Saturday 6 May 2017

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ស្នើ​ឲ្យ​អាជ្ញាធរ​ចូល​រួម​ទប់​ស្កាត់​សកម្ម​ភាព​ដឹក​ជ្រូក​គេច​ពន្ធ​ចូល​ទីផ្សារ​កម្ពុជា



ដោយ សឿង ភារៈ 06/05/2017 06/05/2017
rfi
media
សត្វ​ជ្រូក​រស់​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​
FB: San Prum


អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា មន្ត្រី​របស់​ក្រសួង​កសិកម្ម​មិន​អាច​ទប់​ស្កាត់​បាន​នូវសកម្ម​ភាព​ដឹក​ ជ្រូក​គេច​ពន្ធ ឬ​ជ្រូក​​ខុស​ច្បាប់ បាន​ទេ មាន​តែ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចូល​រួម​បន្ថែម​ទៀត​ក្នុងការ​ទប់ ​ស្កាត់​សកម្ម​ភាព​ទាំង​នេះ​។ ការ​លើក​ឡើង​របស់​ក្រសួង​កសិកម្ម​ធ្វើ​ឡើង ក្រោយ​ពី​អ្នក​ចិញ្ចឹម​ជ្រូក​បានចូល​រួម​ទប់​ស្កាត់​សកម្មភាព​ដឹក​ជ្រូក​គេច ​ពន្ធ​​ពី​​វៀតណាម។

លោក​សេន សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​បាន​លើក​ឡើង​ថា លោក​មិន​ដឹង​ពី​ស្ថាន​ភាព​នៃ​ការ​ដឹក​ជ្រូក​គេច​ពន្ធ​នេះ ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​ទេ​​ ដោយ​សារតែ​អ្នក​ ដែល​យក​ជ្រូក​គេច​ពន្ធ​នេះ ​លួច​លាក់​យក​ទៅ​ពិឃាតនៅ​ក្រៅសត្តឃាតដ្ឋាន​ ហើយ​នាំ​ចូល​សាច់​មក​ក្នុង​ទីផ្សារ ដែល​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​សុខ​ភាព​សត្វ​ទប់​ស្កាត់​មិន​បាន​។


លោក​សេន សុវណ្ណ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ដែរ​នោះ ក៏​ស្នើ​ឲ្យ​សមត្ថ​កិច្ច​ ដែល​ពាក់​ព័ន្ធ និង​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ចាត់​វិធាន​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បង់​ពន្ធ​ត្រឹម​ត្រូវ​ចំពោះ​ការ​នាំ​ចូល​សត្វ​ជ្រូក ហើយត្រូវ​ទប់​ស្កាត់​សកម្ម​ភាព​ដឹក​ជ្រូក​គេច​ពន្ធ​ចូល​មក​ទីផ្សារ​ក្នុង​ស្រុក​។​

សំណើនេះ​ធ្វើ​ឡើង ក្រោយ​ពី​តម្លៃ​ជ្រូក​រស់​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ លោក សេន សុវណ្ណ​បាន​លើក​ឡើង​ថា​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ជ្រូក​រស់​នេះ ​មិន​មែន​កើត​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ពោល​គឺ​ប្រទេស​វៀត​ណាម​ក៏​មាន​ករណី​នេះ​កើត​ឡើង​ដែរ​ ដោយ​សារ​តែ​ការ​ផលិត​សត្វ​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀត​ណាម​លើស​ពី​តម្រូវ​ការ​ទីផ្សារ​។

គួរ​ជម្រាប​ជូន​ថា​ថ្មីៗ​នេះ ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​បាន​លើក​ឡើង​ថា​ការ​ដឹក​ជ្រូក​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មានចំនួន​ច្រើន គឺ​លើស​ពី​បំរាម​របស់​រដ្ឋាភិ​បាល​ខ្មែរ ហើយ​ឡាន​ដឹក​ជ្រូក​ខ្លះ គឺ​គ្មាន​ឯក​សារ​ច្បាស់​លាស់។ ចំណែក​ជ្រូក​នោះ​វិញ ក៏​គ្មាន​លិខិត​ស្នាម​បញ្ជាក់​សុខ​ភាព​ជ្រូក ពី​ពេទ្យ​សត្វ​ត្រឹម​ត្រូវ​នោះ​ដែរ​។

សូម​បញ្ជាក់​ថា ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​សាច់​ខុស​ច្បាប់​ និង​រក្សា​ស្ថិរ​ភាព​តម្លៃ ក្រសួង​កសិកម្ម បានអនុញ្ញាត​ឲ្យ​ដឹក​ជ្រូក​សាច់​នាំ​ចូល​ជា​បណ្តោះ​អាសន្ន​គិត​ជា​មធ្យម​ប្រមាណ​១,២៥០​ក្បាល ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​តំណាង​អ្នក​ចិញ្ចឹម​ជ្រូក​លោក ​ង៉ែត ចាន់សៀក​បាន​ឲ្យ​ដឹង​ថា​ជ្រូករស់​ដែល​នាំ​ចូល​គឺ​មាន​ប្រមាណ​៣,០០០​ពាន់​ក្បាល លើស​ពីការ​កំណត់​របស់​ក្រសួង​។

បច្ចុប្បន្ន​នេះ ជ្រូក​រស់​មាន​តម្លៃ​ប្រមាណ​៦,៤០០​រៀល ទៅ​៧,០០០​រៀល ហើយ​ក្នុង​រាធានី​ភ្នំពេញ​ត្រូវ​ការ​ជ្រូកសាច់​ប្រមាណ៤,០០០ក្បាល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​កម្ពុជា​ខ្លួន​ឯក​ផ្គត់ផ្គង់​បាន​តែ​៥០ភាគ​រយ ទៅ​៦០​ភាគ​រយ​នៃតម្រូវ​ការ​នេះ ដូច្នេះ​ហើយ​ទើប​មាន​ការ​នាំ​ចូល​បន្ថែម​ពី​ប្រទេស​ជិត​ខាង​។

ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់​ខុស​ច្បាប់ និង​បង្កើន​តម្លៃ​ជ្រូក​សាច់​ក្នុង​ស្រុក លោក​សម វិទូ ប្រធាន​អង្គការ​កសិកម្ម​សេដាក​បាន​លើក​ឡើង​ថា​មន្ត្រី​ក្រសួង​កសិកម្ម ត្រូវ​សហការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​ និង​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ ទើប​ការ​ទប់​ស្កាត់​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​៕

No comments: