Thursday, 25 May 2017
អ្នកជំនាញរិះគន់អង្គការអន្តរជាតិទទួលលុយរដ្ឋាភិបាលកម្ពុជាជាថ្នូរសង្កេតការណ៍បោះឆ្នោត
ដោយ ម៉ម មុនីរតន៍
2017-05-24
រថយន្តរបស់កងកម្លាំងរាជអាវុធហត្ថ ត្រូវពលរដ្ឋដុតបំផ្លាញ ដោយសារមានកំហឹងរឿងបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចោទថាឈ្មោះរបស់ពួកគាត់ត្រូវបានគេបោះជំនួស នាមណ្ឌលបោះឆ្នោតស្ទឹងមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
Photo: RFA
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមានការអញ្ជើញដោយផ្ទាល់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រសួងការបរទេសកម្ពុជា នឹងមកពិនិត្យដោយផ្ទាល់សាជាថ្មីទៀតក្នុងពេលដែលកម្ពុជា រៀបចំការបោះឆ្នោតឃុំ-សង្កាត់។ ការចំណាយទៅលើការស្នាក់នៅ ម្ហូបអាហារ និងថ្លៃធ្វើដំណើរ គឺជាបន្ទុករបស់កម្ពុជា ជាអ្នករ៉ាប់រង។ អ្នកជំនាញកិច្ចការបោះឆ្នោតយល់ឃើញថា កាលណាសហគមន៍អន្តរជាតិទទួលលុយពីរដ្ឋាភិបាលក្នុងស្រុក បង្ហាញពីជំហរមិនឯករាជ្យរួចទៅហើយក្នុងការវាយតម្លៃពីលទ្ធផលចុងក្រោយ។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើការបោះឆ្នោត រិះគន់បេសកកម្មរបស់សន្និសីទអន្តរជាតិស្ដីពីគណបក្សនយោបាយអាស៊ី ឬហៅកាត់ថា អាយខែប (ICAPP = International Conference of Asian Political Parties) ស្ថិតក្រោមជំនួយរបស់កម្ពុជា ដើម្បីឃ្លាំមើលទៅលើការបោះឆ្នោតនេះ បង្ហាញថា ជាការងារដែលមិនអាចជឿទុកចិត្តបានឡើយ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា អះអាងថា ប្រាកដណាស់ប្រសិនបើ ICAPP ចុះអង្កេតពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការបោះឆ្នោត ពិតជាមិនអាចជឿទុកចិត្តបានឡើយ។ បន្ថែមពីលើនេះទៀត ការទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស បានបង្ហាញពីភាពលម្អៀងរួចទៅហើយ។ លោកបន្តថា «អង្គការអន្តរជាតិពេលទទួលលុយពីរដ្ឋាភិបាលក្នុងស្រុក ហើយមកសង្កេតការណ៍ក្នុងប្រទេសហ្នឹង យើងមើលឃើញជំហរមិនមានភាពឯករាជ្យរួចទៅហើយ។ វាពិបាកទុកចិត្ត»។
ការបោះឆ្នោតកាលពីឆ្នាំ២០១៣ ស្ថាប័ន ICAPP នេះក៏បានចុះមកសង្កេតការណ៍ម្ដងរួចមកហើយដែរតាមរយៈជំនួយឧបត្ថម្ភរបស់កម្ពុជា។ ក្រោយការប្រកាសលទ្ធផលឆ្នោតពេលនោះ ICAPP បានចេញសេចក្ដីថ្លែងការណ៍ដោយបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ របស់ខ្លួនរកឃើញថា ការបោះឆ្នោតនេះ គឺមិនមានអំពើហិង្សាកើតឡើងទេ។ ការបញ្ជាក់ពីភាពស្អាតស្អំនៃដំណើរការបោះឆ្នោតដោយស្ថាប័ន ICAPP នេះ ធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីមានការរិះគន់ និងតវ៉ាដ៏ចម្រូងចម្រាសនៃលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៣។
លើកនេះ សន្និសីទអន្តរជាតិស្ដីពីគណបក្សនយោបាយអាស៊ី ឬហៅកាត់ថា អាយខែប (ICAPP) នេះ នឹងចុះមកឃ្លាំមើលជាថ្មីម្ដងទៀតដែរតាមរយៈការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែបន្ទុកនៃការចំណាយទៅលើថ្លៃធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារ ត្រូវបានលោក ហង្ស ពុទ្ធា បដិសេធថា គ.ជ.ប ពុំមែនជាអ្នករ៉ាប់រងទេ។ អ្នកនាំពាក្យ គ.ជ.ប រូបនេះយល់ឃើញថា ជាភារកិច្ច គឺភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតនេះ ស្ថាប័នរៀបចំការបោះឆ្នោតត្រូវតែស្នើសុំដើម្បីឲ្យជួយចូលរួមត្រួតពិនិត្យ។ លោកបន្តថា «ជាគោលការណ៍របស់ គ.ជ.ប ក្នុងកិច្ចសន្ទនាតែងគោរពអញ្ជើញ ពីព្រោះភាគីដែលមកដល់តែងតែសួរអំពីព្រឹត្តិការណ៍នៃការបោះឆ្នោត អតីតកាល និងបច្ចុប្បន្នកាល ហើយការវាយតម្លៃចំពោះអនាគតកាលសម្រាប់ការបោះឆ្នោត»។
អ្នកស្រី លឹម ស្រីនិត ជាមន្ត្រីបម្រើការនៅក្រសួងការបរទេស ដែលស្រង់សម្ដីដោយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ឲ្យដឹងថា ការមកបំពេញបេសកកម្មជាលើកទី២ ក្នុងរយៈពេល ៥ថ្ងៃ ដើម្បីឃ្លាំមើលការបោះឆ្នោតនេះ ការចំណាយសព្វបែបយ៉ាង គឺជាបន្ទុករបស់កម្ពុជា។ មិនតែប៉ុណ្ណោះ កំណត់ហេតុផ្ទៃក្នុងរបស់ ICAPP នេះ បានបង្ហាញការចំណាយ គឺជាបន្ទុករបស់គណប្រជាជនកម្ពុជា សម្រាប់ក្រុមអ្នកសង្កេតការណ៍ ICAPP ដើម្បីឃ្លាំមើលការបោះឆ្នោតកាលពី ៥ឆ្នាំមុន មុននឹងមានការកែប្រែថា ការចំណាយមកពីប្រភពផ្សេងវិញ។
ទាក់ទិនរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ការរិះគន់គ្នាជារឿងធម្មតាទៅហើយនៅក្នុងសង្គមប្រជាធិបតេយ្យ។ លោកបន្តថា កន្លងទៅ អ្នកដែលធ្លាប់រិះគន់គេ ជាពិសេសតិះដៀលរដ្ឋាភិបាល ដល់វេនដែលត្រូវគេមើលឃើញថា មិនសមបំណងរបស់ខ្លួន ចេញប្រតិកម្ម ហើយមិនអាចទទួលយកបានដែរ។ លោកបន្តថា «អ្នកផ្សេងធ្វើក្រោយពីយើងមិនល្អ ហើយស្រាប់តែយើងម្នាក់ឯងល្អនេះ ធ្វើម៉េចកើត។ ខ្ញុំគិតថាក្នុងពេលប្រទេសយើងកំពុងឆ្លងកាត់ និងដំណើរទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ វាមានពហុមតិបែបហ្នឹងហើយ ហើយពហុមតិវាចេញពីការយល់ឃើញ និងចេញពីការជ្រើសរើសដោយឡែកៗពីគ្នាទេ»។
ស្របពេលស្ថាប័ន ICAPP មើលឃើញថា ដំណើរការបោះឆ្នោតកាលពី ៥ឆ្នាំមុនប្រព្រឹត្តទៅដោយសេរីភាព ត្រឹមត្រូវ និងយុត្តិធម៌នោះ អ្នកជំនាញកិច្ចការបោះឆ្នោតចាត់ទុកថា ការវាយតម្លៃពីលទ្ធផលនៃការបោះឆ្នោតមួយដែលសុក្រឹត និងអាចជឿទុកចិត្តបាន គឺត្រូវផ្អែកទៅលើបរិយាកាស និងឥទ្ធិពលផ្នែកនយោបាយមុនពេលបោះឆ្នោត ក្នុងដំណាក់កាលនៃការបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ ស្ថិតក្រោមហេតុផលទាំងនេះហើយ ទើបអាចសន្និដ្ឋានបានថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមានយុត្តិធម៌បាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment