Tuesday, 23 May 2017

ឱកាសបោះឆ្នោត៖ តើ កម្ពុជា មើលពី​ខាង​ក្រៅ ​គួរ​ឲ្យ​ខ្លាច​?



ដោយ ហេង ឧត្តម ចុះផ្សាយ​នៅ​ថ្ងៃ 23/05/2017
ឱកាសបោះឆ្នោត៖ តើ កម្ពុជា មើលពី​ខាង​ក្រៅ ​គួរ​ឲ្យ​ខ្លាច​? 

ឱកាសបោះឆ្នោត៖ តើ កម្ពុជា មើលពី​ខាង​ក្រៅ ​គួរ​ឲ្យ​ខ្លាច​?
រូប​ថត​តំណាង៖ បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិតេយ្យ​ LDP ហែក្បួន​ នៅ​ភ្នំពេញ ដែលត្រូវ​គេមើល​ឃើញថា ដូចជាមាន​សណ្តាប់ធ្នាប់​ច្រើន​ជាង​បក្ស​ដទៃ! @LDP page

 

ខ្មែរ​​នៅបរទេស​ និង​ជន​បរទេស​មួយ​ចំនួន​ ដែល​រស់​នៅ​ក្រៅ​ពី​ស្រុក​ខ្មែរ គឺ​មាន​ការ​ព្រួយ​បារម្ភ​ពីស្ថានការណ៍ នៅក្នុងពេល​​និង​​ក្រោយ​ពេល​បោះឆ្នោត​នៅ​កម្ពុជា។ នៅក្នុង​ឱកាស​បោះ​ឆ្នោត​នេះ អ្ន​កមួយ​ចំនួន​ បាន​ឃាត់​​ក្រុម​គ្រួសារ​ និង​ណែនាំ​មិត្ត​ភក្តិ ​មិន​ឲ្យ​មក​កម្ពុជា ព្រោះ​ខ្លាច​មាន​​បញ្ហា​អសន្តិសុខ។ ផ្ទុយទៅវិញ ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ក្នុង​ស្រុក​ស្រាប់​ ហាក់​ដូច​ជា​សម្រប​ខ្លួន​បាន និង​​មិន​សូវ​ជា​បារម្ភ​ធ្ងន់ធ្ងរ​ពេក​នោះទេ។ តើ​ហេតុអ្វី​បាន​ជាដូច្នេះ​? ហេង ឧត្តម នឹង​សាកល្បង​ពិនិត្យ​មើល​ពី​សភាព​ការណ៍នេះ។

ជា​ដំបូង​គួរ​សួរថា តើ​ហេតុអ្វី​ជន​បរទេស​និង​ខ្មែរមួយ​ចំនួន ​រស់​នៅ​ក្រៅ​ស្រុក ​ នាំគ្នា​ព្រួយ​បារម្ភ​ខ្លាំង រហូត​ដល់​មិន​ចង់​ឲ្យ​កូន​ចៅសាច់​ញាតិ និង​មិត្តភក្តិ​​របស់​គេ មក​លេង ឬធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ នៅ​ក្នុង​ឱកាស​បោះឆ្នោតនេះ​? បើ​ទោះបីជា​ គេ​គ្មាន​ទិន្នន័យ​ស្ទង់​មតិ​ពិត​ប្រាកដ​ពី​ចំនួន​អ្នកនៅ​ក្រៅ​ស្រុក​​ដែល​ព្រួយ​បារម្ភ ​ តែ​គេ​បា​នដឹងយ៉ាង​​ប្រាកដថា ​ពិត​ជាមាន​អ្នក​ព្រួយ​បារម្ភ និង​ភ័យខ្លាច​ចំពោះ​ស្ថានការណ៍​ ក្នុងពេល​និងក្រោយ​ពេល​បោះឆ្នោត បើ​មិន​តិច​ ក៏​ច្រើនដែរ​​។



មាន​មូលហេតុ យ៉ាង​ហោច​៣​ដែល​គេ​អាច​ពន្យល់​ពី​សេចក្តី​មន្ទិល​នេះ។ ទី១ គឺ​​អាច​​ដោយសារតែ​ការ​គំរាម​កំហែង​របស់​ឥស្សរជន​អ្នក​នយោបាយ​ធំៗ ដែល​ពី​ពេល​ថ្មីៗ​កន្លងទៅ បាន​ព្រមាន​ពី​លទ្ធភាព​នៃការ​កើត​សង្គ្រាមបើ​បក្ស​របស់​ខ្លួន​ចាញ់​ឆ្នោត។ ទី២ ទំនង​ជាមកពី​ស្រមោល​ខ្មៅ​នៃ​អតីត​កាល​ ដែល​កម្ពុជា​ទើប​តែ​ងើប​ពី​សង្គ្រាម​បាន​តិច​ទសវត្សរ៍ ហើយ​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​ធ្លាប់​ជា​មេទ័ព​ ដៃ​កាន់​កាំភ្លើង ហើយនិង​ទើប​តែ​ដោះ​អាវ​ទាហានចេញ​​ ពាក់​អាវ​ជាជន​ស៊ីវិល។

មូលហេតុទី៣ ចំពោះដំណឹង​ព័ត៌មាន​​ចេញ​តាម​បណ្តាញ​ឃោសនា​បរទេស និង​បណ្តាញ​ទាក់ទំនង​សង្គម ដែល​ផ្សាយ​ទៅបរទេស​និង​ខ្មែរ​នៅស្រុក​ក្រៅ​ បាន​មើលនិង​អាននោះ គឺមួយ​ចំនួន​ ច្រើន​តែជា​បញ្ហាព័ត៌មាន​អាក្រក់​ពី​កម្ពុជា​។ ជាអាទិ៍ អំពើ​ពុក​រលួយ ការ​កិ​ប​កេង​បន្លំសម្បត្តិជាតិ​ ការ​រំលោភអំណាច បំពាន​ច្បាប់ ការ​បាញ់បោះ និង​ឃា​តកម្ម រួម​ទាំង​អំពើ​អសន្តិសុខ​ផ្សេងៗទៀត ដែល​ជា​ចំណុច​លង​បន្លាច​​អារម្មណ៍​អ្នក​រស់​នៅ​ក្រៅ​ស្រុក​ទាំងនោះ​ ពុំ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​ គ្មាន​គំនិត​វិជ្ជមាន​ប៉ុន្មាន​ឡើយ កាលណា​បើ​គេ​និយាយ​ដល់​កម្ពុជា​។​

ទន្ទឹម​នេះ ពលរដ្ឋ​ខ្មែរខ្លះ ដែល​រស់​​នៅបរទេស​យូរ​ឆ្នាំ អ្នក​មួយ​ចំនួន ​ពុំ​បានស្នាក់​នៅ​​ ប្រលូក​ផ្ទាល់​នឹង​ស្ថានការ​ជាក់​ស្តែង​ នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​កម្ពុជា​មាន​ការ​ផ្លាស់ប្តូរ កែ​ប្រែមុខ​មាត់​ច្រើន​!​ ហើយខ្មែរ​​អ្នករស់​នៅ​បរទេស​​ខ្លះទៀត​ ដែលធ្លាប់​វារ​ឆ្លង​កាត់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ គឺ​ទំនង​ជានៅ​តែ​​មាន​អារម្មណ៍​បាក់​ស្បាត​ និងហាក់​នៅ​មាន​ស្មារតី​ខ្លាច​រអារ​ពី​ចំហាយ​ ឥទ្ធិពល និង​វត្តមាន​របស់​ខ្មែរក្រហម ដែល​ពួក​គេអាច​នឹង​យល់​ថា​នៅ​តែ​បន្តមាន​ពួក​ខ្មែរ​ក្រហម​​ក្នុង​ជួរ​រដ្ឋអំណាច ​ជា​ដើម។

ផ្អែក​តាម​ហេតុ​ផល​ទាំង​អស់​នេះ ទើប​ជន​បរទេស​និង​ខ្មែរ​នៅ​ក្រៅ​ស្រុក មួយ​ចំនួន​​ មាន​ក្តី​ព្រួយ​បារម្ភ​ ខ្លាច​ក្រែង​មាន​ចលាចល​និង​អំពើ​ហិង្សា​ ​ជាយថាហេតុណាមួយ ក្នុង​ឱកាស​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​។​

ក៏​ប៉ុន្តែ​ បើ​គេ​សង្កេត​ពី​ស្ថានភាពពលរដ្ឋ​​ខ្មែរ​នៅ​ក្នុង​ស្រុក​វិញ!​ អ្នក​ដែល​រស់​នៅ​​ទីនេះ​ផ្ទាល់​ គឺ ពួក​គេ​ហាក់​ស៊ាំ​នឹង​ស្ថានការ​ណ៍​ ហើយ​ទំនង​ជា​មិន​សូវ​ព្រួយ​បារម្ភ​ជ្រុល​ពេក​នោះ​ដែរ​។ ​មិន​សូវ​ព្រួយ​បារម្ភ​ជ្រុលខ្លាំង​ហួស​ហេតុ​​ពេក ព្រោះថា បើ​ទោះបី​ជាមាន​ការ​ព្រលយ​ពាក្យ​ពី​លទ្ធភាព​នៃការ​មាន​សង្គ្រាមក៏ដោយ ក៏​ពាក្យ​នេះ វា​ស៊ាំ​ និង​ដដែលៗ ស្ទើរតែ​គ្រប់​រដូវ​ការ​បោះឆ្នោតទៅហើយ។​

លើស​ពីនេះទៅទៀតនោះ ប្រសិន​បើ​គេ​មើល​ទៅ​ដំណើរ​ការ​បោះឆ្នោត​តាមរយៈ​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នាប៉ុន្មាន​ថ្ងៃ​ដំបូង​នេះ គឺ​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​យ៉ាង​ច្រើន។
ជាក់​ស្តែង​ ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត រួម​ទាំង​គណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ផង សុទ្ធសឹង​តែ​សង្កេត​ឃើញ​ដូចៗគ្នា​ថា បក្ស​នយោបាយ​និង​សកម្មជន​នៅក្នុង​ការ​ហែក្បួន នៅ​​អាណត្តិ​នេះ គឺ​មាន​វិន័យ មាន​របៀប​រយ និង​មាន​ក្រម​សីលធម៌ច្រើន​ជាងការ​ឃោសនា​បោះឆ្នោត​អាណត្តិមុនៗ​។ ចំណែក ការ​និយាយឃោសនា ស្រែក​ជ័យឃោស គឺ​មិនសូវ​ជា​មាន​ការ​​ប៉ះពាល់​ដល់​បក្ស​ផ្សេងៗ​ ធ្ងន់ធ្ងរ​ជ្រុល​ពេក​ដែរ​​ ហើយការ​ហែក្បួន​ជាទូទៅ​ មាន​សណ្តាប់ធ្នាប់​និង​សន្តិសុខល្អ​។ ទាំង​នេះ​គឺជាសញ្ញាណ​ល្អ ដែល​​ស្តែងឲ្យ​ឃើញ​​ថា បក្ស​នយោបាយ​​ទាំងអស់​មាន​ភាព​ចាស់​ទុំ​ច្រើន​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញបោះឆ្នោត។​

ទោះ​បី​ជា​យ៉ាង​ក៏ដោយ​ ការ​រក្សា​ស្ថានការណ៍​ល្អ​បែប​នេះ​ តទៅទៀត គឺ​ជា​តួនាទី​មិន​អាច​ខ្វះ​បា​នរបស់​អ្នក​នយោបាយ​ និង​សកម្មជន​អ្នក​គាំទ្រ​បក្ស​ដែល​មាន​និន្នាផ្ទុយគ្នា​ ហើយ​ក៏​ជា​មុខ​ងារ​ចាំ​បាច់​របស់​អ្នកសារ​​ព័ត៌មាន​ និងពលរដ្ឋ​ទូទៅ​ខ្លួន​ឯង ដែរ ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ដោយ​ល្អប្រសើរ​។ បើ​ពុំ​ដូច្នោះទេ រៀងរាល់​​ឱកាសបោះឆ្នោត គឺ​មុខ​មាត់​កម្ពុជា មើលពីខាងក្រៅ នៅ​តែ​គួរឲ្យខ្លាច​៕

No comments: