Friday, 9 June 2017

មន្ត្រី​បរិស្ថាន​និង​អ្នក​ច្បាប់​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន​លើក​ទី​៨


ដោយ ឡេង ម៉ាលី
2017-06-08

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ (ឈរ​ខាង​ឆ្វេង) អ្នក​ច្បាប់ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជួប​ពិគ្រោះ​យោបល់​គ្នា​លើ​សេចក្ដី​ព្រាង​លើក​ទី​៨ នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ (ឈរ​ខាង​ឆ្វេង) អ្នក​ច្បាប់ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជួប​ពិគ្រោះ​យោបល់​គ្នា​លើ​សេចក្ដី​ព្រាង​លើក​ទី​៨ នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។
 RFA/Leng Maly



មន្ត្រី​ក្រសួង​បរិស្ថាន អ្នក​ច្បាប់ ចៅក្រម និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជួប​ពិគ្រោះ​យោបល់​គ្នា​នៅ​ថ្ងៃ​ទី​៨ មិថុនា លើ​សេចក្ដី​ព្រាង​លើក​ទី​៨ នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។



រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ថា ការ​តាក់តែង​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទំនើបកម្ម​របស់​ក្រសួង​បរិស្ថាន ដើម្បី​ការពារ​មត៌ក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រស់នៅ​ដោយ​សុខសាន្ត៖ «ខ្ញុំ​ចង់​ឲ្យ​ច្បាប់​នេះ​រក្សា​បាន​នូវ​ភាព​សុខដុមរមនា​របស់​ប្រជាជន​កម្ពុជា ជាពិសេស​តាម​បណ្ដា​ទីប្រជុំជន​ផ្សេងៗ។ ដូច្នេះ ខ្ញុំ​សុំ​លើក​ថា លទ្ធផល​ការ​បោះឆ្នោត​កាល​ពី​ពីរ​បី​ថ្ងៃ​មុន​នេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​បំណង​របស់​ប្រជាជន​យើង​នៅ​តាម​ឃុំ​របស់​គាត់។ អ៊ីចឹង​យើង​ត្រូវ​ក្នុង​ច្បាប់​នេះ ឋាមពល​យ៉ាង​ម៉េច​ដែល​សម្រាប់​ឲ្យ​កម្ពុជា បន្ត​និរន្តរភាព​បាន មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​យើង មិន​ប៉ះពាល់​ទៅ​ដល់​គុណភាព​ខ្យល់ ទឹក ដី​របស់​យើង»។

លោក​មាន​ប្រសាសន៍​ដែរ​ថា ច្បាប់​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ថា មិន​អាច​ធ្វើ​ទៅ​បាន​ចប់​ឆាប់ ក៏ប៉ុន្តែ​ពេល​នេះ សេចក្ដី​ព្រាង​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ទី​៨ ហើយ ហើយ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ក៏​ចូល​ដល់​លើក​ទី​៤ ដែរ។

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​ទី​៨ មិថុនា គឺ​ជា​សិក្ខាសាលា​លើក​ទី​៤ ដើម្បី​ផ្លាស់ប្ដូរ​យោបល់​រវាង​មេធាវី ចៅក្រម អ្នក​តំណាង​ពី​វិស័យ​ច្បាប់ និង​យុត្តិធម៌។

ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សួន វិសាល មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​មេធាវី​នៅ​ក្នុង​សេចក្ដី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ មាន​សារសំខាន់​ដែល​ជួយ​ធ្វើ​ឲ្យ​ច្បាប់​នេះ​បាន​ល្អ និង​ជួយ​ឲ្យ​មេធាវី​បំពេញ​ការងារ​បាន​ល្អ​ដែរ​ក្នុង​បញ្ហា​បរិស្ថាន៖ «ការ​អនុវត្ត​ជាក់ស្ដែង​មាន​បញ្ហា​ជាច្រើន​ទាក់ទង​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​សំរាម ឬ​ភាព​ក្រខ្វក់​មួយ​ចំនួន ដែល​កើត​ឡើង​តាម​រោងចក្រ ឬ​កន្លែង​ផ្សេងៗ​ទៀត ឬ​ទាក់ទង​ការ​រំខាន​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​ជិត​ខាង​ហ្នឹង យើង​គិត​ថា​មាន​ការ​រំខាន​ច្រើន។ នៅ​ពេល​ច្បាប់​នេះ​ចេញ​ទៅ យើង​គិត​ថា​សម្រួល​ប្រជាពលរដ្ឋ ក៏ដូចជា​បរិស្ថាន​របស់​យើង ការ​រស់នៅ និង​សុខភាព​របស់​យើង​ក៏​បាន​ល្អ​ដែរ»។

ប្រធាន​សាលា​ឧទ្ធរណ៍ លោក យូ ប៊ុនឡេង ថ្លែង​ថា សេចក្ដី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​និរន្តរភាព​សង្គម​កម្ពុជា ហើយ​បញ្ហា​បរិស្ថាន គឺ​ជា​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​គ្រប់​រូប រួម​ទាំង​ចៅក្រម​ផង ដែល​ត្រូវ​ចូលរួម​ក្នុង​សេចក្ដី​ព្រាង​ក្រម​នេះ៖ «ប៉ុន្តែ​ចំពោះ​ចៅក្រម​វិញ វា​ចាំបាច់​បំផុត យើង​ត្រូវ​តែ​ជ្រើសរើស​ចៅក្រម ហើយ​បណ្ដុះបណ្ដាល​ឲ្យ​មាន​ចំណេះ​ដឹង អា​ហ្នឹង។ ពេល​ណា​ដែល​មាន​រឿង​បរិស្ថាន​មក​ហ្នឹង គឺ​យើង​ត្រូវ​ប្រគល់​ឲ្យ​ចៅក្រម​ដែល​មាន​ជំនាញ​ហ្នឹង ពីព្រោះ​រឿង​ខ្លះ​ត្រូវ​ធ្វើ​ប្រញាប់។ រឿង​ខ្លះ​ដែល​ធ្វើ​ហើយ ដែល​ប៉ះពាល់​ផល​ប្រយោជន៍​ដទៃ​ទៀត​នៅ​ក្នុង​ហ្នឹង បើ​គេ​មិន​យល់​ទេ អាច​នាំ​ឲ្យ​មាន​ភ័ន្តច្រឡំ។ ហេតុ​ដូច្នេះ​ហើយ ចៅក្រម​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​មែនទែន​នៅ​ក្នុង​ការ​ដោះស្រាយ​ហ្នឹង រួម​ផ្សំ​ជាមួយ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​មាន​តួនាទី​រៀងៗ​ខ្លួន​ក៏​ពិត​មែន ប៉ុន្តែ​តួនាទី​រៀង​ខ្លួន​ហ្នឹង ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​លក្ខណៈ​ស៊ី​សង្វាក់​គ្នា ទើប​អាច​អនុវត្ត​បាន»។

ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ​មាន​កម្រាស់​ជាង ៤០០​ទំព័រ ១១​គន្ថី និង ១២៣៥​មាត្រា។ ច្បាប់​នេះ ចាប់​ផ្ដើម​ពី​គោលដៅ និង​គោល​បំណង ការពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ការ​អភិរក្ស​ជីវចម្រុះ ការ​ស្ដារ​បរិស្ថាន​ឡើង​វិញ និង​ការ​លើក​ស្ទួយ​បរិស្ថាន និង​ធនធាន​ផ្នែក​វប្បធម៌ និង​ផ្នែក​ធម្មជាតិ​នៃ​បរិស្ថាន។ ច្បាប់​នេះ ក៏​មាន​បទបញ្ញត្តិ​សម្រាប់​ការ​ដាក់​ទោស​ទណ្ឌ​ដែរ។

វិសាលភាព​និយមន័យ​នៃ​បរិស្ថាន​នៅ​ក្នុង​ក្រម​បរិស្ថាន​នេះ គឺ​ជា​សមាសធាតុ​ដែល​មាន​ជីវិត និង​ឥត​ជីវិត ដែល​រួម​មាន​លក្ខខណ្ឌ​រូបសាស្ត្រ ជីវសាស្ត្រ សង្គម ព្រលឹង វប្បធម៌ ដែល​រួម​បញ្ចូល​ទាំង​ដី ខ្យល់ ទឹក រុក្ខជាតិ សត្វ និង​ភាវរស់​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ចាត់​ទុក​ថា ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ នឹង​ជា​ឧបករណ៍​មួយ​សម្រាប់​បន្លាច​ដល់​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ លោក​ថា ទោះ​ជា​ពេល​នេះ​មិន​ទាន់​មាន​ច្បាប់ ប៉ុន្តែ​ថ្ងៃ​ក្រោយ ការ​បំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ នឹង​ត្រូវ​មាន​ទោស។ ច្បាប់​នេះ​ក៏​ជា​ការ​គិតគូរ​ចំពោះ​ការ​វិនិយោគ​នានា​ដែរ។

លោក សាយ សំអាល់ ថ្លែង​ថា កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ច្បាប់​នៅ​ពេល​នេះ គឺ​ជា​ការ​សម្អាត​សេចក្ដី​ព្រាង​នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ដាក់​ជូន​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​នៅ​ពេល​ខាង​មុខ៕

No comments: