Wednesday, 24 May 2017
គ.ជ.ប ដកស្ពតឃោសនាលោក សម រង្ស៊ី ចេញពីកញ្ចក់ទូរទស្សន៍ ដោយសារលោកជាទណ្ឌិត
ដោយ វ៉ា សំណព្វ 24/05/2017 24/05/2017
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ
RFI/Siv Channa
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចដកស្ពតឃោសនារបស់គណបក្សសង្គ្រោះជាតិ ១ក្នុងចំណោម៣ ចេញពីកម្មវិធីសមធម៌ដែលត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។ ស្ថាប័នដែលជាក្បាលម៉ាស៊ីនរៀបចំការបោះឆ្នោតនៅកម្ពុជា បានលើកឡើងពីមូលហេតុនៃការសម្រេចចិត្តនេះ គឺដោយសារតែលោក សម រង្ស៊ី ជាទណ្ឌិត ដែលអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន។
សេចក្តីសម្រេចរបស់ គ.ជ.ប នេះ គឺដោយផ្អែកលើមាត្រាច្បាប់ត្រង់ប្រការ ១៧១ នៃបទបញ្ជានិងនីតិវិធីនៃការរៀបចំការបោះឆ្នោត ដែលបានចាត់ទុកថា ស្ពតឃោសនារបស់លោក សម រង្ស៊ី អាចធ្វើឲ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ។ ហើយម្យ៉ាងទៀត លោក សម រង្ស៊ី គឺជាទណ្ឌិតដែលអាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួននៅឡើយ។
សូមបញ្ជាក់ថា លិខិតបដិសេធនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប ផ្ញើទៅកាន់គណបក្សសង្គ្រោះជាតិរួចហើយ បន្ទាប់ពីមានការពិភាក្សាក្នុងចំណោមសមាជិក គជប និងមេធាវីតំណាងគណបក្សសង្គ្រោះជាតិផង។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សិទ្ធិរបស់គណបក្សនយោបាយនៅតែអាចចាក់ផ្សាយស្ពតឃោសនានេះបាន ប៉ុន្តែត្រូវទទួលខុសត្រូវដោយខ្លួនឯង នៅពេលមានការប្តឹងផ្តល់ពីគណបក្សនយោបាយណាមួយ។
គួរជំរាបជូនថា ស្ពតឃោសនាដែល គ.ជ.ប បានសម្រេចដកចេញពីកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅក្នុងកម្មវិធីសមធម៌ដែលរៀបចំឡើងដោយ គជប នេះ គឺស្តីពីការអំពាវនាវរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ និងក៏មានការលើកឡើងពីលោក សម រង្ស៊ី ស្តីពី គោលនយោបាយសេដ្ឋកិច្ចក្នុងការអភិវឌ្ឍន៍ ឃុំ-សង្កាត់ របស់គណបក្សប្រឆាំងជាដើម។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សប្រឆាំងនឹងបន្តចាក់ស្ពតឃោសនារបស់លោក សម រង្ស៊ី នៅតាមទីសាធារណៈព្រោះលោក សម រង្ស៊ី គឺជាស្ថាបនិករបស់គណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment