Wednesday, 23 August 2017

លោក ហ៊ុន សែន រំលឹក​ថ្នាក់​ដឹកនាំ​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ការពារ​ធនធាន​ធម្មជាតិ


ដោយ ដែន អយុធ្យា
2017-08-22

ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ឈ្មួញ​ចាក់​ដី​លុប។ រូបថត​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។
ព្រៃ​កោងកាង ឬ​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ឈ្មួញ​ចាក់​ដី​លុប។ រូបថត​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។
RFA/Den Ayuthyea


ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល បាន​រំលឹក​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ការពារ​តំបន់​ឆ្នេរ​សមុទ្រ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​គង់វង្ស ប្រយោជន៍​ដើម្បី​ទប់ស្កាត់​មហិច្ឆតា​រំលោភ​កាន់​កាប់​របស់​បុគ្គល​មាន​អំណាច​មួយ​ចំនួន។



ការ​ប្រកាស​ព្រមាន​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​វេទិកា​ស្ដីពី​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា។

ប្រមុខ​ដឹកនាំ​បាន​លើក​ឡើង​បែប​នេះ គឺ​ចង់​សំដៅ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ត្រូវ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នានា មាន​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ​ខុស​ច្បាប់ ពិសេស​ត្រូវ​រក្សា​តំបន់​ឆ្នេរ​សមុទ្រ និង​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​នានា​នៅ​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ឲ្យ​បាន​គង់វង្ស និង​សម​ជា​ឆ្នេរ​ស្អាត​លំដាប់​ពិភពលោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង និង​ថ្នាក់​ដឹកនាំ​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង ត្រូវ​ពង្រឹង​ការ​ការពារ​ធនធាន​ធម្មជាតិ ឬ​ទប់ស្កាត់​បទល្មើស​ព្រៃ​កោងកាង និង​បទល្មើស​នេសាទ​ខុស​ច្បាប់ ពិសេស​ត្រូវ​ការពារ​ឆ្នេរ​សមុទ្រ​ដែល​ជា​តារា​រះ​នា​ទិស​និរតី​ឲ្យ​បាន​គង់វង្ស និង​ស័ក្តិសម​ការ​ប្រសិទ្ធិនាម៖ «»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ដូច្នេះ គឺ​ជា​ការ​ឆ្លើយតប​សំណូមពរ និង​ការ​ព្រួយ​បារម្ភ​របស់​តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​នេះ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម មាន​ប្រសាសន៍​ថា កន្លង​ទៅ ធនធាន​ធម្មជាតិ​មាន​ដី​ព្រៃ​កោងកាង និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​ឃុបឃិត​ជាមួយ​មន្ត្រី​នៅ​តាម​មន្ទីរ​ជំនាញ​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​នេះ បាន​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ហ៊ាន​ទប់ស្កាត់​ទេ។ ជាក់ស្តែង ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ដី​ព្រៃ​កោងកាង​មាន​ទីតាំង​នៅ​ក្រុង​ព្រះសីហនុ នៅ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ជាដើម ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មួយ​ចំនួន​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ ហើយ​ថែម​ទាំង​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ចេញ​ដោយ​ស្ថាប័ន​ជំនាញ​ថែម​ទៀត​ផង៖ «»។

ឆ្លើយតប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នឹង​ខិតខំ​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នានា​ដែល​មាន​នៅ​មូលដ្ឋាន​នេះ ឲ្យ​ស្រប​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រមុខ​ដឹកនាំ ដោយ​ធានា​ការពារ​មិន​ឲ្យ​មាន​អ្នក​រំលោភ​បំពាន​ខុស​ច្បាប់​ទៀត​ទេ។ លោក​បន្ត​ថា កន្លង​ទៅ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ការពារ​ធនធាន​ធម្មជាតិ និង​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​សមុទ្រ​ជាដើម​មាន​ដំណើរការ​ល្អ៖ «»។

ទាក់ទិន​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន បាន​ស្វាគមន៍​ចំពោះ​យន្តការ​ការពារ​ធនធាន​ធម្មជាតិ និង​ការ​រក​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ពេល​នេះ។ ទន្ទឹម​គ្នា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​ទាំងនោះ ក៏​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​តាមដាន​ទៅ​លើ​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​នៅ​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ថា​តើ​បាន​ចុះ​អនុវត្ត​ការងារ​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃ​កោងកាង និង​ដី​ចំណី​ឆ្នេរ​សមុទ្រ ជាដើម មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ ព្រោះ​តាម​ការ​កត់​សម្គាល់​កន្លង​ទៅ ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ កន្លង​ទៅ ដី​ចំណី​ឆ្នេរ​សមុទ្រ ដី​ព្រៃ​កោងកាង និង​ដី​បឹង​អូរ​ធម្មជាតិ​ជាដើម មាន​ទីតាំង​នៅ​តាម​តំបន់​មួយ​ចំនួន​នា​ស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ និង​ក្រុង​ព្រះសីហនុ ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ឯកជន ហើយ​ថា​សកម្មភាព​ដឹក​ដី​លុប​ព្រៃ​កោងកាង និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ កន្លង​ទៅ គឺ​បាន​បំផ្លាញ​ដល់​ព្រៃ​កោងកាង​ដែល​ជា​ជម្រក​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​បន្ត​ពូជ និង​បំផ្លាញ​ជីវចម្រុះ​បាត​សមុទ្រ​មាន​ផ្កា​ថ្ម ជាដើម។

យ៉ាងនេះ​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ ត្រូវ​ពង្រឹង​ទៅ​លើ​ការងារ​ការពារ​ជីវចម្រុះ ធនធាន​ធម្មជាតិ​នានា និង​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​សមុទ្រ ឬ​ដី​ចំណី​ឆ្នេរ​សមុទ្រ ជាដើម ដើម្បី​អភិរក្ស និង​រក្សា​ឲ្យ​បាន​គង់វង្ស៕

No comments: