Thursday 20 April 2017
លោក ហ៊ុន សែន រិះគន់អ្នកអត្ថាធិប្បាយច្បោលៗហ៊ានរិះគន់គោលនយោបាយរដ្ឋាភិបាល
ដោយ វ៉ាន វណ្ណដេត
2017-04-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់អ្នកអត្ថាធិប្បាយដែលហ៊ាននិយាយរិះគន់ច្បោលៗពីគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល។ លោក ហ៊ុន សែន ហៅការអត្ថាធិប្បាយច្បោលៗថាជារឿងគួរឲ្យខ្មាសអៀន។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមយល់ថា អ្នកអត្ថាធិប្បាយរិះគន់ច្បោលៗដោយសាររដ្ឋាភិបាលមិនបានបង្ហាញតម្លាភាព។
ការរិះគន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ ហើយមេដឹកនាំគណបក្សធំចំនួនពីរនៅកម្ពុជា ក៏ចាប់ផ្ដើមបង្កើនការបង្អួតគោលនយោបាយរៀងៗខ្លួន។
ថ្លែងពីវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកជនមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្អួតគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញ។ លោក ហ៊ុន សែន លើកឡើងថា គោលនយោបាយដែលរដ្ឋាភិបាលលោកដាក់ចេញ មិនមែនជាការលេងសើចទេ។ លោកចាត់ទុកការធ្វើអត្ថាធិប្បាយរិះគន់គោលនយោបាយរដ្ឋាភិបាលរបស់លោក ថាជារឿងដ៏គួរឲ្យខ្មាសអៀន និងស្នើឲ្យនិស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃទី២០ មេសា នេះ កុំឲ្យអត្ថាធិប្បាយច្បោលៗ និងនិយាយខុសការពិតដោយបំពាន៖ «ខ្លួនម្នាក់ចេះដឹងគ្រប់វិស័យទាំងអស់ រាប់ទាំងមិនទាន់ស្គាល់ថា តើក្រសួងគេមានច្បាប់ និងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នហ្នឹង មិនទាន់ស្គាល់មុខងារនៃស្ថាប័ននោះ ប៉ុន្តែគេហ៊ានធ្វើអត្ថាធិប្បាយ ជារឿងគួរឲ្យខ្មាសអៀន»។
ក្រៅពីគោលនយោបាយដែលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រីយល់ថា សកម្មភាពរបស់រដ្ឋាភិបាលក៏ដើរបានល្អតាមគោលនយោបាយដែរ។ បើទោះបីជាគោលនយោបាយលើវិស័យសុខាភិបាល រងការរិះគន់ជាបន្តបន្ទាប់តាំងពីប្រជាពលរដ្ឋរហូតដល់វេជ្ជបណ្ឌិត ក៏លោកនាយករដ្ឋមន្ត្រីយល់ថា វិស័យនេះមានសកម្មភាពល្អដូចគោលនយោបាយសុខាភិបាលដែរ។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍ និងសង្គម បណ្ឌិត មាស នី មើលឃើញថា អ្នកអត្ថាធិប្បាយខ្លះច្បោលៗដូចលោកនាយករដ្ឋមន្ត្រីមើលឃើញដែរ។ ក៏ប៉ុន្ដែលោក មាស នី ថាពេលខ្លះការអត្ថាធិប្បាយរិះគន់ច្បោលៗ ដោយសារតែរដ្ឋាភិបាលមិនសូវបានបង្ហាញតម្លាភាពគ្រប់គ្រាន់។
លោកបន្តថា បើរដ្ឋាភិបាលមានសមត្ថភាពបង្ហាញពីទិន្នន័យច្បាស់លាស់ប្រកបដោយតម្លាភាព អ្នកអត្ថាធិប្បាយ ឬអ្នកវិភាគ ងាយនឹងផ្ដល់អនុសាសន៍ល្អៗ តែបើរដ្ឋាភិបាលមិនបានបង្ហាញតម្លាភាពត្រឹមត្រូវ ការវិភាគបានត្រឹមប៉ាន់ស្មានតែប៉ុណ្ណោះ៖ «អ្នករិះគន់ពេលខ្លះ យើងមានការពិបាកណាស់ ដោយសាររដ្ឋាភិបាលយើងហ្នឹងមិនបានផ្ដល់តម្លាភាពសម្រាប់សង្គមជាតិរបស់ខ្លួនឯង។ ចឹង ពេលខ្លះការវិភាគបានត្រឹមតែការប៉ាន់ប្រមាណទៀត ហើយពេលខ្លះ ទិន្នន័យហ្នឹងទៀត មិនហ៊ានយកទៅនិយាយទៀត ដោយសារខ្លាចអី? ខ្លាចកាលណានិយាយទៅខុស គេចោទប្រកាន់ថាយើងបំផ្លើសព័ត៌មានទៅ អាចជាជាប់គុក អាចទៅស្លាប់អ៊ីចឹងទៅ»។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ចាត់ទុកសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលដែលបានចេញថាល្អ និងដើរយ៉ាងរលូន ប៉ុន្តែលោក មាស នី យល់ថា ដើម្បីឲ្យសង្គមមួយរីកចម្រើន លុះត្រាតែរដ្ឋាភិបាលចេះរៀបចំសង្គមឲ្យបានត្រឹមត្រូវ និងចេះទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្លួន។ លោកថា សង្គមស៊ីវិលក៏គួរទទួលយកចំណុចខ្សោយរបស់ខ្លួនដែរ មិនមែនតែរដ្ឋាភិបាលទេ៖ «បើសិនជាយើងនៅរស់ក្នុងសង្គមមួយដែលរិះគន់គ្នាអត់បាន កាលណារិះគន់គឺត្រូវបានចោទប្រកាន់អីទៅ អាហ្នឹងវាធ្វើឲ្យថ្ងៃក្រោយទៅ យើងមិនចង់ប្រើពាក្យថា ឲ្យរដ្ឋាភិបាលជិះសេះលែងដៃ ក៏ប៉ុន្ដែយើងជួយទាញកន្លុះ ហ្នឹងឲ្យវាបានឆេះទៅ សង្គមយើងវាដើរទៅមុខ ទាន់គេទាន់ឯងហើយ ព្រោះយើងត្រូវទទួលស្គាល់ថា ទោះបីយើងខំប្រឹងប៉ិនណេះក៏ដោយ ប៉ុន្តែយើងនៅតែជាប្រទេសមួយក្រីក្រក្រោយគេ នៅក្នុងតំបន់ប្រទេសទាំង១០ អាហ្នឹងត្រូវទទួលស្គាល់ចំណុចខ្សោយរបស់យើងផង»។
កន្លងទៅ អ្នកវិភាគយល់ថា គោលនយោបាយរាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺល្អចាប់តាំងពីគោលនយោបាយយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និងដំណាក់កាលទី៣ ប៉ុន្តែអ្នកវិភាគយល់ថា ការអនុវត្តតាមគោលនយោបាយទាំងនេះនៅមិនទាន់ល្អទាំងស្រុងនោះទេ ទាមទារឲ្យមានស្ថាប័នមួយដើម្បីឃ្លាំមើលការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។
គោលនយោបាយរបស់រដ្ឋាភិបាលដែលរងការរិះគន់ខ្លាំង គឺគោលនយោបាយក្នុងវិស័យសុខាភិបាល។ កាលនៅមានជីវិត លោកបណ្ឌិត កែម ឡី ធ្លាប់លើកឡើងថា វិស័យសុខាភិបាលមិនគួរត្រឹមតែកែទម្រង់ទេ វិស័យមួយនេះគួរតែធ្វើបដិវត្ត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment