Tuesday, 22 August 2017

លោក ហ៊ុន សែន ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី បើ​មិន​បង់​ពន្ធ


ដោយ យ៉ង ចាន់តារា
2017-08-22

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page



ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បើ​សិន​ជា​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ប្រកាន់​ជំហរ​មិន​បង់​ពន្ធ តាម​ការ​ទាមទារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទេ​នោះ។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ចាត់​ទុក​ចំណាត់ការ​លើ​ស្ថាប័ន​របស់​ខ្លួន​ថា​ជា​ចេតនា​នយោបាយ និង​ចង់​បិទ​កាសែត​មួយ​នេះ។



កំពុង​តែ​ឆ្លើយតប​នឹង​សំណួរ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ពី​រឿង​ការងារ​ការពារ​ធម្មជាតិ ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្រាប់​តែ​បាន​រំលេច​អំពី​រឿង​ការ​មិន​បង់​ពន្ធ​ចូល​រដ្ឋ។

លោក ហ៊ុន សែន បាន​ហៅ​ស្ថាប័ន​មួយ​ថា​ជា​មេ​ចោរ ដែល​មិន​បាន​បង់​ពន្ធ​ចូល​រដ្ឋ ១០​ឆ្នាំ ហើយ​ស្ថាប័ន​នោះ​ត្រូវ​តែ​បង់​ពន្ធ បើ​ពុំ​ដូច្នោះ​ទេ គឺ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស៖ «១០​ឆ្នាំ​គេ​គិត​តែ​រឿង​ច្បាប់​ពន្ធ​ទេ តែ​នេះ​តាំង​ពី​កើត​ចេញ​ជា​រូបរាង​មក មិន​ដែល​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ។ សូម​ទោស! ឥឡូវ​កំពុង​តែ​បង្វែរ​ទៅ​ជា​ផ្លូវ​នយោបាយ​ហើយ ខ្លួន​ឯង​ជា​មេ​ចោរ ហើយ​មក​បង្រៀន​គេ។ បើ​ចង់​នៅ​តទៅទៀត ត្រូវ​បង់​ពន្ធ​ឲ្យ​រដ្ឋ បើ​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ វេច​បង្វេច​ចាកចេញ​ទៅ»។

បើ​ទោះ​បី​ជា​មិន​និយាយ​ចំ​ឈ្មោះ​ថា​ជា​ស្ថាប័ន​ណា​ក៏ដោយ តែ​លោក ហ៊ុន សែន ទំនង​ជា​សំដៅ​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា បាន​ជំពាក់​ថ្លៃ​ពន្ធ​រយៈពេល ១០​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន​ដុល្លារ​អាមេរិក។

លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ។

ការ​ប្រតិកម្ម​ធ្ងន់ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចាត់​ទុក​ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ថា​ជា​ចេតនា​នយោបាយ​ចង់​បិទ​ស្ថាប័ន​របស់​ខ្លួន ដោយ​គ្រាន់​តែ​យក​លេស​រឿង​ជំពាក់​ថ្លៃ​ពន្ធ។

ម្ចាស់​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក (អ៊ីមែល) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចំណាត់ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​មក​លើ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺ​ប្រៀប​ដូចជា​ការ “ប្រហារ​ជីវិត​ជា​មុន សឹម​កាត់​ក្តី​តាម​ក្រោយ”។

អ្នកស្រី​បន្ត​ថា ការណ៍​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​សារព័ត៌មាន​នេះ​ថា​ជំពាក់​ថ្លៃ​ពន្ធ ៦​លាន ១​សែន​ដុល្លារ​នោះ គឺ​មិន​ឈរ​លើ​សច្ចភាព និង​មាន​ចេតនា​នយោបាយ​ចង់​បិទ​សារព័ត៌មាន​នេះ​ចោល​តែ​ម្តង។

អ្នកស្រី​លើក​ឡើង​ថា ភ្លាមៗ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង់​ពន្ធ ស្រាប់​តែ​សារព័ត៌មាន ហ្វ្រេសញូវ (Fresh News) ចុះ​ផ្សាយ​រឿង​កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ​ភ្លាម ទាំង​ដែល​ម្ចាស់​ខ្លួន​មិន​ដឹង​រឿង​នេះ​ផង។

អ្នកស្រី​អះអាង​ថា ការ​បែក​ធ្លាយ​ឯកសារ​ជា​សាធារណៈ​បែប​នេះ កើត​ឡើង​ពីរ​លើក​រួច​មក​ហើយ ដែល​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន ប៉ះពាល់​ដល់​ស្ថាប័ន​របស់​អ្នកស្រី។ អ្នកស្រី​អះអាង​ទៀត​ថា ខាង​អ្នកស្រី​មិន​ដែល​ទទួល​បាន​ការ​ធ្វើ​សវនកម្ម និង​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​តាម​នីតិវិធី​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ខាង​អ្នកស្រី​មិន​ដែល​ប្រកែក​មិន​ព្រម​ធ្វើ​សវនកម្ម​ម្តង​ណា​នោះ​ទេ។ បើ​មាន​គេ​ចង់​ធ្វើ​សវនកម្ម អ្នកស្រី​ច្បាស់​ជា​សហការ​ពេញ​ទំហឹង​តាំង​តែ​ពី​ដើម​ដំបូង​មក​ម្ល៉េះ។ ដូច្នេះ អ្នកស្រី​អះអាង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រឌិត​ទិន្នន័យ​ដែល​ថា​កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ ៦​លាន ១​សែន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​បូក​បន្ថែម​ប្រាក់​ពិន័យ​ផង និង​ការប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ផង រួច​ហើយ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ទៅ​មជ្ឈដ្ឋាន​សាធារណៈ។

អ្នកស្រី​សម្ដែង​ការ​សោកស្តាយ បើ​ស្ថាប័ន​នេះ​ត្រូវ​គេ​បិទ​មែន​នោះ វា​នឹង​ផ្តល់​នូវ​ភាព​ដ៏​សោកសៅ​មួយ​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

មឿន ឈានណារិទ្ធ ៨៥៥
សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១៤។ RFA Photo: RFA
ទាក់ទង​បញ្ហា​នេះ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់​ឃើញ​ថា ទាំង​កាសែត ឌឹ ខេមបូឌា ដេលី និង​អគ្គនាយកដ្ឋាន​ពន្ធដារ សុទ្ធតែ​មាន​កំហុស​ដូច​គ្នា។ លោក​ថា ក្នុង​នាម​ជា​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ ឌឹ ខេមបូឌា ដេលី គួរ​តែ​សិក្សា និង​អនុវត្ត​តាម​កាតព្វកិច្ច​បង់​ពន្ធ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ ចំណែក​ឯ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​វិញ គួរ​តែ​រំលឹក ឌឹ ខេមបូឌា ដេលី អំពី​រឿង​ការ​បង់​ពន្ធ​នេះ​តាំង​តែ​ពី​ដើម​ដំបូង មិន​មែន​ទុក​អូស​បន្លាយ​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទេ។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ធូរបន្ថយ​ពន្ធ​ចំពោះ ឌឹ ខេមបូឌា ដេលី តាម​រយៈ​ការ​ជួប​ចរចា​គ្នា៖ «កាលណា​មិន​បង់​ពន្ធ គឺ​ជា​ការ​ខាត​បង់​សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ ប៉ុន្តែ​អ្វី​ដែល​យើង​គិត​ថា​ជា​ការ​ខាត​បង់​ទៀត​នោះ គឺ​ខាត​បង់​ផ្នែក​វិស័យ​សារព័ត៌មាន។ សារព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើរ​តួនាទី​សំខាន់​ណាស់​ជា​អ្នក​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រសួង មន្ទីរ និង​មន្ត្រី​របស់​រដ្ឋាភិបាល មិន​ខុស​ពី​ក្រុមហ៊ុន​សវនកម្ម​ដែល​ផ្តល់​សេវា​ដោយ​មិន​យក​កម្រៃ​ទាល់​តែ​សោះ»។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱសានវាទ​ឲ្យ​ស្ថាប័ន ឌឹ ខេមបូឌា ដេលី សង​ថ្លៃ​ពន្ធ​ទាំងនោះ​ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ បើ​ផុត​ឱសានវាទ​ហើយ ឌឹ ខេមបូឌា ដេលី នៅ​តែ​មិន​ព្រម​បង់​ទេ​នោះ ស្ថាប័ន​នេះ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង។

លោក ដាហ្គ្លាស់ ស្ទាល (Douglas Steele) ស្វាមី​របស់​ម្ចាស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​នេះ​ថា បើ​លោក​នាយក​រដ្ឋមន្ត្រី​យក​លេស​នយោបាយ ដើម្បី​បិទ​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ជា​សារព័ត៌មាន​សេរី​នៅ​មុន​បោះឆ្នោត​បែប​នេះ គឺ​ជា​ការ​គួរ​ឲ្យ​ខក​ចិត្ត​ខ្លាំង​មែន​ទែន ដែល​អ្នក​នយោបាយ​ធ្វើ​ដូច្នេះ​កើត។

លោក ដាហ្គ្លាស់ ស្ទាល ស្នើ​ឲ្យ​លោក ហ៊ុន សែន កុំ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ដូច​អ្វី​ដែល​កើត​ឡើង​កាល​ពី ៥២​ឆ្នាំ​កន្លង​ទៅ ដែល​ពេល​នោះ មេ​ដឹកនាំ​កម្ពុជា ចង់​យក​លេស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក ដោយសារ​អត្ថបទ​សារព័ត៌មាន​របស់​អ្នក​កាសែត​អាមេរិកាំង​ម្នាក់ គឺ​ឪពុក​ក្មេក​របស់​លោក​ឈ្មោះ ប៊ើណាត គ្រីស័រ (Bernard Krisher)។ លោក ដាហ្គ្លាស់ ស្ទាល បញ្ជាក់​ថា កាសែត ឌឹ ខេមបូឌា ដេលី បាន​សាងសង់​សាលារៀន ៥៦១​ខ្នង​នៅ​កម្ពុជា និង​សង់​មន្ទីរពេទ្យ​ព្រះសីហនុ និង​ជួយ​បណ្ដុះបណ្ដាល​វិស័យ​សារព័ត៌មាន​សេរី។

លោក​បញ្ជាក់​ចុង​ក្រោយ​ថា បើ​លោក ហ៊ុន សែន ចង់​សរសេរ​ប្រវត្តិ​ផ្ទាល់​ខ្លួន សូម​កុំ​ភ្លេច​ទាក់ទង​គាត់៕

2 comments:

Anonymous said...

នេះជាលោក មិញង្វៀន [Minh Nguyen]!

Anonymous said...

Ah Kork Hun Sen, you are the one who needs to pack up and move to live with your Vietnamese friends and bosses in Hanoi.

You are very stupid, dumb, blind, and disgusted. You don't belong to Cambodia, but you belong to Vietnam.