពី​សង្គ្រាម


ដោយ អ៊ឹម រចនា ចុះផ្សាយ​នៅ​ថ្ងៃ 24/04/2017
rfi

អ្នក​នយោបាយ​គួរ​បណ្ដុះ​វប្បធម៌​សន្តិភាព ជា​ជាង​ការ​គម្រាម​ពី​សង្គ្រាម
អ្នក​នយោបាយ​គួរ​បណ្ដុះ​វប្បធម៌​សន្តិភាព ជា​ជាង​ការ​គម្រាម​ពី​សង្គ្រាម អ្នក​​នយោបាយ​​គួរ​​បណ្ដុះ​​វប្បធម៌​​សន្តិភាព ជា​​ជាង​​ការ​​គម្រាម​​ពី​​សង្គ្រាម

 

នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ការ​ប្រកួត​ប្រជែង​រវាង​អ្នក​នយោបាយ​ក៏​មាន​សភាព​កាន់​តែ​មមាញឹក ទាំង​សកម្មភាព និង​ជា​ពិសេស​ពាក្យ​សម្ដី​។ ពាក្យ​សម្ដី​របស់​អ្នក​នយោបាយ ដែល​ថ្មី​ៗ​នេះ បាន​រាល​ដាល​រហូត​ដល់​ការ​គម្រាម​កំហែង​អំពី​ការ​ផ្ទុះ​សង្គ្រាម​។ ដោយ​ហេតុ​ថា សង្គ្រាម​មិន​មែន​ជា​អ្វី​ដែល​សង្គម​ត្រូវ​ការ អ្នក​នយោបាយ គួរ​តែ​នាំ​គ្នា​បណ្ដុះ​វប្បធម៌​សន្តិភាព និង​អហិង្សា​វិញ ទើប​ប្រសើរ​។

សង្គ្រាម​វិនាសកម្ម​ ​និងអំពើ​ហិង្សា​ គឺ​ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ទាំង​មូល បាន​ហែល​ឆ្លង​ឆ្អែត​ឆ្អន់​ហើយ​។ មិន​តែ​​ប៉ុណ្ណោះ​ ​វា​បាន​ក្លាយ​ជា​ស្លាក​ស្នាម​ផ្លូវ​ចិត្ត ​ដែល​ពិបាក​ព្យាបាល​ទៀត​ផង។ នេះ​ជា​បទ​ពិសោធន៍​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ ​បាន​យល់​និង​បាន​សច្ចា​មិន​ឲ្យ​ជួប​ទៀត។ ​ប៉ុន្តែ​ គេ​នៅ​តែ​លឺ​ជា​ញឹក​ញាប់ លទ្ធភាពផ្ទុះ​សង្គ្រាម​ជា​ថ្មី​ ពី​សំណាក់​អ្នក​នយោបាយ​។


ជា​ការ​ពិត​ណាស់ សន្តិភាព​ និង​អហិង្សា​គឺ​ជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​មនុស្ស​ជាតិ ​និង​ជា​ពិសេស​សម្រាប់​ប្រជាជាតិ​មួយ​ដែល​ឆ្អែត​ឆ្អន់​នឹង​សង្គ្រាម ​ដូច​កម្ពុជា។ ​ថ្វី​ដ្បិត​តែ ​សង្គ្រាម​បាន​ផុត​រលត់​ពី​ទឹក​ដី​ដ៏​កំសត់​នេះ​ទៅ​ហើយ​ក៏​ពិត​មែន ក៏​ប៉ុន្តែ វា​មិន​មែន​មាន​ន័យ​ថា ​សន្តិភាព​ដែល​កើត​មាន​នៅ​កម្ពុជា មាន​ស្ថិរភាព​នៅ​ឡើយ​ទេ​។ ពី​ព្រោះ សន្តិភាព​មិន​មាន​ន័យ​ត្រឹម​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ​គេ​ក៏​ត្រូវ​និយាយ​ផង​ដែរ​ អំពី​សន្តិភាព​ផ្លូវ​ចិត្ត។

នៅ​កម្ពុជា មាន​បញ្ហា​ ២​សំខាន់​ដែល​ធ្វើ​ឲ្យពលរដ្ឋ​គ្មាន​សន្តិភាព​ផ្លូវ​ចិត្ត​ពេញ​លេញ​។ ទី១គឺ​ ​អសន្តិសុខ​សង្គម។ ​សកម្មភាព​ចោរកម្ម ​លួច​ប្លន់ ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ទំនាស់​ដីធ្លី ​និង​អយុត្តិធម៌​សង្គម​មួយ​ចំនួន​ទៀត​គឺ​ជា​ឧទាហរណ៍​ស្រាប់។ ​និង​ទី​២ ​គឺ​ជម្លោះ​នយោបាយ​។ ​

ពិត​ហើយ​ថា​ បច្ចុប្បន្ន​នេះ​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​បានផ្លាស់​ប្ដូរ​ពី​សមរភូមិ​អាវុធ​មក​ជា​សមរភូមិ​សន្លឹក​ឆ្នោត​វិញ​។ ប៉ុន្តែ​ យ៉ាង​ណា​ក៏​ដោយ អ្នក​នយោ​បាយ​មួយចំនួន​នៅ​តែ​រក្សា​ទម្លាប់​ធ្វើ​នយោបាយ​តាម​បែប​គំនុំ​សងសឹក ​និង​ប៉ែង​ជើង​គ្នា​ដដែល។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ការ​ប្រកួត​ប្រជែង​រវាង​អ្នក​នយោបាយ​បាន​បង្កើន​សកម្មភាព រហូត​នាំ​គ្នា​លើក​ឡើង​ពី​ការ​ផ្ទុះ​សង្គ្រាម​សារ​ជា​ថ្មី។

ទាំង​នេះ​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​ដដែល ​ហើយ​វា​ងាយ​នឹង​អូស​ទាញ​ប្រទេស​ជាតិ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​វឹកវរ​សារ​ជា​ថ្មី​ ប្រសិន​បើ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទេ​នោះ។ ​ជុំ​វិញ​បញ្ហា​នេះ​ ដំណោះ​ស្រាយ​សំខាន់​បំផុត​ដើម្បី​ពង្រឹង​សន្តិភាព​ គឺ​ការ​បណ្តុះ​វប្បធម៌​ប្រជាធិបតេយ្យ ​និង​អហិង្សា។ ​វប្បធម៌​ពីរ​នេះ​គួរ​តែ​ត្រូវ​បាន​បណ្តុះ​ឲ្យ​ចាក់​ឬស​កាន់​តែ​ជ្រៅ​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ចាំ​បាច់​។ ចាំ​បាច់​ពីព្រោះ​ថា​ ​ប្រជាធិបតេយ្យ ​និង​អហិង្សា ​មិន​ត្រឹម​តែ​ជា​របង​ដ៏​រឹងមាំ​សម្រាប់​ទប់ស្កាត់​សង្គ្រាម​មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ​ប៉ុណ្ណោះ​​ទេ ​ប៉ុន្តែ ​វា​ក៏​ជា​គ្រឹះ​រឹងមាំ​សម្រាប់​កសាង​វប្បធម៌​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ។

ជា​ការ​ពិត​ណាស់​ បំណង​ប្រាថ្នា​ចង់​បាន​សន្តិភាព ​និង​អហិង្សា​ជា​រឿង​មួយ ​ប៉ុន្តែ ​តើ​គេ​គួរ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ឲ្យ​ក្តី​ប្រាថ្នា​នេះ​ក្លាយ​ជា​ការ​ពិត​ នៅ​ខណៈ​ដែល​​អ្នក​នយោបាយ​តែ​ម្តង​តែង​តែ​បង្ហាញ​ទង្វើ​ខុស​ពី​សម្តី​និយាយ។ ​ ​នៅ​ពេល​ដែល​និយាយ​អំពី​បំណង​ប្រាថ្នា​ចង់​បាន​សន្តិភាព​ អ្នក​នយោបាយ​​បែរ​ជា​បង្កើត​សង្គ្រាម​ពាក្យ​សម្តី​រហូត​ដល់​និយាយ​ពី​លទ្ធភាព​សង្គ្រាម​គួរ​ឲ្យ​ព្រឺ​ខ្លាច​ទៅ​វិញ។​

សរុប​មក​វិញ សន្តិភាព និង​ស្ថិរភាព​សង្គម​គឺ​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​បំផុត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​ទាំង​ពីរ​នេះ នៅ​មិន​ទាន់​រឹង​មាំ​នៅ​ឡើយ​ទេ ដរាប​ណា​អ្នក​នយោបាយ​នៅ​តែ​គម្រាម​ពី​លទ្ធភាព​នៃ​ការ​កកើត​សង្គ្រាម។​ ដូច្នេះ ការ​បណ្តុះ​វប្បធម៌​សន្តិភាព និង​អហិង្សា​គឺ​ជា​ការ​ចាំ​បាច់​ណាស់ ដើម្បី​ឲ្យ​សង្គម​ខ្មែរ ដែល​ទើប​ងើប​ផុត​ពី​ភាព​ខ្ទេច​ខ្ទាំ​មួយ​នេះ មាន​លទ្ធភាព​ពង្រឹង​ខ្លួន ដើរ​ឲ្យ​ទាន់​គេ​ឯង​ក្នុង​តំបន់។ ហើយ​ប្រសិន​បើ​សង្គ្រាម​កើត​មាន​ជា​ថ្មី​ជាយថាហេតុ​ណា​មួយ​នោះ ច្បាស់​ណាស់​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​អ្នក​នយោបាយ៕

No comments: