28 សីហា 2017
កាន់ វិច្ឆិកា

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ឯតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។ (REUTERS)
ប្រធានស្តីទីគណបក្សអំណាចខ្មែរប្រកាសពីការដាក់ញត្តិទៅស្ថានទូតនានា និងពិចារណាធ្វើបាតុកម្មទាមទារយុត្តិធម៌ដល់អតីតប្រធានគណបក្សរបស់ខ្លួន។
ភ្នំពេញ —
គណបក្សអំណាចខ្មែរអាចនឹងរៀបចំធ្វើបាតុកម្ម ទាមទារយុត្តិធម៌ដល់អតីតប្រធានគណបក្សគឺលោក សួន សេរីរដ្ឋា ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន រឿងបញ្ជូនទ័ពទៅព្រំដែនកម្ពុជា-ឡាវ។ នេះបើតាមការលើកឡើងរបស់ប្រធានស្តីទីគណបក្សអំណាចខ្មែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការគណបក្សអំណាចខ្មែរ នាព្រឹកថ្ងៃចន្ទនេះ លោក សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរ លើកឡើងថា ការចាប់ខ្លួននិងកាត់ទោស លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ធ្វើឡើងដោយភាពអយុត្តិធម៌ និងស្ថិតក្រោមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបន្ថែមថា ទង្វើរបស់លោក សួន សេរីរដ្ឋា មិនបានធ្វើឲ្យមានផលប៉ះពាល់ណាមួយដល់សង្គម ដូចការចោទប្រកាន់នោះទេ បើធៀបទៅនឹងការព្រមានរបស់លោក ហ៊ុន សែន ថា ប្រទេសនឹងមានសង្គ្រាម ប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោត ការព្រមានរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថា នឹងវាយបំបាក់ធ្មេញអ្នកមិនទទួលស្គាល់លទ្ធផលឆ្នោត និងការគំរាមរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចថា វាយនឹងគល់ឫស្សីលើជនណាដែលតវ៉ាលទ្ធផលឆ្នោតក្នុងពេលខាងមុខជាដើម។
ប្រធានស្តីទីរូបនេះបន្ថែមថា គណបក្សអំណាចខ្មែរនឹងដាក់ញត្តិទៅតាមស្ថានទូតនានាឲ្យអស់លទ្ធភាព មុននឹងសម្រេចថា ធ្វើបាតុកម្មទាមទារឲ្យមានការផ្តល់យុត្តិធម៌ដល់លោក សួន សេរីរដ្ឋា។
លោក សួង សុភ័ណ្ឌ បញ្ជាក់ថា៖
«បើសិនជាអស់ជម្រើស ក្រោយអំពីការសមាជឲ្យបានជ្រើសរើសប្រធាន និងអនុប្រធានគណបក្សរួចហើយ យើងអាចឈានទៅចូលដល់ការគិតគូរពាក់ព័ន្ធនឹងបាតុកម្ម។ តែទោះបីជាយ៉ាងណាក៏ដោយ ដូចខ្ញុំជម្រាបអីចឹង យើងគោរពច្បាប់ យើងអនុវត្តច្បាប់។ យើងមិនចង់ធ្វើអ្វីដែលឲ្យស្ថានការណ៍សង្គមវាតានតឹងទេ ណាមួយជិតបោះឆ្នោតផង។ តែយើងមិនអាចមើលឃើញពីភាពអយុត្តិធម៌ចំពោះលោក សួន សេរីរដ្ឋាបានទេ»។
លោក បន្ថែមថា គណបក្សអំណាចខ្មែរនឹងធ្វើសមាជគណបក្សរបស់ខ្លួននៅថ្ងៃទី១០ខែកញ្ញាខាងមុខ ដើម្បីប្រកាសពីសមាសភាពប្រធាន អនុប្រធាន និងសមាជិកគណបក្សថ្មី បន្ទាប់ពីលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ កាលពីថ្ងៃទី២៥ ខែសីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ពាក់ព័ន្ធនឹងបទល្មើសប្រមាថកងទ័ព។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានច្រានចោលការលើកឡើងរបស់លោក សួង សុភ័ណ្ឌ ដែលថា ការកាត់ទោសលោកសួន សេរីរដ្ឋា គឺជាការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបន្ថែមថា ករណីរបស់លោក សួន សេរីរដ្ឋាគឺជា បទល្មើសដែលប្រព្រឹត្តឡើងជាក់ស្តែង ដូច្នេះលោកថា លោកនាយករដ្ឋមន្រ្តីមានតួនាទីរក្សាសន្តិភាពក្នុងប្រទេស។

រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA Khmer អំពីលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ អណត្តិទី៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
លោក សុខ ឥសាន មានប្រសាសន៍ថា៖
«គាត់លើកឡើងក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលដែលទទួលខុសត្រូវនូវការរក្សាសន្តិភាព ស្ថិរភាព នយោបាយរបស់ប្រទេស។ ហើយបើមានជនណាមួយដែលល្មើសច្បាប់ ហើយពាក់ព័ន្ធ និងមានឥទ្ធិពលទៅដល់សន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេស សម្តេចចាំបាច់ត្រូវមានមតិហ្នឹងហើយ។ ក៏ប៉ុន្តែមតិហ្នឹងមិនមែនជាការបង្គាប់បញ្ជាទៅស្ថាប័នតុលាការទេ។ ក្នុងករណីដែលមានបទល្មើសព្រហ្មទណ្ឌជាក់ស្តែង សមត្ថកិច្ចគេអាចចាត់វិធានការភ្លាម»។
ស្របគ្នានោះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា ច្បាប់មិនមានចែងពីការធ្វើបាតុកម្មទាមទារឲ្យដោះលែងមនុស្សនោះទេ ដូច្នេះលោកថា ការធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក សួន សេរីរដ្ឋា ដែលត្រូវបានតុលាការកាត់ទោស គឺជាបាតុកម្មដែលផ្ទុយនឹងច្បាប់។ លោកបន្ថែមថា ក្រសួងមានសមត្ថកិច្ចនឹងអនុវត្តទៅតាមច្បាប់ ប្រសិនជាមានការធ្វើបាតុកម្មណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។

រូបឯកសារ៖ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត៌៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោក ខៀវ សុភ័គ បញ្ជាក់ថា៖
«ក្រសួងអនុវត្តច្បាប់ បើអ្នកឯងធ្វើខុសច្បាប់ យកច្បាប់ទៅបន្សាបវិញទៅ ចប់! ហើយច្បាប់អត់មានអីទេ មានតែគុក។ បញ្ជូនទៅតុលាការទៀតទៅ!»
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ក្រោយពេលដែលលោករិះគន់ថា ករណីបញ្ជូនទ័ពទៅព្រំដែនកម្ពុជា-ឡាវអាចធ្វើឲ្យកងទ័ពរងគ្រោះ ចំណែកអ្នកបានផលគឺ មន្ត្រីថ្នាក់លើ។ លោកត្រូវបានតុលាការចោទប្រកាន់ ចំនួន៣បទល្មើសគឺ ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ បទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្រោយការឃាត់ខ្លួន ប្រធានគណបក្សដែលមានសញ្ជាតិខ្មែរ-អាមេរិកាំងរូបនេះបានធ្វើលិខិតលាលែងពីតំណែងជាប្រធានគណបក្ស ជៀសវាងការរំលាយគណបក្សនេះក្រោមច្បាប់ស្តីពីគណបក្សនយោបាយដែលហាមមិនឲ្យមេដឹកនាំគណបក្សមានទោស៕
1 comment:
By looking at the 2017 SEA game, we can see that Ah Kwack Hun Sen's government is so weak. It even stands far behind LAO.
It is time for you to go to hell Ah Roleuy Hun Sen !!
By just hearing your Hun Sen name, Khmer are so furious, thus harming their health and shortening their life span.
Post a Comment