Thursday, 25 May 2017
មេបក្សកាន់អំណាចប្រាប់បក្សប្រឆាំងឲ្យទទួលយកលទ្ធផលបោះឆ្នោតកុំធ្វើដូចអាណត្តិមុនៗ
ដោយ វណ្ណ សុគន្ធា 25/05/2017 25/05/2017
rfi
រូបភាពចាស់៖ មេបក្សកាន់អំណាចប្រាប់បក្សប្រឆាំងឲ្យទទួលយកលទ្ធផលបោះឆ្នោតកុំធ្វើដូចអាណត្តិមុនៗ
@Samdech Hun Sen, Cambodia Prime Minister
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបសំណេះសំណាលជាមួយគ្រីស្ទបរិស័ទនៅកម្ពុជាជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រមុខបក្សកាន់អំណាចរូចនេះ បានវាយប្រហារឥតសំចៃមាត់ទៅលើគណបក្សសង្គ្រោះជាតិក្នុងនោះ លោកក៏បានផ្តាំផ្ញើទៅគណបក្សសង្គ្រោះជាតិឲ្យទទួលយកលទ្ធផលបោះឆ្នោតនាពេលខាងមុខនេះ ដោយកុំធ្វើដូចកាលពីអាណត្តិមុនៗទៀត។
នៅក្នុងវេទិកាសំណេះសំណាលជាង៣ម៉ោង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឲ្យមានបញ្ហាកើតឡើងដូចកាលឆ្នាំ២០១៣នោះទេ ដែលមានការដុតឡានអាជ្ញាធរនៅមុខវត្តស្ទឹងមានជ័យក៏ជាដូចមានការធ្វើបាតុកម្មពីសំណាក់គណបក្សប្រឆាំង ព្រោះតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាដើម។ លោកហ៊ុន សែន ក៏បានព្រមានដល់គណបក្សប្រឆាំងផងដែរកុំឲ្យចង់លេងរឿងបដិវត្ដពណ៌ឲ្យសោះ។ សម្រាប់លោកនាយករដ្ឋមន្ត្រី គណបក្សប្រឆាំងមិនអាចធ្វើដូចកាលពីអាណត្តិមុនទៀតទេ នេះគឺដោយសារតែពេលនេះមានច្បាប់ចង គឺថាបើសិនជាគណបក្សប្រឆាំងមិនចូលសភាតាមកោះអញ្ជើញរបស់ព្រះមហាក្សត្រ នោះគេនឹងយកកៅអីទៅគន់គូរចែកគ្នាតែម្តង។
ក្រៅពីបញ្ហានេះ លោកប្រមុខរដ្ឋាភិបាលខ្មែរក៏បានឆ្លៀតវាយប្រហារថ្នាក់ដឹកនាំគណបក្សប្រឆាំងជាច្រើនអន្លើទៀតដែរដូចជាប្រាប់ទៅមេបក្សប្រឆាំងកុំធ្វើមុខក្រាស់លួចយកសមិទ្ធផលបក្សប្រជាជនកម្ពុជាទៅរកសំឡេងឆ្នោត និងរឿងដែលបក្សប្រឆាំងសុំឲ្យបរទេសកុំផ្តល់ជំនួយឲ្យកម្ពុជាព្រមទាំងសុំឲ្យបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា។ ម្យ៉ាងវិញទៀត លោកហ៊ុន សែនក៏បានលើកឡើងពីបញ្ហានៃការកើតមានសង្គ្រាមដោយលោកសំដៅទៅកាន់គណបក្សប្រឆាំងថា ទោះបីគ្មានអាវុធមិនមែនមានន័យថាគ្មានសង្គ្រាមទេ តែសង្គ្រាមគឺកើតចេញពីសម្តីរបស់ពួកគេដែលបានហៅអ្នកដទៃថាជាជនក្បត់ជាតិ។ លោកហ៊ុន សែន ក៏ព្រមានបន្ថែមទៀតថា កុំជ្រួលជ្រើមជាមួយនឹងសង្គ្រាម ព្រោះកូនៗរបស់លោកសុទ្ធតែជាទាហាន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនប្រតិកម្មឆ្លើយតបយ៉ាងណាមួយទេចំពោះការលើកឡើងរបស់ប្រមុខគណបក្សកាន់អំណាចនេះ ដោយលោកបញ្ជាក់ថា លោកគ្មានពេលទៅជជែកតតាំងជាមួយគណបក្សនយោបាយណាមួយឡើយ។ បើតាមលោកយឹម សុវណ្ណ រឿងចំពោះមុខរបស់គណបក្សសង្គ្រោះជាតិគឺដំណើរឆ្ពោះទៅរកការបោះឆ្នោត ហើយលោកបានអំពាវនាវឲ្យពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នានាពេលខាងមុខនេះ។
ជាការកត់សម្គាល់ នេះគឺជាលើកទីមួយហើយដែលលោកនាយករដ្ឋន្ត្រីហ៊ុន សែន បានវាយប្រហារគណបក្សប្រឆាំងខ្លាំងៗបែបនេះ បើគិតក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំ សង្កាត់ដែលចាប់ផ្តើមតាំងពីថ្ងៃទី២០ ឧសភាមក។ ក៏ប៉ុន្តែចំពោះបញ្ហាសង្គ្រាមក្រោយការបោះឆ្នោតវិញ វាមិនមែនជាលើកទីមួយទេដែលប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានព្រមាននោះ។ សម្រាប់លោកនាយករដ្ឋមន្ត្រី មានតែគណបក្សប្រជាជនកម្ពុជាទេដែលអាចឲ្យគណបក្សនយោបាយដទៃរូមរស់ជាមួយបានហើយនិងអាចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាពិសេសគឺថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋបាន៕
Subscribe to:
Post Comments (Atom)
1 comment:
Looking at those folks show respects and bow to Ah Yong Yuon Hun Sen (a Killer made in evil Vietcong/Yuon country). Those folks need to wake up if they are Khmer. Otherwise, they will lose faces and be shameful.
Post a Comment