Tuesday, 25 April 2017

សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ឃាតកម្ម​លោក ឈុត វុទ្ធី នៅ​មុខ​វាំង


ដោយ ថា កិត្យា
2017-04-25

សកម្មជន​បរិស្ថាន​លើក​បដា និង​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី នៅ​ខាង​មុខ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៤។
សកម្មជន​បរិស្ថាន​លើក​បដា និង​អុជ​ធូប​រំឭក​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី នៅ​ខាង​មុខ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Uon Chhin



សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អង្គការ-សមាគម និង​ពលរដ្ឋ ប្រារព្ធ​ខួប ៥​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​ខាង​មុខ​ព្រះបរមរាជវាំង​នោះ​ទេ។ រីឯ​ក្រុម​អ្នក​ដែល​ចាត់​ទុក​លោក ឈុត វុទ្ធី ជា «វីរបុរស​ព្រៃ​ឈើ» នៅ​តែ​មានះ​មាន​គម្រោង​ជួបជុំ​ប្រារព្ធ​ពិធី​នេះ​ដដែល។

មូលហេតុ​ដែល​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​គ្នា​ប្រារព្ធ​ខួប ៥​ឆ្នាំ​នៃ​ថ្ងៃ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​ខាង​មុខ​ព្រះបរមរាជវាំង​នោះ ដោយសារ​ថា ទីនោះ​គឺ​ជា​ព្រះបរមរាជវាំង និង​ជា​កន្លែង​ទេសចរណ៍។



អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ សាលា​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ទទួល​លិខិត​សុំ​អនុញ្ញាត​ណា​មួយ​ពី​ក្រុម​អ្នក​ប្រារព្ធ​ពិធី​នៅ​ឡើយ​ទេ ហើយ​សាលា​ក្រុង​នឹង​ហាមឃាត់​ចំពោះ​សកម្មភាព​ជួបជុំ​ណា​ដែល​គ្មាន​ការ​អនុញ្ញាត៖ «កន្លែង​ទេសចរណ៍​មិន​អាច​ឲ្យ​ធ្វើ​អ៊ីចឹង​កើត​ទេ មិន​អាច​ទទួល​អ៊ីចឹង​បាន​ទេ​សម្រាប់​សាលា​រាជធានី។ មិន​មែន​កន្លែង​ធ្វើ​អី​ស្រេច​តែ​ចិត្ត​នឹក​ឃើញ​អ៊ីចឹង​ទេ ហើយ​សូម​ធ្វើ​អី​ក៏ដោយ សូម​អំពាវនាវ​ថា ធ្វើ​ទៅ​តាម​ច្បាប់​ទម្លាប់​ដែល​មាន​ស្រាប់ ហើយ​គិតគូរ​ពី​ផល​ប្រយោជន៍​អ្នក​ដទៃ»។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អង្គការ-សមាគម​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់ គ្រោង​នឹង​ចូលរួម​ប្រារព្ធ​ខួប ៥​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នៅ​ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​សាលា​ក្រុង​មិន​អនុញ្ញាត​ក្តី ក៏​ពួក​គេ​នៅ​តែ​មាន​គម្រោង​ជួបជុំ​ធ្វើ​ពិធី​សាសនា និង​ជួបជុំ​គ្នា​មើល​វីដេអូ​ឯកសារ​សកម្មភាព​របស់​លោក ឈុត វុទ្ធី ដែល​មាន​ចំណង​ជើង​ថា «ខ្ញុំ​ជា ឈុត វុទ្ធី» នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដដែល ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី ព្រម​ទាំង​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ដែល​គេ​រឹតត្បិត​ផង។

លោក ទឹម ម៉ាឡៃ ពន្យល់​ថា ការ​ប្រកាន់​ជំហរ​បែប​នេះ ព្រោះ​សកម្មភាព​របស់​ពួក​គេ មិន​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម ឬ​ចំណុច​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណា​មួយ​នោះ​ទេ៖ «យើង​នៅ​តែ​ទៅ​មើល​រឿង​ខ្ញុំ​ជា ឈុត វុទ្ធី តាម​ទូរស័ព្ទ​ដដែល ហើយ​នឹង​មាន​ការ​អុជ​ធូប​ជាដើម​នៅ​ម៉ោង ៤​កន្លះ​ថ្ងៃ​ស្អែក​នៅ​មុខ​ព្រះអង្គ​ដងកើ»។

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ ជា​ទីកន្លែង​កើត​ហេតុ។ ក្នុង​គ្រា​នោះ មន្ត្រី​កង​រាជ​អាវុធហត្ថ ឈ្មោះ អ៊ិន រតនា បាន​ព្យាយាម​រារាំង​រហូត​ដល់​ផ្ទុះ​អាវុធ​ស្លាប់​ទាំង​ពីរ​នាក់ បន្ទាប់​ពី​លោក ឈុត វុទ្ធី ថត​គំនរ​ឈើ​មួយ​របស់​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លើក​ឡើង​ថា តាម​ពិត​ទៅ បើ​ទោះ​បី​ជា​ពួក​គាត់​មិន​ធ្វើ​ពិធី​នៅ​ទី​សាធារណៈ​ក្តី ក៏​អាជ្ញាធរ​ហាមឃាត់​ដែរ ជាក់ស្តែង​វីដេអូ​ឯកសារ​ស្ដីពី​ជីវិត​របស់​លោក ឈុត វុទ្ធី នេះ ក៏​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​ដែរ​កាល​ពី​ឆ្នាំ​កន្លង​ទៅ ហើយ​ចុង​ក្រោយ​ថ្មីៗ​នេះ គឺ​បាន​ហាមឃាត់​មិន​ឲ្យ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែរ បើ​ទោះ​បី​ជា​ក្រុម​យុវជន​ចាក់​បញ្ចាំង​មើល​នៅ​ក្នុង​ផ្ទះ ឬ​ការិយាល័យ​របស់​អង្គការ​ក្តី។

លោក ទឹម ម៉ាឡៃ បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​ក្រុង​នៅ​តែ​ចាត់​វិធានការ​បែប​នេះ​ទៀត​នោះ មាន​ន័យ​ថា អាជ្ញាធរ​នៅ​តែ​បន្ត​អនុវត្ត​នូវ​គោលការណ៍​មិន​សមរម្យ ដែល​គេ​ធ្លាប់​ប្រើ​កាល​ពី ៣០​ឆ្នាំ​មុន​ក្នុង​របប​កុម្មុយនីស្ត ខណៈ​ការ​ជួបជុំ​សម្ដែង​មតិ​នេះ ត្រូវ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​កំពុង​បើក​ចំហ​យ៉ាង​ទូលំទូលាយ៖ «ឯកឧត្តម សាយ សំអាល់ គាត់​ប្រាប់​ដែរ​ថា​ឲ្យ​លើក​កម្ពស់​អ្នក​ការពារ​បរិស្ថាន ហើយ​លោក​ថា នឹង​ជូន​រង្វាន់​ឲ្យ​ទៀត​ផង តែ​បើ​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​ការ​រឹត​បន្តឹង ហើយ​ធ្វើ​ផ្ទុយ​ពី​ឯកឧត្តម សាយ សំអាល់ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា លោក (សាលា​ក្រុង) កំពុង​អនុវត្ត​នូវ​ច្បាប់​ស្អី»។

អ្នក​ប្រារព្ធ​ពិធី ថា​រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​ជួបជុំ​គ្នា​មើល​វីដេអូ​នោះ​នៅ​លើ​ទូរស័ព្ទ​ដៃ ដើម្បី​រំឭក​ពី​គំរូ​វីរភាព និង​ស្នាដៃ​របស់​លោក ឈុត វុទ្ធី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ដឹង​បាន​ឃើញ ហើយ​រួម​គ្នា​ទប់ស្កាត់ និង​ការពារ​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ៕

No comments: