Wednesday, 24 May 2017
ពលរដ្ឋនៅភ្នំពេញរំពឹងថា ការបោះឆ្នោតនឹងមានសុក្រឹតភាព សេរីភាពនិងគ្មានអំពើហិង្សា
22 ឧសភា 2017
កាន់ វិច្ឆិកា
ទិដ្ឋភាពទូទៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំលេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលមានសកម្មជន និងអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួម នៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាពិសេសយុវជន មានយោបល់ផ្សេងគ្នាទាក់ទិន និងសារគំរាមរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគោលនយោបាយគណបក្សនានា ក្នុងពេលឃោសនាបោះឆ្នោតនេះ។
ភ្នំពេញ —
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍កន្លងទៅ។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ កំពុងធ្វើឡើងនៅទូទាំងប្រទេស ដោយគ្មានអំពើហិង្សាធ្ងន់ធ្ងរណាមួយនៅឡើយនោះទេ បើទោះជាមានសារគំរាមធ្ងន់ៗពីថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទាក់ទិននឹងសង្គ្រាមស៊ីវិលក៏ដោយ។
ក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីថ្ងៃចន្ទ ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយចំនួន បង្ហាញការយល់ឃើញខុសគ្នាទាក់ទិននឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ ក៏ប៉ុន្តែពួកគេរំពឹងថា ការបោះឆ្នោតនាពេលខាងមុខនៅក្នុងប្រទេសដ៏ក្រីក្រនេះ នឹងប្រកបដោយសុក្រឹតភាព សេរីភាព និងគ្មានអំពើហិង្សា។
យុវជនឈ្មោះ ស៊ីម តូ និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) បានប្រាប់ VOA ថា ក្នុងយុទ្ធនាការបោះឆ្នោតប៉ុន្មានថ្ងៃនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ដោយសារគ្មានហិង្សាណាមួយកើតឡើង។
យុវជន ស៊ីម តូ បន្ថែមថា ជាទូទៅរាល់ការឃោសនា ឬការបោះឆ្នោតតែងមានភាពរកាំរកូសផ្សេងៗកើតឡើង ដោយជៀសមិនផុត។ ទោះជាយ៉ាងណា លោករំពឹងថា ការបោះឆ្នោតនាពេលខាងមុខនេះនឹងធ្វើឡើងដោយតម្លាភាព និងគ្មានអំពើហិង្សា។
យុវជនវ័យ២៣ឆ្នាំរូបនេះបញ្ជាក់ថា៖
«សម្រាប់ខ្ញុំជាយុវជន ខ្ញុំចង់ឃើញការបោះឆ្នោតក្នុងពេលខាងមុខហ្នឹង គឺសូមឲ្យប្រព្រឹត្តទៅដោយតម្លាភាព មានន័យថា មិនរើសអើងនិន្នាការគណបក្ស ហើយសូមឲ្យសុវត្ថិភាពហ្នឹង មានន័យថា មិនមានការគំរាមកំហែងពីខាងគណបក្សណាមួយ»។
ទិដ្ឋភាពទូទៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលមានសកម្មជន និងអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួម នៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
ស្រដៀងគ្នានេះដែរ និស្សិត ប៉ាត់ សាគីរ៉ោះ ក៏ចង់ឃើញការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាដែលអាចគំរាមកំហែងដល់លទ្ធផលបោះឆ្នោតណាមួយកើតឡើង។ និស្សិតជនជាតិខ្មែរ-ឥស្លាមវ័យ១៩ឆ្នាំរូបនេះ បន្ថែមថា ការបោះឆ្នោតដែលអាចធានានូវស្ថិរភាពសង្គមបាន លុះត្រាតែប្រជាពលរដ្ឋទាំងអស់ចេះសាមគ្គី និងមិនប្រកាន់និន្នាការនយោបាយ។
កញ្ញា ប៉ាត់ សាគីរ៉ោះ លើកឡើងថា៖
«ស្ថិតនៅលើយុវជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋរបស់យើង បើគាត់មានភាពសាមគ្គីគ្នា ហើយគាត់តាំងចិត្តឲ្យបានល្អ ហើយនិងរៀបចំចូលរួមសាមគ្គីគ្នា នោះការបោះឆ្នោតហ្នឹង នឹងមានស្ថិរភាពនៅពេលខាងមុខ។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំសង្ឃឹមថា ការបោះឆ្នោតក្នុងពេលខាងមុខហ្នឹង នឹងគ្មានភាពហិង្សាកើតឡើង ហើយនិងមានស្ថិរភាពបរិបូណ៌នៅក្នុងប្រទេសរបស់យើង»។
ក្នុងការឃោសនាបោះឆ្នោតកាលពីអាណត្តិមុនៗ គេឃើញមានការជេរប្រមាថដៀមដាម ការប្រើហិង្សាដោយគប់ដបទឹកសុទ្ធ ឬគប់ដុំថ្ម ដាក់គ្នាទៅវិញទៅមករវាងអ្នកគាំទ្រគណបក្សកាន់អំណាច និងអ្នកគាំទ្រគណបក្សប្រឆាំងក្នុងពេលដែលពួកគេកំពុងហែក្បួន។ ចំណែកភាពចម្រូងចម្រាសនយោបាយបានកើតមានឡើងភ្លាមៗ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣កន្លងទៅ។
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ គណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានធ្វើពហិការមិនចូលប្រជុំសភា បើទោះជាមានការសម្របសម្រួលនយោបាយពីព្រះមហាក្សត្រក៏ដោយ ដោយបានចោទប្រកាន់ថា ដំណើរការនៃការបោះឆ្នោត មិនសេរី និងមិនយុត្តិធម៌។
ការជាប់គាំងផ្នែកនយោបាយ និងពហិការរបស់គណបក្សប្រឆាំង បានបន្តអស់រយៈពេលជិតមួយឆ្នាំ រហូតដល់មានកិច្ចព្រមព្រៀងនយោបាយតាមរយៈ«វប្បធម៌សន្ទនា» ដែលគណបក្សជាប់ឆ្នោតទាំងពីរ បានបង្កើត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
យ៉ាងណាក៏ដោយ នៅក្នុងការហែក្បួនឃោសនាទ្រង់ទ្រាយធំ ដែលជាថ្ងៃដំបូងនិងថ្ងៃបន្តបន្ទាប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គេមិនឃើញកើតមានបាតុភាពហិង្សាណាមួយនោះទេ។ ការណ៍នេះ ត្រូវបានប្រជាពលរដ្ឋ ជាពិសេសយុវជនរំពឹងថា ការបោះឆ្នោតខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន ស្មើភាពរវាងគណបក្សនយោបាយ និងគ្មានអំពើហិង្សា។
ទិដ្ឋភាពនៃសកម្មជនគណបក្សប្រជាជនកម្ពុជាចូលរួម ក្នុងថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ទាក់ទិនទៅនឹងសារគំរាមថ្មីៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រមានជាញយដងថា នឹងមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន បានប្រាប់ VOA ថា ពួកគេមិនចាប់អារម្មណ៍ចំពោះសារគំរាមនោះទេ ដោយលើកឡើងថា ការព្រមានរបស់លោក ហ៊ុន សែន គ្រាន់តែជាយុទ្ធសាស្ត្រការពារសន្លឹកឆ្នោតរបស់លោកតែប៉ុណ្ណោះ។
ស្ថិតក្នុងវ័យ១៨ឆ្នាំ ដែលនឹងត្រូវចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋបោះឆ្នោតលើកដំបូង កញ្ញា អ៊ាង ច័ន្ទបូរមី លើកឡើងថា ការប្រកាសក្តែងៗរបស់លោកនាយករដ្ឋមន្ត្រីដែលថា កម្ពុជាអាចនឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺគ្រាន់តែជាការគំរាមដល់ប្រជាពលរដ្ឋដែលមិនសូវចាប់អារម្មណ៍នឹងស្ថានការណ៍នយោបាយ ឲ្យបន្តបោះឆ្នោតឲ្យលោកតែប៉ុណ្ណោះ។
កញ្ញាបន្ថែមថា មានមូលហេតុជាច្រើនដែលកម្ពុជាមិនអាចធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។
កញ្ញា អ៊ាង ច័ន្ទបូរមី បញ្ជាក់ប្រាប់ VOA ថា៖
«ទី១ ប្រទេសយើងនៅក្នុងអាស៊ាន។ ទី២ ខ្ញុំឃើញថា សព្វថ្ងៃហ្នឹងសង្គមយើងភាគច្រើនគឺមានអ្នកមានក៏ច្រើន មានអ្នកមានអំណាចក៏ច្រើន ហើយគេមាន Business (ជំនួញ) ច្រើននៅក្នុងប្រទេសយើង។ អញ្ចឹងប្រសិនបើមានសង្គ្រាម Business នឹងត្រូវបញ្ឈប់ ត្រូវខកខានអី ហើយការរៀនសូត្ររបស់កូនចៅគេអី ក៏ត្រូវបានឈប់ដែរ អញ្ចឹងប្រហែលគេមិនអាចធ្វើអញ្ចឹងបានទេ»។
និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បន្ថែមថា មេដឹកនាំដែលមានគុណសម្បត្តិអាចទាក់ទាញសន្លឹកឆ្នោតពីកញ្ញាបាន លុះត្រាតែជាមេដឹកនាំដែលមិនប្រកាន់បក្សពួក និងជាមេដឹកនាំដែលគិតគូរប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។
ចំណែក លោក ឃុន វិបុល ជាងចម្លាក់ក្បាច់រស់នៅសង្កាត់ទន្លេបាសាក់ ក៏ចង់ឃើញការបោះឆ្នោតក្នុងពេលខាងមុខ ប្រកបដោយភាពសុក្រឹតភាព និងយុត្តិធម៌ ខណៈដែលលោកមិនបារម្ភថា ការបោះឆ្នោតខាងមុខអាចនឹងមានហិង្សា ឬសង្គ្រាមណាមួយកើតឡើងដូចការព្រមានរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។
ជាងចម្លាក់វ័យ៤៥ឆ្នាំរូបនេះ មានប្រសាសន៍ថា៖
«រឿងវាមិនអាចកើតឡើងទេ។ អ្នកជាប់ក៏ដូចអ្នកណាអញ្ចឹង។ វាអត់កើតឡើងទេ មិនមែនដូចអាជំនាន់៦០ជាង ៧០ជាង អាហ្នឹងថាមិនត្រូវខ្លះ។ ធម្មតាទេអ្នកឃោសនាបោះឆ្នោត ចង់បានសំឡេងឆ្នោតចេះតែថាទៅ ប៉ុន្តែមិនអាចធ្វើកើតទេ»។
កាលពីសប្ដាហ៍កន្លងទៅ លោកស្រី Katina Adams អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាពនៃលំហនយោបាយដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យ។
លោកស្រីក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលមានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្រោងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ជាង៥ម៉ឺននាក់សម្រាប់ការពារអំឡុងពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។ ចំណែកកម្លាំងជិត២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការពារដំណើរការនៃការឃោសនាបោះឆ្នោត ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment