ដោយ វ៉ា សំណព្វ 30/08/2017 30/08/2017

អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
@RFI
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងនៅថ្ងៃនេះថា ក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេតទៅលើគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងប្រភពថវិការរបស់គណបក្សប្រឆាំងមកពីក្រៅប្រទេស។ បន្ថែមលើនេះ ក្រសួងក៏នឹងស៊ើបអង្កេតផងដែរ ពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងបានច្រានចោលពីផែនការធ្វើបដិវត្តន៍ពណ៌ និងបានចាត់ទុកថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ គឺជាចេតនានយោបាយ។
ការប្រកាសពីការស៊ើបអង្កេតទៅលើប្រភពថវិការរបស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកឈ្មោះ Fresh News បានចុះផ្សាយជាបន្តបន្ទាប់ ពីទំនាក់ទំនងរបស់ក្រុមគ្រួសារលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាមួយជនបរទេស ដែលសារព័ត៌មានក្នុងស្រុកនេះបានអះអាងថា គឺជាចារកម្មបរទេសបង្កប់នៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា អាជ្ញាធរកម្ពុជាមិនអាចព្រងើយកន្តើយ ចំពោះព័ត៌មានបែកធ្លាយនេះទេ។
បើតាមលោក ខៀវ សុភ័គ អាជ្ញាធរក្រសួងមហាផ្ទៃនឹងស៊ើបអង្កេតទៅលើប្រភពថវិការរបស់គណបក្សសង្គ្រោះជាតិ ថាតើគណបក្សនេះ បានទទួលថវិការមកពីណាខ្លះ ដើម្បីដំណើរគណបក្សនេះ។ តើពួកគេមានទទួលថវិការពីជនបរទេស ពីអង្គការក្រៅរដ្ឋាភិបាលបរទេស ឬពីរដ្ឋាភិបាលបរទេសណាមួយឬទេ? ហើយប្រសិនបើ ការស៊ើបអង្កេតរកឃើញថា គណបក្សសង្គ្រោះជាតិមានកំហុសមែន នោះគណបក្សប្រឆាំងដ៏ធំមួយនេះ នឹងត្រូវប្រឈមមុខនឹងការរំលាយចោលតែម្តង។ នេះបើតាមការបញ្ជាក់ពីលោក ខៀវ សុភ័គ ដោយយោងទៅលើ ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មចំនួនពីរលើករួចមក។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានច្រានចោលចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកថា នេះគឺជាការលាបពណ៌មកលើគណបក្សប្រឆាំងក្នុងចេតនានយោបាយ។ គណបក្សប្រឆាំង បានអនុវត្តត្រឹមត្រូវតាមច្បាប់ និងដោយសន្តិវិធី។ បើតាមលោក យឹម សុវណ្ណ ប្រភពថវិការបស់គណបក្សសង្គ្រោះជាតិ គឺភាគច្រើនបានមកតែពីសមាជិក និងអ្នកគាំទ្រទាំងនៅក្នុងស្រុក និងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណោះ។ លោក យឹម សុវណ្ណ ក៏បានបដិសេធថា គណបក្សសង្គ្រោះជាតិ មិនមានជាប់ពាក់ព័ន្ធនឹងជំនួយពីបរទេសនោះទេ។
គួរជំរាបជូនថា ការប្រកាសពីការស៊ើបអង្កេតទៅលើលំហូថវិការរបស់គណបក្សសង្គ្រោះជាតិនេះ គឺស្របពេលដែលក្រសួងមហាផ្ទៃដដែលនេះ ក៏បានប្រកាសពីការស៊ើបអង្កេតទៅលើបណ្តាញរបស់គណបក្សសង្គ្រោះជាតិ ពីបទប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ហើយជាអ្វីដែលអ្នកវិភាគមួយរូបចាត់ទុកថា គឺជាចំណាត់ការដើម្បីបោសសំអាតឧបសគ្គរាំងផ្លូវរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ៕
No comments:
Post a Comment